ខេត្តប៉ៃលិន ៖ សំណង់កាស៊ីណូ មួយកន្លែង នៅជាប់ព្រំដែនថៃ សាងសង់រំលោភចំណីផ្លូវប្រហែលជាង១០ម៉ែត្រ ត្រូវបានអាជ្ញាធរចុះផ្អាកការសាងសង់ និងឱ្យរុះរើបង្ខិតចូលទៅខាងក្នុង មិនឱ្យប៉ះពាល់ចំណីផ្លូវ។
លោកហុក សុផល អភិបាលរងខេត្តប៉ៃលិន បានឱ្យដឹងថា នៅតំបន់ព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្នមានការសាង សង់សំណង់ជាច្រើនប្រភេទ ហើយខាងអាជ្ញាធរខេត្ត តែងតែចាត់ក្រុមការងារចុះត្រួតពិនិត្យ ជាប្រចាំ។ ជាក់ស្តែង ដូចពេលនេះជាដើមខាងរដ្ឋបាលខេត្ត បានដឹកនាំមន្ទីរ ជំនាញ និងរដ្ឋបាលស្រុកបានចុះមកពិនិត្យឃើញថានៅចំណុចអគារដែលកំពុងសាងសង់ឈ្មោះកាស៊ីណូ The Ministry of Dream ដែលមានលោកស្រី ជួប សុភី ជាតំណាង បានសាងសង់ខុសពីប្លង់ដែលបានសុំ គឺធ្វើចូលមកចំណីថ្នល់ ជាង១០ម៉ែត្រ ហើយនៅក្នុងប្លង់ មានរោង ដាក់ឡាន តែបែរជាសាងសង់ជាស្ពាន ខុសក្នុងប្លង់ ទើបខាងអាជ្ញាធរ សុំឱ្យបញ្ឈប់ការសាងសង់ រង់ចាំខាងគណៈកម្មការប្រជុំវាយតម្លៃរួចរាល់សិន។
លោកអភិបាលរង បន្តថា ចំណែកកន្លែងខ្លះ ខាងជនជាតិចិន បានសាងសង់មកលើចំណីថ្នល់ ក៏សុំឱ្យពួកគាត់រុះរើវិញភ្លាមផងដែរ មិនអនុញ្ញាតឱ្យសាងសង់លើចំណីថ្នល់ឡើយ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំសាងសង់លើចំណីថ្នល់ ត្រូវសង់តាមច្បាប់កំណត់ ដើម្បីសោភ័ណភាព និងមិនមានការកកស្ទះចរាចរណ៍៕