ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នង ការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ធ្វើការឃាត់ខ្លួន ក្រោយទទួលពាក្យបណ្តឹងពីនាយកប្រតិបត្តិសាខាកាកបាទ ក្រហមខេត្តពោធិ៍សាត់ ប្តឹងពីករណីឆបោក បញ្ជាឱ្យ ចែកលុយ និងសម្ភារៈដល់គ្រួសារក្រីក្រ ចំនួន៤គ្រួសារ ដោយអះអាងថា ជាលោកសេង ទៀង ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឈឿន ឈុនន្នី ហៅញ័រ ភេទប្រុស អាយុ២៦ឆ្នាំ មាន មុខរបរជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអិលធីអាយ មានលំនៅ ភូមិសូរិយាលើ សង្កាត់រលាប ក្រុងពោធិ៍សាត់។លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងនគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល ខេត្តពោធិ៍សាត់ បានទទួលពាក្យបណ្តឹងពីឈ្មោះវ៉ាន់ ហ៊ាង ហៅតក ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ មានតួនាទីជានាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។
ក្នុងពាក្យបណ្តឹង លោកវ៉ាន់ ហ៊ាង បានប្តឹងទៅលើជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានប្រើប្រាស់លេខទូរស័ព្ទ (០៨៥ ៩៣២ ៧៨១) ឆបោកឱ្យចែកលុយនិងសម្ភារៈមួយចំនួន ដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៤គ្រួសារ ដោយអះអាងថា ខ្លួនជាលោក សេង ទៀង ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ហើយបានបញ្ជាឱ្យយកអំណោយកាកបាទក្រហម ទៅចែកជូនប្រជាពលរដ្ឋ ចំនួន៤គ្រួសារ ក្នុងភូមិលាវ សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ ខេត្ត ពោធិ៍សាត់ ដោយកំណត់ក្នុងមួយគ្រួសារ លុយចំនួន ១០ម៉ឺនរៀល អង្ករ ២៥គីឡូក្រាម មី ចំនួន២កេស ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ។
លោកស្នងការរង បន្តថា ពាក្យបណ្តឹងនោះ បានបញ្ជាក់អំពីអំណោយដែលត្រូវទៅចែកនោះ ត្រូវបានបុគ្គលដែលប្រើប្រាស់លេខទូរស័ព្ទ (០៨៥ ៩៣២ ៧៨១) បញ្ជាដោយមិនចាំបាច់ឆ្លងយោបល់អ្នកណា សូម្បីតែលោកខូយ រីដា អភិបាលខេត្ត។ ជាមួយគ្នាបុគ្គលនោះ បានកំណត់យកម៉ោង៨ព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ត្រូវប្រគល់ថវិកានិងសម្ភារៈទាំងអស់ ជូនគ្រួសារក្រីក្រ ដោយត្រូវទាក់ទងឈ្មោះឈឿន ឈុនន្នី ហៅញ័រ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិសូរិយាលើ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាអ្នកចាំនាំទៅបង្ហាញផ្ទះ។លោកស្នងការរង បានបន្ថែមថា ក្រោយចែកអំណោយរួចរាល់ និងបានរាយការណ៍ជូននាយកខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អំពីការចែកអំណោយខាងលើហើយនោះ ស្រាប់តែខាងនាយកខុទ្ធកាល័យសម្តេច បានបញ្ជាក់ថា មិនមែនជាលេខរបស់លោក សេង ទៀង នោះទេ គឺមានអ្នកក្លែងបន្លំ។
ភ្លាមនោះ លោកវ៉ាន់ ហ៊ាង មានការភ្ជាក់ផ្អើល ក៏បានដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចជំនាញ ដើម្បីចុះស្រាវជ្រាវ រហូតកំណត់មុខសញ្ញា និងនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះឈឿន ឈុនន្នី ហៅញ័រ មកសួរចម្លើយ។
ក្រោយសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា មិនត្រឹមតែក្លែងបន្លំជាលោក សេង ទៀង ប៉ុណ្ណោះទេ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះឈឿន ឈុនន្នី ហៅញ័រ បានប្រើប្រាស់លេខទូរស័ព្ទ (០៩៧ ៦០៩ ១២៤៩) តេទៅលេខ (០៩៧ ៦៧៨ ៨៨ ៨៦) ជាលេខរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ដោយក្លែងបន្លំខ្លួនថាជាជំនួយការ ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហើយសុំឱ្យជួយកុមារកំព្រាម្នាក់ រស់នៅភូមិស្វាយមាស សង្កាត់ចម្រើនផល ក្រុងពោធិ៍ សាត់ ខេត្តពោធិ៍សាត់ ពេលនោះលោកស្នងការ ក៏បានយល់ព្រមជួយឧបត្ថម្ភកុមារកំព្រោនាះផងដែរ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកឈ្មោះលោក សេង ទៀង មកប្រើប្រាស់ ដើម្បីកុហកលោក នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បូករួមទាំងលោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ប្រាកដ មែន។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