Tuesday, November 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម គា.../ស់តូបមាសនៅថៃ ជា.../ប់ខ្នោះនៅខ្មែរ

 គា…/ស់តូបមាសនៅថៃ ជា…/ប់ខ្នោះនៅខ្មែរ

ខេត្តបាត់ដំបង ៖ ជនសង្ស័យ ចំនួន២នាក់ ម្នាក់ជាអ្នកធ្វើសកម្មលួច និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងអំពើចោរកម្ម (គាស់តូបលក់គ្រឿងអលង្ការ) នៅផ្សារឡែម ក្នុងទឹកដីប្រទេសថៃ។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បានធ្វើឡើងកាលពី ថ្ងៃទី១២ និងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅក្នុងភូមិ សាស្ត្រស្រុកកំរៀង និងស្រុកភ្នំព្រឹក។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះហូតវីត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង (ជាអ្នកលួច) និងទី២-ឈ្មោះគួច សុឃីន ភេទប្រុស អាយុ៥៣ឆ្នាំ ជាអាជីវករលក់គ្រឿងអលង្ការ នៅផ្សារមួយកន្លែង ក្នុងស្រុកភ្នំព្រឹក។ ចំណែកជនរងគ្រោះ មានឈ្មោះនួន ចាន់ផល្លី ភេទ ស្រី អាយុ៣៦ឆ្នាំ ជាជនជាតិខ្មែរ និងជាអាជីវករលក់ដូរនៅក្នុងផ្សារថៃឡែម ប្រទេសថៃ។

យោងតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា អំពើចោរកម្មនោះបានកើតឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្សារឡែម ស្ថិតក្នុងភូមិបានឡែម ឃុំទេពនិម្មិត ស្រុកប៉ូណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ទល់មុខច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយជនមិនស្គាល់មុខបានគាស់តូបលួចយកគ្រឿងអលង្ការ ដែលម្ចាស់តូបជាជនជាតិខ្មែរ។

របាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់តូប មានឈ្មោះនួន ចាន់ផល្លី ភេទស្រី អាយុ៣៦ឆ្នាំ ជាជនជាតិខ្មែរ និងជាអាជីវករលក់ដូរនៅក្នុងផ្សារថៃ ខាងលើ។ ក្រោយកើតហេតុ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ស្ត្រីរងគ្រោះបានទៅប្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង ដើម្បីឱ្យជួយអន្តរាគមន៍។

ស្ត្រីរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ជនមិនស្គាល់មុខបានគាស់តូបលក់ដូររបស់អ្នកស្រី នៅក្នុងផ្សារឡែម ប្រទេសថៃ ដោយលួចយកគ្រឿងអលង្ការ ភាគច្រើនគឺចិញ្ចៀន អស់ចំនួន៦៣វង់ ដែលមានតំលៃសរុបប្រមាណ ៣០ម៉ឺនបាត។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង នៅថ្ងៃដដែលនេះ មន្ត្រីជំនាញកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវរហូតកំណត់បាននូវមុខសញ្ញាជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះហូត វីត  និងដកហូតវត្ថុតាងបានបន្តិចបន្តួចប៉ុណ្ណោះពីជនសង្ស័យ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់តូបលក់គ្រឿងអលង្ការ របស់ជនរងគ្រោះ នៅក្នុងផ្សារឡែម ទឹកដីថៃ ប្រាកដមែន។ ជនសង្ស័យ សារភាពបន្តថា ចិញ្ចៀ នទាំងអស់ដែលខ្លួនបានលួច គឺខ្លួនបានយកទៅលក់នៅផ្សារស្រុកភ្នំព្រឹក បានប្រាក់ចំនួន ៣លាន៤សែនរៀលប៉ុណ្ណោះ ហើយប្រាក់នោះខ្លួនបានចាយអស់ទៅហើយ។

បន្ទាប់មក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថស្រុកកំរៀង និងស្រុកភ្នំព្រឹក ដែលមានកិច្ចសហការពីមន្ត្រីការិយាល័យជំនាញផង ក្រោយការបញ្ជាផ្ទាល់ពីលោកមេបញ្ជាការខេត្ត បានបន្តនិតិវិធីចុះទៅកាន់ផ្សារស្រុកភ្នំព្រឹក ដើម្បីស្រាវជ្រាវរកអ្នកទទួលទិញផលចោរកម្ម (គ្រឿងអលង្ការ) និងបានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះគួច សុឃីន ជាអាជីវករលក់គ្រឿងអលង្ការ នៅផ្សារស្រុកភ្នំព្រឹក ដោយដកហូតវត្ថុតាង ចិញ្ចៀន ចំនួន២៧វង់។ ដូច្នេះ នៅបាត់ចិញ្ចៀន ចំនួន៣៦វង់ទៀត នេះបើផ្ទៀងផ្ទាត់ទៅនឹងចំនួនចិញ្ចៀន ដែលជនរង គ្រោះបានបាត់ រហូតដល់ចំនួន៦៣វង់។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ ឃាត់ខ្លួននាំយកទៅសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES