ភ្នំពេញ ៖ ក្រោយកើតមានភាពចម្រូងចម្រាស រវាងស្ថាប័ន Miss Grand Cambodia និង Miss Grand International ដែលដកហូតសិទ្ធិកម្ពុជា ជាម្ចាស់ផ្ទះរៀបចំការប្រកួត Miss Grand International 2024 មក បេក្ខភាពកញ្ញាឯក Miss Grand កម្ពុជា កញ្ញា ប៊ី សុធារី បានប្រកាសដកខ្លួនចេញពីការប្រកួត Miss Grand International (MGI) និងបានចេញមកទម្លាយរឿងរ៉ាវមួយចំនួន ដែលនាងបានជួបផ្ទាល់ ដែលបញ្ជាក់ថា ប្រធានស្ថាប័ន Miss Grand International ដែលជាជនជាតិថៃ មើលងាយម្ចាស់ផ្ទះកម្ពុជា ដែលជាហេតុនាំឲ្យកម្ពុជា មិនអាចបន្តសហការជាមួយបាន។
ថ្លែងតាមវីដេអូ បង្ហោះតាមទំព័រហ្វេសប៊ុក Miss Grand Cambodia កាលពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ កញ្ញាប៊ី សុធារី ជ័យលាភី Miss Grand Cambodia ២០២៤ និងជាបេក្ខភាព Miss Grand International 2024 ដែលបានប្រកាសដកខ្លួនចេញពីការប្រកួត បានលើកឡើងថា “រឿងយប់មិញដែលកើតឡើងនៅលើទូក គឺខ្ញុំជាអ្នកនៅហ្នឹងផ្ទាល់ បងលក្ខណ៍ ក៏នៅដែរ នៅលើទូក អ្នកដែលខ្ញុំឃើញ គឺមានលីន ជាមួយនឹងបងលក្ខណ៍ ដែលគាត់នៅចាំចាត់ចែង service ក្រូច ជាមួយនឹងសណ្តែកដីហ្នឹង ដោយសារអី គ្រាន់តែឡើងទូកភ្លាម ទារចេញទៅហ្មង ហើយនៅលើទូកហ្នឹង អត់មានអីញ៉ាំទេ អ៊ីចឹងបេក្ខភាពផ្សេងទៀត គាត់សួរខ្ញុំដែរថា អត់មានអីញ៉ាំអ៊ីចឹង? អត់មានទឹកផឹកអ៊ីចឹង? ខ្ញុំថា ខ្ញុំអត់ដឹងទេ ព្រោះខ្ញុំក៏អត់ដឹងថា ការរៀបចំវាបែបម៉េចដែរ ព្រោះអីយើងជាបេក្ខភាពដូចគ្នា យើងអត់អាចទៅសួរខាងក្រុមហ៊ុនយើង ថាថ្ងៃហ្នឹងគេរៀបអី កាលវិភាគម៉េច គឺអត់មើល គឺមើលតែ Group Line ទេ អ៊ីចឹងដល់ពេលខ្ញុំឡើងទៅ ខ្ញុំស្រងាកចិត្តដែរថា អ្នកណាគេរៀបចំ? ខ្ញុំខលទៅ វណ្ឌី ថាម៉េចបានត្រូវរៀបចំទូកបែបហ្នឹងឱ្យបេក្ខភាព ដែលមកពី៧៥ប្រទេស ចូលរួមអ៊ីចឹង វណ្ឌី ក៏ថា អត់ទាន់ឡើងទូកទេ ខ្ញុំថាអ៊ីចឹងអត់អីទេ ចាំឡើងមកចាំនិយាយគ្នា តែអត់ឃើញវណ្ឌី មក ក៏ឃើញបងលក្ខណ៍ និងដាលីន មក ក៏ប្រាប់ថា បងប៊ី មិនមែនទូកហ្នឹងទេ គឺទូកផ្សេងទេ ហើយគាត់បើករូបឱ្យពួកខ្ញុំមើលទៀត»។
