Tuesday, November 26, 2024
Homeសង្គម និងជីវិតពងក្រួចខ្មែរល្បី ក្រោយកញ្ញាឯកខ្មែរ ព.../ន្លះកញ្ញាឯកថៃ

ពងក្រួចខ្មែរល្បី ក្រោយកញ្ញាឯកខ្មែរ ព…/ន្លះកញ្ញាឯកថៃ

ភ្នំពេញ ៖ ក្រោយពេលស្ថាបនិកស្ថាប័ន Miss Grand International បានដកហូតសិទ្ធិពីស្ថាប័ន Miss Grand កម្ពុជា លែងឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី Miss Grand International ២០២៤ រួចវេចបង្វេចនាំគ្នាត្រឡប់ទៅប្រទេសថៃ វិញ ពេលចុះពីយន្តហោះ ជាន់ដល់ដីថៃ ភ្លាម កញ្ញាឯកថៃ ឈ្មោះម៉ាលីន បានទ្រហោយំនៅមុខគេឯង រៀបរាប់ពីរ៉ាវដែលនាងបានជួបប្រទះ អំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា ពិសេសអ្វីដែលធ្វើឱ្យមហា ជនហួសចិត្តនោះ គឺកញ្ញាឯកថៃ រូបនេះ បានអះអាង នាងត្រូវបានគេយកពងក្រួចកូនមានដង្ហូវ មកឱ្យញ៉ាំ។ ប៉ុន្តែជាការឆ្លើយតប អតីតបេក្ខភាព Miss Grand កម្ពុជា ឆ្នាំ២០២៤ កញ្ញា ប៊ី សុធារី បានសម្តែងនូវការហួសចិត្ត និងលើកឡើងថា កញ្ញាឯកថៃ ម៉ាលីន ល្ងង់មិនស្គាល់ពងក្រួចកូន ដែលជាអាហារដ៏ល្បី មានរសជាតិឆ្ងាញ់ និងមានវីតាមីនច្រើន ហើយកញ្ញាប៊ី សុធារី បានផ្តាំទៅកញ្ញាឯកថៃ នាងម៉ាលីន ញ៉ាំពងក្រួចកូនឱ្យបានច្រើន ដើម្បីជំនួយខួរក្បាលឲ្យឆ្លាតជាងមុន កុំឲ្យល្ងង់មិនស្គាល់ពងក្រួច។

ទោះបីជាយ៉ាងណា ក្រោយកើតរឿងនេះមក បានធ្វើឲ្យមហាជន ទាំងខ្មែរ និងថៃ រួមទាំងពិភពលោក កាន់តែចាប់អារម្មណ៍ពីកម្ពុជា ជាពិសេសធ្វើឲ្យគេចង់ភ្លក់រសជាតិពងក្រួចកូន របស់កម្ពុជា ហើយនរណាៗក៏នាំគ្នានិយាយពីពងក្រួចខ្មែរ ធ្វើឲ្យពងក្រួចខ្មែរ ផ្ទុះភាពល្បី នាំភាពរីករាយដល់អ្នកលក់ពងក្រួច ដោយសារលក់ដាច់កាន់តែខ្លាំង។

គួរបញ្ជាក់ថា បន្ទាប់ពីបេក្ខភាពកញ្ញាឯក Miss Grand International ២០២៤  ទាំងអស់ ធ្វើដំណើរទៅដល់ប្រទេសថៃ ភ្លាម មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម មានការហួសចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញកញ្ញាឯកថៃ Miss Grand Thailand 2024 មួយរូប គឺកញ្ញាម៉ាលីន ទ្រហោយំនៅមុខគេឯង ក្រោយចុះពីយន្តហោះ រៀបរាប់ពីរ៉ាវដែលនាងបានជួបប្រទះអំឡុងពេលនៅក្នុងប្រទេសកម្ពុជា រយៈពេលប៉ុន្មានថ្ងៃមកនេះ។

 តាមរយៈបទសម្ភាសន៍ កញ្ញាឯកថៃ នាងម៉ាលីន បាននិយាយទាំងទឹកភ្នែកថា ទូកដែលក្រុមការងារកម្ពុជា បានរៀបចំឱ្យ គឺមកមិនត្រូវពេលវេលា ចំណែកការសម្របសម្រួលក៏មិនស៊ីចង្វាក់គ្នាដែរ។ នាងថាខ្លួនមានអារម្មណ៍ថាមិនមានសុវត្ថិភាព នៅពេលត្រូវថតនៅកំពង់ រីឯអាហារវិញ ពួកនាងត្រូវបានគេឱ្យញ៉ាំសណ្តែកដីស្ងោរ និងពងក្រួចកូនមានដង្កូវ ធ្វើឲ្យនាងខ្លាច មិនហ៊ានញ៉ាំ។ កញ្ញាឯកថៃ រូបនេះបាន សម្រក់ទឹកភ្នែក និយាយបន្តថា នាងពិតជាសំណាងដែលមានលោកណ:វ៉ាត់ ស្ថាបនិកស្ថាប័ន Miss Grand International បាននៅទីនោះ ជាមួយ មើលថែពួកនាង ដូចជារកហាងអាហារដោយខ្លួនឯង និងចាត់ចែងអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងទាំងអស់។

