ភ្នំពេញ ៖ លោកស្រី ចាយ ផានី ភរិយាលោក ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី និងជាទីប្រឹក្សារាជរដ្ឋាភិបាល នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានបែកធ្លាយដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យចាប់ខ្លួន ពីបទរំលោភទំនុកចិត្ត និងចែកសែកស្អុយ ។
ដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ចេញដោយលោក កូយ សៅ ចៅក្រមស៊ើបសួរនៃសាលាដំបូរាជធានីភ្នំពេញ តាំងពីថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ដែល “នគរធំ” ទើបទទួលបាន នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ មានខ្លឹមសារថា ៖ ក្រោយពីបានពិនិត្យនិងស៊ើបសួរចប់សព្វគ្រប់ហើយ យល់ឃើញថា ៖ ជនត្រូវចោទឈ្មោះ ចាយ ផានី ភេទស្រី កើតថ្ងៃទី១ ខែមករា ឆ្នាំ១៩៦៥ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ 010905627 ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ២២L ផ្លូវលេខ២៧៦ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ដាក់ក្រោមការត្រួតពិនិត្យពីបទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
សំអាងហេតុ ៖
-បទល្មើសដែលចោទប្រកាន់ជាបទមជ្ឈិម ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ។
-ជនត្រូវចោទមានចេតនាគេចវេះ មិនព្រមចូលខ្លួនតាមដីកាបង្គាប់ឱ្យចូលខ្លួន លេខ ១០០ ព្រ.ទ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
-ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចចាប់ខ្លួនឈ្មោះ ចាយ ផានី ភេទស្រី កើតថ្ងៃទី១ ខែមករា ឆ្នាំ១៩៦៥ មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីឆ្លើយបំភ្លឺការពិតក្នុងសំណុំរឿង។
ហេតុដូច្នេះ សម្រេច ៖
១. ឱ្យចាប់ខ្លួនឈ្មោះ ចាយ ផានី ភេទស្រី កើតថ្ងៃទី១ ខែមករា ឆ្នាំ១៩៦៥ ជនជាតិខ្មែរ ដែលមានអត្តសញ្ញាណខាងលើនេះ។
២. បញ្ជាដល់កងកម្លាំងសាធារណៈ ឱ្យស្រាវជ្រាវរកចាប់និងនាំខ្លួនជនត្រូវចោទដែលមានសាវតារដូចខាងលើនេះ មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ …។
ជុំវិញដីការបង្គាប់ឲ្យចាប់ខ្លួនខាងលើនេះ “នគរធំ” មិនអាចសុំយោបល់ ការបកស្រាយបំភ្លឺពីលោកស្រី ចាយ ផានី បានទេ កាលពីល្ងាចម្សិលមិញ។
ទោះបីជាយ៉ាងណា តាមប្រភពពីសមត្ថកិច្ច បានបង្ហើបឲ្យដឹងថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពិតជាបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោកស្រី ចាយ ផានី ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ) ទឹកប្រាក់សរុបជាង ២លានដុល្លារ ប្រាកដមែន ហើយខណៈពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនលោកស្រី ចាយ ផានី ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
គួររំលឹកថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានចេញដីកាបញ្ជាឲ្យលោកស្រី ចាយ ផានី ភរិយាលោកញឹម វណ្ណដា ចូលខ្លួនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីធ្វើការសាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីបទឆបោក (លក់ដីមិនឲ្យប្លង់ទៅអ្នកទិញ) តាមពាក្យបណ្ដឹងរបស់ឈ្មោះ ឈរ ស៊ុនហុង ជាមេធាវីតំណាងឲ្យឈ្មោះណាំ លីណា។
យោងតាមដីកា របស់តុលាការ នៅពេលនោះ បានបញ្ជាក់ថា ដីដែលមានបញ្ហានេះ ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អ្នកស្រី ណាំ លីណា ដែលជាអ្នកទិញដី បានអះអាងថា អ្នកស្រីបានបញ្ជាទិញដីនេះ តាំងពីប្រមាណ ១ឆ្នាំមុន ប៉ុន្តែមកដល់ពេលនេះ អ្នកស្រីមិនទាន់ទទួលបានប្លង់ ពីឈ្មោះចាយ ផានី នៅឡើយ ដោយម្ចាស់ដី លើកហេតុផលជាច្រើន មិនព្រមផ្តល់ប្លង់ឲ្យ។ អ្នកស្រី ណាំ លីណា បានអះអាងថា អ្នកស្រីបានបង់ប្រាក់ ចំនួនពាក់កណ្តាលរួចមកហើយ គឺចំនួន ២៧ ៥០០០ដុល្លារ (តម្លៃសរុប ៥៥ម៉ឺនដុល្លារ) តែមិនទទួលបានប្លង់ដូចសន្យាគ្នាទេ ធ្វើឲ្យអ្នកស្រីមិនអាចធ្វើអ្វីបាននៅលើទីតាំងដីនោះ ព្រោះមិនទាន់ស្របច្បាប់…៕ កុលបុត្រ