កញ្ញាប៊ី សុធារី បន្តថា «ពេលហ្នឹងខ្ញុំក៏អត់មាត់ ខ្ញុំអង្គុយស្ងាត់សិន ខ្ញុំចាំមើលសភាពការណ៍បន្តទៀតថា មានរឿងអីកើតឡើង? អង្គុយយូរៗទៅ បេក្ខភាពដទៃទៀតមកនិយាយជាមួយខ្ញុំ ខ្ញុំក៏និយាយប្រាប់គាត់ថា នេះមិនមែនជាទូកដែលយើងទៅ Party ទេ ខាងអ្នករៀបចំ បានរៀបចំទូកផ្សេងទៀត មានអាហារគ្រប់គ្រាន់ ដែលអាចទទួលឱ្យបេក្ខភាពគ្រប់គ្នា ហូបចុកបានយ៉ាងសប្បាយ តែខ្ញុំក៏មិនដឹងថា ហេតុអីបានជាគេផ្លាស់ប្តូរគម្រោង ហើយឱ្យយើងមកចុះទូកហ្នឹងទេ ខ្ញុំក៏ប្រាប់គាត់តាមហ្នឹង ពួកគាត់ក៏និយាយថា វាមិនអីទេ គេច្បាស់ជាមានហេតុផលរបស់គេ។ លុះនិយាយគ្នារួចហើយ ក៏ចុះពីទូកវិញ គេក៏ថាគេទៅញ៉ាំអាហារពេលល្ងាច dinner កន្លែងផ្សេង អ៊ីចឹងខ្ញុំក៏ប្រាប់គាត់ទៅថា ទៅ dinner កន្លែងផ្សេង តែខ្ញុំអត់ដឹងថានៅកន្លែងណាទេ ក៏ទៅដល់កន្លែង Sushi ពេលដែលយើងទាំងអស់គ្នាចុះទៅហ្នឹង អីដែលជាសភាពដែលយើងឃើញផ្ទាល់ភ្នែកហ្មង គឺអ្នករត់តុនៅហ្នឹងហ្មង និងក្រុមការងារខ្មែរយើង គឺរត់ឆ្វាត់ឆ្វែងឡើងពេញហ្នឹង ដើម្បី service ហើយអ្វីដែលខ្ញុំឃើញមុនគេ ពេលដែលបេក្ខភាពចូលដល់តុហើយ ពេលដែលថៃ មកដល់ គឺបានរុញពួកហ្នឹងចូលតុទាំងអស់ ក្រុមការងារខាងថៃ គាត់ឱ្យអង្គុយទាំងអស់។ ចំណែកក្រុម ការងារខ្មែរ service គេ ដូចកញ្ជះដាច់ថ្លៃអ៊ីចឹង ហើយអីដែលស្រងាកចិត្តបំផុត អីដែលខ្ញុំងាកមកហើយ ខ្ញុំក្តុកក្តួលខ្លាំងហ្មងនោះ ធម្មតាហាងមានទ្វារកញ្ចក់ ហើយគេក៏ដាក់កៅអីសាគួរ សម្រាប់អ្នកដែលគេមកអត់ទាន់មានតុអង្គុយទេ គេដាក់កៅអីអង្គុយចាំ ហើយពួកខ្ញុំអង្គុយបែរខ្នងអត់បាន ចាប់អារម្មណ៍ទេ តែដល់ពេលខ្ញុំងាកមកក្រោយ ពេលដែលម្ហូបដាក់ពេញតុ មានអ្នកញ៉ាំហើយ បានឆ្អែតខ្លះហើយ អ៊ីចឹងក្រុមការងារក៏បានសម្រាកខ្លះ ងាកទៅឃើញក្រុមការងារខ្មែរ អង្គុយតម្រៀបជួរគ្នា ហើយត្រូវតែបែរមុខចូលមកមើលយើងហ្មង ទាំងដែលគេកំពុងអង្គុយញ៉ាំ តែក្រុមការងារខ្មែរ បែរមកអង្គុយមើល គេឱ្យយើងទទួលអារម្មណ៍ថា ដូចយើងកញ្ជះអ៊ីចឹងយល់អត់? យើងអត់មានតម្លៃក្នុងភ្នែកគេហ្មង ខ្ញុំស្រងាកចិត្តខ្លាំងមែនទែន…”។
កញ្ញាប៊ី សុធារី បានបន្តថា “អ្វីដែលខ្ញុំបានធ្វើ ក្នុងអំឡុងពេលប្រកួតរយៈពេលប៉ុន្មានថ្ងៃហ្នឹង គឺខ្ញុំបានធ្វើអស់ពីសមត្ថភាពខ្ញុំហើយ ក្នុងនាមជាម្ចាស់ផ្ទះមួយ ក្នុងនាមជាអ្នកដែលរៀបចំកម្មវិធីនៅស្រុកខ្មែរយើង ព្រោះ mommy (លោកស្រី អ៊ឹម សុគន្ធា) គាត់អត់បានមកជាប់លាប់ជាមួយបេក្ខភាពរហូតទេ មានតែខ្ញុំ អ៊ីចឹងអីដែលពួកគាត់ (បេក្ខភាពទាំង៧៥ប្រទេស) ទទួលបាន គឺភាពកក់ក្តៅខ្លាំង នៅពេលដែលយើងទទួល ក្នុងនាមយើងជាម្ចាស់ផ្ទះ គាត់មានអារម្មណ៍ថាពួកយើងស្វាគមន៍គាត់បានល្អ ជាពិសេសគឺក្រុមការងារ គឺពួកគាត់សរសើរហ្មងថា ក្រុមការងារយើង គោរពទៅកាន់ពួកគាត់គ្រប់គ្នា ហើយអ្វីដែលសំខាន់ ពួកគាត់និយាយថា ខ្មែរយើង ជាប្រទេសមួយដែលមានប្រជាជនចិត្តល្អ ហើយញញឹមដាក់គាត់រហូត អាហ្នឹងជាអី ដែលខ្ញុំទទួលបានពីពួកគាត់មកវិញ។ អ៊ីចឹងទោះបីជាយើងអត់បានធ្វើជាម្ចាស់ផ្ទះទៀត យើងបាន cancel ហើយ យើងលែងទៅប្រកួតហើយ ក៏ខ្ញុំនៅតែសប្បាយចិត្តដែរ ព្រោះរឿងអស់ហ្នឹងវានឹងនៅជាមួយយើងរហូត វាអត់អាចផ្លាស់ប្តូរបានទេ ហើយគ្រប់ការដែលគេនិយាយបំភ្លៃបំផ្លើសពីយើង វាគ្រាន់តែជាការនិយាយទេ អ៊ីចឹងសម្រាប់អ្នកដែលនិយាយបំផ្លើស វាមានរឿង២យ៉ាង ទី១-យើងនិយាយទៅលើអប្បិយជំនឿ ខ្ញុំតែងតែជឿថាធ្វើល្អ បានល្អ ធ្វើអាក្រក់ បានអាក្រក់ ហើយកម្មពៀរ អត់ចាំជាតិក្រោយទេ ទេវតា នឹងបរាមុខអ្នកឯង អាហ្នឹងរឿងទី១។ ទី២-តាមផ្លូវច្បាប់ យើងមានភ័ស្តុតាងច្រើន ដែលយើងមាននៅក្នុងដៃ អ៊ីចឹងឱ្យគេនិយាយទៅ ព្រោះយើងពិតជាអត់បានធ្វើដូចអីដែលគេនិយាយទេ ហើយខ្ញុំអ្នកនៅហ្នឹង ប្រកួតផ្ទាល់ គឺខ្ញុំឃើញជាក់ស្តែងថា មានរឿងអីកើតឡើងខ្លះ ហើយខ្ញុំឃើញយប់មិញ គេអូសដៃបងមួយទំហឹងចូលហាង វីដេអូហ្នឹងខ្ញុំអត់ដឹងថាអ្នកណា ឬហ្វេនដែលគេឃើញ គេថតទៅ គឺជាប់សកម្មភាពហ្នឹង អ៊ីចឹងវាជាក់ស្តែង វាពិតជាមានមែន អ៊ីចឹងយើងធ្វើល្អ យើងអត់មានរឿងអីត្រូវខ្លាចទេ…”។
កញ្ញាប៊ី សុធារី បានបន្តទៀតថា “ខ្ញុំទទួលស្គាល់ថា Miss Grand International គឺជាកម្មវិធីមួយដែលល្បី មានអ្នកមើលច្រើន យើងអាចប្រម៉ូតប្រទេសកម្ពុជាយើង តាមរយៈកម្មវិធីហ្នឹងបានច្រើន អ៊ីចឹងក៏អរគុណដែរ ដែលឱ្យឱកាសយើងប៉ុន្មានថ្ងៃហ្នឹង ហើយគាត់បង្កើតរឿងអស់ហ្នឹងឡើងមក ធ្វើឱ្យប្រទេសខ្មែរយើង កាន់តែល្បី ទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំជឿជាក់ថា នៅលើពិភពលោក គេមានភ្នែកមើលដូចគ្នា ថាអីល្អ អីអាក្រក់? អីជាការពិត អីជាក្លែងក្លាយ? អ៊ីចឹងនៅពេលដែលយើងនិយាយលាតត្រដាងការពិតឡើងមក ខ្ញុំជឿថា គេនឹងយល់ ហើយ យើងមានហ្វេនវៀតណាម ច្រើន ដែលពួកគាត់គាំទ្រ ហើយគាត់ឃើញថា អីដែលជារឿងពិត អីជារឿងមិនពិត ហើយខ្ញុំអត់ខ្លាចទេ ខ្ញុំអត់បានទៅប្រកួតតទៀតទេ អ៊ីចឹងរឿងអីដែលជាការពិត ខ្ញុំនិយាយចេញឱ្យអស់…”។
