Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះ.../ស្រីថៃ ថ្នាំ.../ញៀន៦០គ្រាប់

វ៉ៃខ្នោះ…/ស្រីថៃ ថ្នាំ…/ញៀន៦០គ្រាប់

ខេត្តបន្ទាយមានជ័យ ៖ នារីរូបស្រស់ ជាជនជាតិថៃម្នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបឃាត់ខ្លួន កហូតបានវត្ថុតាងជាក់ស្តង ថ្នាំញៀនគ្រាប់ ចំនួន៦៧គ្រាប់។

ការឃាត់ខ្លួនស្រីស្អាតជនជាតិថៃនេះ បានធ្វើឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចអគារម្តុំមាត់អូរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

នារីរូបស្រស់ដែលត្រូវបានឃាត់ខ្លួន មានឈ្មោះថាណាផន ធូឃឿ (THANAPORN THOKROA)  ហៅអយ អាយុ៣០ឆ្នាំ ជាជនជាតិថៃ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីសន្តិសុខថា មានករណីរក្សា ទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន នៅចំណុចអគារម្តុំមាត់អូរស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុ បានធ្វើការឃាត់ខ្លួននារីសង្ស័យជាជនជាតិថៃម្នាក់ ឈ្មោះថាណាផន ធូឃឿ (THANAPORN THOKROA)  ហៅអយ ព្រមទាំងដកហូតបានវត្ថុតាង រួមមាន គ្រឿង ញៀន ប្រភេទថ្នាំគ្រាប់រាងមូល ពណ៌ទឹកក្រូច (WY) ចំនួន៧ថង់កិប ស្មើនឹង៦៧គ្រាប់ ទម្ងន់ ៧,៩៥ក្រាម។ គ្រឿងញៀន ប្រភេទម្សៅក្រាម ពណ៌សថ្លា (ICE) ចំនួន១កូនថង់កិប ទម្ងន់ ០,៤៧ក្រាម។ ទូរស័ព្ទ ចំនួន១គ្រឿង។ អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ  ចំនួន២សន្លឹក។ ខ្សែកលោហធាតុពណ៌លឿង ចំនួន១ខ្សែ ប្រវែង៦១សង់ទីម៉ែត្រ។ កូនកាបូបស្ពាយពណ៌ខ្មៅ ចំនួន១ រួចបញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀន មករក្សាទុកសម្រាប់ប្រើប្រាស់ប្រាកដមែន។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿង បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទ ល្មើសបានឱ្យដឹងថា នារីសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កង រាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES