ខេត្តត្បូងឃ្មុំ ៖ ភ្លៀងមួយមេ លាយឡំដោយខ្យល់កន្ត្រាក់ មកលើស្រុកចំនួន២ ក្នុងនោះមានពញាក្រែក និងស្រុកអូររាំងឪ បណ្តាលឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋ ប្រមាណ៦០ខ្នង បានទទួលរងខូចខាត របើកដំបូល បាក់សំយាបផ្ទះ តែសំណាងល្អមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។
តាមប្រភពសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ភ្លៀងបានបង្អុរធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ បោកបក់មកលើភូមិឋានរបស់ប្រជាពលរដ្ឋក្នុងនោះរួមមាន ឃុំដូនតី មានគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្តាលឱ្យ ខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួនសរុប៤៨ខ្នងផ្ទះ ក្នុងនោះរងការខូចខាតកម្រិតស្រាល ចំនួន២៤ខ្នងផ្ទះ ស្ថិតក្នុងភូមិអង្គលើ ខូចខាតផ្ទះ២៧ខ្នង ភូមិអង្គក្នុង ខូច ខាតផ្ទះ៩ខ្នង និងភូមិអង្គក្រៅ ខូចខាតផ្ទះ១២ខ្នង។
សមត្ថកិច្ចមូលដ្ឋាន បានបន្តថា ភ្លៀងដែលបានធ្លាក់ចុះមកនេះ គឺពិតជាកម្រជួបប្រទះនាពេលកន្លងទៅ ដោយលាយឡំខ្យល់កន្ត្រាក់ខុសប្លែកពីធម្មតា គឺភ្លៀងប្រហែលមួយម៉ោងឯណោះ។ បន្ទាប់ពីភ្លៀងរួច មេភូមិបានរាយការណ៍ទៅសាលស្រុក ពីហេតុការណ៍ខូចខាតលំនៅឋាន របស់ប្រជាពលរដ្ឋ ក្នុងភូមិទាំងបី។ រហូតមកដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ខាងមន្ត្រីសាលាស្រុកពញាក្រែក បានចុះស្រង់ស្ថិតិតាមលំនៅឋាន ខ្នងផ្ទះ ដែលរងការខូចខាត ដើម្បីត្រៀមចែកអំណោយជូនដល់ពួកគាត់ផងដែរ។
លោកជា ណារុន អភិបាលស្រុកអូររាំងឪ បានបញ្ជាក់ប្រាប់ថា កាលពីល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ខ្យល់កន្ត្រាក់ ខូចខាតផ្ទះ ចំនួន១២ខ្នង និងសួនកីឡារបស់សាលារៀន ១ខ្នង របើកដំបូល ១០ខ្នងផ្ទះ។
ក្រោយពីទទួលបានព័ត៌មាននេះពីលោកមេឃុំតម្រិល រូបលោកបាននាំយកអំណោយកាកបាទក្រហម ទៅចែកជូនដល់ពលរដ្ឋរងគ្រោះផងដែរ កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។
ជាមួយនោះអាជ្ញាធរក៏បានណែនាំដល់ពលរដ្ឋដែលមានផ្ទះតូចមិនធានាសុវត្ថិភាព ពេលដែលមានភ្លៀងធ្លាក់ត្រូវរកកន្លែងជ្រកកោន នៅផ្ទះអ្នកជិតខាង ចៀសវាងគ្រោះថ្នាក់កើតឡើង៕