គួរបញ្ជាក់ថា រឿងរ៉ាវដែលកើតឡើងរវាងស្ថាប័ន Miss Grand Cambodia និង Miss Grand International កំពុងក្លាយជាប្រធាន បទយ៉ាងក្តៅគគុក និងត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយពី Miss Grand International បានប្រកាសដកកម្ពុជា ចេញពីម្ចាស់ផ្ទះរៀបចំកម្មវិធី Miss Grand International ២០២៤ នៅប្រទេសកម្ពុជា ដោយចោទថា ស្ថាប័នម្ចាស់ផ្ទះ មិនអាចបំពេញតម្រូវការដូចមានចែងក្នុងកិច្ចសន្យា នៃកិច្ចព្រមព្រៀងនៃការធ្វើជាម្ចាស់ផ្ទះ។ លើសពីនេះ ពួកគេថា អ្នករៀបចំកម្មវិធីនៅកម្ពុជា មិនអាចផ្តល់សេវាកម្មដែលស្របតាមស្តង់ដាររបស់ស្ថាប័ន Miss Grand International បានទេ។
ភ្លាមៗបន្ទាប់ពី Miss Grand International ចេញសេចក្តីប្រកាស ខាងកម្ពុជា ក៏បានប្រកាសថា Miss Grand Cambodia នឹងមិនបន្តអាជ្ញាប័ណ្ណជាមួយ Miss Grand International ទៀតនោះទេ ដោយសារតែស្ថាប័ននេះ មិនគោរពកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ និងមិនសហការជាមួយភាគីកម្ពុជា។
ជុំវិញបញ្ហានេះអ្នកគាំទ្របានសម្តែងនូវការអាណិតជាខ្លាំងចំពោះបវរកញ្ញាកម្ពុជា គឺកញ្ញា ប៊ី សុធារី ដែលត្រូវតំណាងកម្ពុជា ប្រកួត Miss Grand International នៅក្នុងឆ្នាំនេះ ប៉ុន្តែបន្ទាប់ពីផ្ទុះរឿងថ្មីៗនេះ ស្រាប់តែកញ្ញា ប៊ី សុធារី បានប្រកាសថា នាងនឹងមិនធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីបន្តការប្រកួតនោះទេ។
កញ្ញា ប៊ី សុធារី បានបញ្ជាក់ថា នាងនឹងមិនធ្វើដំណើរទៅកាន់ប្រទេសថៃ រួមជាមួយបវរកញ្ញាដទៃ ដើម្បីបន្តការប្រកួត Miss Grand International ២០២៤ នោះទេ មូលហេតុដោយសារតែ បញ្ហាដែលកើតឡើងរវាង Miss Grand Cambodia និង Miss Grand International។ កញ្ញា ប៊ី សុធារី បានបញ្ជាក់ថា មានរឿងជាច្រើនកើត ឡើងនៅពីក្រោយបញ្ហាទាំងនោះ។ ក្នុងនាមកញ្ញាឯកកម្ពុជា ប៊ី សុធារី បានសម្តែងនូវការខកចិត្តជាខ្លាំងចំពោះអ្វីដែល Miss Grand International បានធ្វើមកលើកម្ពុជា ខណៈដែលនាងថា កម្ពុជា បានព្យាយាមអស់ពីសម ត្ថភាពហើយ ដើម្បីស្វាគមន៍និងបម្រើរដល់បវរកញ្ញាទាំងអស់ ឱ្យអស់ពីលទ្ធភាព។ កញ្ញា សង្ឃឹមថា បវរកញ្ញាទាំងអស់ នឹងមើលឃើញពីអ្វីដែលកម្ពុជា បានខិតខំប្រឹងសម្រាប់រឿងនេះ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្រោយពីកញ្ញា ប៊ី សុធារី ប្រកាសមិនបន្តចូលរួមប្រកួត Miss Grand International នៅប្រទេសថៃ ឃើញថា មានបវរកញ្ញាជាច្រើន បានបង្ហាញការសោកស្តាយ និងលើកទឹកចិត្ត ទៅកាន់ ប៊ី សុធារី គ្រប់ៗគ្នាផងដែរ។
