ខេត្តពោធិ៍សាត់ ៖ ផ្ទះលក់ហ្គាស់ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈដែលម្ចាស់ផ្ទះ កំពុងបើកធុងហ្គាស់ធំ ដើម្បីបញ្ចូលទៅធុងហ្គាស់តូចៗ ទុកលក់ ស្រាប់តែភ្លាត់ស្នៀត ខុសបច្ចេកទេស ធ្វើឱ្យកើតជាអណ្តាតភ្លើងឆាបឆេះ បង្កឱ្យខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្ទះលក់ហ្គាស់មួយកន្លែងនៅជាប់ស្ថានីយប្រេងឥន្ធនៈ ផាផា ស្ថិតក្នុងភូមិស្ថានីយ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។
ផ្ទះដែលរងការឆាបឆេះ មានទំហំ ទទឹង ៧,៥ម៉ែត្រ និងបណ្តោយ២១ម៉ែត្រ សង់ពីថ្មប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះយ៉ុង ខេង ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរអាជីវកម្មបញ្ចូលហ្គាស រស់នៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា គ្រោះអគ្គិភ័យនេះកើតឡើងដោយសារតែកូនម្ចាស់ផ្ទះបើកធុងហ្គាស់ធំ បញ្ចូលទៅធុងហ្គាស់តូច តែដោយសារខុសបច្ចេកទេស ទើបធ្វើឱ្យកើតចេញជាអណ្តាតភ្លើងឆេះរាលដាលផ្ទុះធុងហ្គាស់ជាច្រើនឆាបឆេះផ្ទះ និងសម្ភារៈទ្រព្យសម្បត្តិនៅ ក្នុងនោះមួយចំនួនអស់ស្ទើរតែទាំងស្រុងតែម្តង។ទ្រព្យសម្បត្តិ និងសម្ភារៈដែលរងការឆាបឆេះ រួមមាន ម៉ូតូ ចំនួន២គ្រឿង ទូឈើ ចំនួន៣ តុបាយ១ សាឡុងធំ ១ឈុត សាឡុងតូច ១ឈុត គ្រែ១ ហង្សតេ ចំនួន១ និងសម្ភារៈផ្សេងៗមួយចំនួនទៀត ប៉ុន្តែមិនមានមនុស្សណាម្នាក់រងរបួសឡើយ។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះដល់កន្លែងកើត ហេតុផងដែរ។ ជុំវិញករណីនេះ សមត្ថកិច្ចជំនាញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់២រថយន្ត ទើបភ្លើងរលត់ទៅវិញ ទាំងស្រុង ដោយមិនរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