ភ្នំពេញ ៖ បុរសម្នាក់ បានបើកបររថយន្តដឹកអ្នកដំណើរ ១គ្រឿង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់១កង់ បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើង សំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ហើយក្រោយកើតហេតុភ្លាមៗ បុរសជាអ្នកបើកបរ បានចុះរត់គេចខ្លួនបាត់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១ និង៥៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចស្តុប ផ្សារទួលគោក ស្ថិតលើផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកអ្នកដំណើរ ១គ្រឿ ង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-8597 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជើង មកត្បូង ដោយល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឱ្យបាក់មួយកង់ ចំណែករថយន្តបង្កហេតុ បានក្រឡាប់ផ្ងារជើងខូចខាតយ៉ាងដំណំ តែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមៗនោះ អ្នកបើកបរបានចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តក្រឡាប់ផ្ងារជើងច្រងាង នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង រួចអូសយករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយនៅពេលក្រោយ៕