គួររំលឹកថា លោកណាក់វ៉ាត់ ឥស្សរក្រៃស៊ីន ស្ថាបនិក Miss Grand International (MGI) ដែលជាកម្មវិធីប្រឡងកញ្ញាឯកអន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសថៃ បានប្រកាសដកសិទ្ធិកម្ពុជា ជាម្ចាស់ផ្ទះរៀបចំការប្រកួត Miss Grand International 2024 កាលពីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ដោយចោទថា កម្ពុជា មិនមានសមត្ថភាពក្នុងការរៀបចំកម្មវិធីឱ្យស្របទៅតាមស្តង់ដារ នៃកម្មវិធីដែលបានកំណត់។
ជាការឆ្លើយតប លោកស្រី អ៊ឹម សុគន្ធា អ្នករៀបចំកម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា (Miss Grand Cambodia) ដែលបានទិញសិទ្ធិរៀបចំកម្មវិធី Miss Grand International 2024 បានចេញមុខបំភ្លឺភ្លាមៗ នៅយប់ថ្ងៃដដែល ដោយលោកស្រីបានថ្លែងថា លោកណាក់វ៉ាត់ ឥស្សរក្រៃស៊ីន ស្ថាបនិក Miss Grand International មិនឱ្យតម្លៃ និងមើលងាយលោកស្រី និងក្រុមការងាររៀបចំរបស់កម្ពុជា។
លោកស្រីអ៊ឹម សុគន្ធា បានបង្ហោះវីដេអូផ្សាយផ្ទាល់ (Live) តាមទំព័រហ្វេសប៊ុក Miss Grand Cambodia ធ្វើការបកស្រាយបំភ្លឺ ដោយសម្តែងការមិនពេញចិត្ត និងបញ្ជាក់ថា មូលហេតុដែលកម្ពុជា មិនអាចបន្តកម្មវិធីនេះបាន គឺមានរឿងច្រើន ជាពិសេសគឺការរងសម្ពាធយ៉ាងខ្លាំងពីលោកណាក់វ៉ាត់ ឥស្សរក្រៃស៊ីន ស្ថាបនិក Miss Grand International។
លោកស្រីអ៊ឹម សុគន្ធា បានសម្តែងការសោកស្តាយជាខ្លាំង ចំពោះទង្វើរបស់ថ្នាក់ដឹកនាំ MGI (Miss Grand International) ដែលបានដាក់សម្ពាធមកលើក្រុមការងាររបស់លោកស្រី ផ្ទុយនឹងកិច្ចសន្យា។
លោកស្រី អ៊ឹម សុគន្ធា បានបញ្ជាក់ថា “មកពីគេមើលងាយយើងខ្លាំងពេក ទើបទប់មិនជាប់ ក៏កើតមានរឿងនេះឡើង ព្រោះគាត់មើលងាយមកលើកម្ពុជាយើងខ្លាំងណាស់ ពោលគឺចាប់តាំងពីដំបូងមកម៉្លេះ។ សម្រាប់ក្រុម ការងារអ្នករៀបចំ MGI 2024 នៅលើទឹកដីកម្ពុជា គឺម្នាក់ៗបានខិតខំប្រឹងប្រែងធ្វើអស់ពីកម្លាំងកាយចិត្ត ទៅតាមការទាមទារគ្រប់ពេល ទោះបីពិបាកយ៉ាងណាក៏ដោយ…”៕ ដារិទ្ធ