ឆ្លើយតបទៅនឹងអ្វីដែលកញ្ញាឯកថៃ ម៉ាលីន បានលើកឡើងខាងលើនេះ អតីតបេក្ខភាពកញ្ញាឯកកម្ពុជា កញ្ញាប៊ី សុធារី ដែលបានប្រកាសដកខ្លួនចេញពីការប្រកួត Miss Grand International ២០២៤  នៅឯប្រទេសថៃ បានលើកឡើងទាំងហួសចិត្តថា “និយាយទៅ ខ្ញុំនិយាយស្មោះត្រង់ហ្មង នៅលើទូក ខ្ញុំអត់ទាំងដឹងផងថា មានពងក្រួចហ្នឹង ព្រោះខ្ញុំញ៉ាំបានតែសណ្តែកដីទេ អាហ្នឹងវាសម្រាប់ខ្ញុំហ្មង ខ្ញុំគិតថា គាត់ល្ងង់ ការដែលគាត់ថាគាត់អត់ស្គាល់ពងក្រួច ព្រោះនៅប្រទេសគាត់ ក៏មាន ហើយមិនមែនមានធម្មតាទេ លក់តាមផ្លូវដូចគ្នា អ៊ីចឹងបើសិនជាគាត់ថាគាត់អត់ដឹង ខ្ញុំគិតថា ប្រហែលជាគាត់ល្ងង់ច្រើនជាង ហើយពងក្រួចហ្នឹង គេស្ងោរឆ្អិនហើយ អ៊ីចឹងវាអត់អាចមានដង្កូវណាទៅនៅក្នុងពងក្រួចហ្នឹងកើតទេ ហើយយើងដឹងហើយថា អាសរសៃក្រហមហ្នឹង វាជាសរសៃឈាម សរសៃអីរបស់កូនក្រួច ដែលគាត់ខូចទៅហ្នឹង យើងយកមកធ្វើជាពងក្រួចហ្នឹង ហើយខ្ញុំទើបមើលវីដេអូរបស់ផាត់ទីយ៉ា ម្សិលមិញ ញ៉ាំពងក្រួចហ្នឹង គាត់បញ្ជាក់ថា ពងក្រួចហ្នឹង មានវីតាមីនច្រើនជាងពងទាកូនទៅទៀត ពងទាកូន មានតែ១១ទេ ប៉ុន្តែពងក្រួច មានដល់១៣ ហើយជំនួយខួរក្បាល ឱ្យយើងបានឆ្លាតជាងមុន ឱ្យយើងចេះគិតជាងមុនថា អីគួរនិយាយ អីគួរធ្វើ អ៊ីចឹងបើសិនជាអាច ខ្ញុំចង់ឱ្យគាត់សាកញ៉ាំម្តងទៀត ក្រែងលោ បានជំនួយខួរក្បាលគាត់ បានឆ្លាតជាងមុនខ្លះ…”។

ដោយឡែក អ្នកគ្រប់គ្រង Miss Grand Cambodia លោកស្រី អ៊ឹម សុគន្ធា ក៏កាន់តែហួសចិត្តខ្លាំងទៅទៀត ដល់ថ្នាក់បង្ហោះសារមួយ សួរយ៉ាងចាក់ដោតសួរទៅកាន់កញ្ញាឯកថៃ ឈ្មោះម៉ាលីន នោះថា “តើខ្ញុំធ្វើអីអ្នកឯងខ្លះ មកដល់ប្រទេសកម្ពុជា បានជាយំសោកដូចខ្ញុំធ្វើបាបដល់អ្នកឯងខ្លាំងណាស់អ៊ីចឹង? ពេលមក ដេកសុទ្ធតែ សណ្ឋាគារផ្កាយ៥ អាហារមួយពេល អស់រាប់ពាន់ដុល្លារ”។

យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ លោកស្រី អ៊ឹម សុគន្ធា បានធ្វើការឡាយវីដេអូ ទាំង អារម្មណ៍ហួសចិត្ត ដោយបានបញ្ជាក់ថា លោកស្រីពិតជាមិនយល់ថា បវរកញ្ញារូបនេះ មានគោលបំណងអ្វីទេ នាងធ្វើដូចជាខ្លួនមកកម្ពុជា ត្រូវបានលោកស្រីវាយដំ ប្រើឱ្យធ្វើការលីសែងធ្ងន់ធ្ងរណាស់អ៊ីចឹង បានជាចុះពីយន្តហោះភ្លាម ទួញសោកប្រាប់អ្នកកាសែតបែបនេះ ទាំងដែលតាំងពីថ្ងៃដំបូង លោកស្រី និងកញ្ញាឯករូបនេះ មិនដែលបាននិយាយគ្នា សូម្បីតែមុខ ក៏លោកស្រីមិនដែលបានមើលចំផង។

លោកស្រី អ៊ឹម សុគន្ធា បានចោទសួរទៅកាន់ម្ចាស់ស្ថាប័ន Miss Grand International លោកលោកណ:វ៉ាត់ ឥស្សរក្រៃស៊ីន និងកញ្ញាឯកថៃ ម៉ាលីន ចំៗថា តើពួកគេមានបំណងអ្វី ឱ្យប្រាកដ? បើមិនពេញចិត្ត គួរណាស់តែប្រាប់ពីដំបូង បើដឹងបែបនេះ លោកស្រីក៏មិនទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះដែរ ទាំងដែលតាំងពីដំបូងមក ម្ចាស់ Miss Grand International បានសួរបញ្ជាក់លោកស្រីម្តងហើយម្តងថា ធ្វើឬអត់? ទើបលោកស្រីសម្រេចចិត្តទទួល។ លោកស្រី អ៊ឹម សុគន្ធា បានចោទសួរថា តើទាំងអស់នេះ ខាងថៃ បានរៀបចំគម្រោងហើយឬយ៉ាងណា?

 គួរបញ្ជាក់ថា រឿងរ៉ាវវិវាទកើតឡើងរវាងស្ថាប័ន Miss Grand Cambodia និង Miss Grand International កំពុងក្លាយជាប្រធានបទយ៉ាងក្តៅគគុក និងត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយពី Miss Grand International បានប្រកាសដកសិទ្ធិខាងកម្ពុជា ពីម្ចាស់ផ្ទះរៀបចំកម្មវិធី Miss Grand International 2024 នៅប្រទេសកម្ពុជា ដោយចោទថា ស្ថាប័នម្ចាស់ផ្ទះ មិនអាចបំពេញតម្រូវការដូចមានចែងក្នុងកិច្ចសន្យា នៃកិច្ចព្រមព្រៀងនៃការធ្វើជាម្ចាស់ផ្ទះ។ ភ្លាមៗបន្ទាប់ពី Miss Grand International ចេញសេចក្តីប្រកាស ខាងកម្ពុជា ក៏បានប្រកាសថា Miss Grand Cambodia នឹងមិនបន្តអាជ្ញាប័ណ្ណជាមួយ Miss Grand International ទៀតនោះទេ ដោយសារតែស្ថាប័ននេះ មិនគោរពកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ និងមិនសហការជាមួយភាគីម្ចាស់ផ្ទះ។

ជុំវិញបញ្ហានេះ អ្នកគាំទ្របានសម្តែងនូវការអាណិតជាខ្លាំងចំពោះកញ្ញាឯកកម្ពុជា គឺកញ្ញា ប៊ី សុធារី ដែលត្រូវតំណាងកម្ពុជា ប្រកួត Miss Grand International នៅក្នុងឆ្នាំនេះ ប៉ុន្តែបន្ទាប់ពីផ្ទុះរឿងនេះ កញ្ញា ប៊ី សុធារី បានប្រកាសថា នាងមិនធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីបន្តការប្រកួតនោះទេ ដោយសារតែម្ចាស់ស្ថាប័ន Miss Grand International មើលងាយកម្ពុជា ។ ប៉ុន្តែកញ្ញាបញ្ជាក់ថា នេះជាទំនាស់រវាងក្រុមហ៊ុនឯកជននិងក្រុមហ៊ុនឯកជន មិនមែនជាទំនាស់រវាងជនជាតិខ្មែរ និងជនជាតិថៃ នោះទេ កម្ពុជា និងថៃ នៅតែជាអ្នកជិត ខាងល្អ មានទំនាក់ទំនងល្អធម្មតា ហើយកម្ពុជា នៅតែស្វាគមន៍ទេសចរថៃ មកទស្សនាកម្ពុជា ដូចគ្នានឹងទេស ចរគ្រប់ជាតិសាសន៍ទាំងអស់ជុំវិញពិភពលោក៕

RELATED ARTICLES