Tuesday, October 22, 2024
Homeព័ត៌មានជាតិហៅបក្សរណប គ្មានសេរីភាព សម្ព័ន្ធភាពបក្សកាន់អំណាច ប្រតិកម្មនឹងមេបក្សភ្លើងទៀន

ហៅបក្សរណប គ្មានសេរីភាព សម្ព័ន្ធភាពបក្សកាន់អំណាច ប្រតិកម្មនឹងមេបក្សភ្លើងទៀន

 ភ្នំពេញ ៖ គណបក្សសម្ព័ន្ធភាពបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានបញ្ចេញប្រតិកម្មនឹងមេបក្សភ្លើងទៀន ដែលបានហៅគណបក្សសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច ជិត៣០គណបក្សនោះ គឺជាគណបក្សរណប គ្មានសេរីភាព ។

លោកបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលជាគណបក្សសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ថា សម្ព័ន្ធភាពនៅក្នុងគណបក្សប្រមាណជាជិត ៣០គណបក្ស ជាមួយគណបក្សកាន់អំណាច គឺមានលក្ខន្តិកៈត្រឹមត្រូវ អនុវត្តតាមអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការត្រឹមត្រូវ អត់មានអ្នកណាគាបសង្កត់អ្នកណាទេ ។ ដូច្នេះអ្វីដែលមេបក្សភ្លើងទៀន លើកឡើងថា គណបក្សសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច ជាគណបក្សរណប គ្មានសេរីភាពនោះ បង្ហាញថា គាត់មិនបានគោរពសិទ្ធិអ្នកដទៃ មិនបានគោរពស្មារតីអ្នកជាតិនិយម ដោយវាយប្រហារ មួលបង្កាច់ លាបពណ៌ ដែលជានយោបាយទុច្ចរិត ។

លោកបណ្ឌិត ពេជ្រ ស្រស់ បានមានប្រសាសន៍ថា “ដោយសារតែចរិតនយោបាយរបស់ពួកគាត់បែបហ្នឹងហើយ ទើបធ្វើឲ្យពួកគាត់ពុំមានទ្រនំច្បាស់លាស់រហូតមកដល់សព្វថ្ងៃនេះ ហើយដោយសារតែគំនិតអគតិបែបហ្នឹងហើយ ទើបធ្វើឲ្យទ្រនំចាស់របស់ពួកគាត់ឆេះរលត់ខ្ទេចខ្ទី ធ្វើឲ្យពួកគាត់រកទ្រនំជ្រកមិនបាន រហូតទៅដល់បង្កើតសម្ព័ន្ធភាពជាមួយគណបក្សសព្វថ្ងៃនេះ ដែលជាគណបក្សដែលមិនដែលឈ្នះឆ្នោតសូម្បីតែម្ដង ឬក៏ជាគណបក្សចូលប្រកួតប្រជែងដែលបានសំឡេងតិចតួចមែនទែន ។ អ៊ីចឹងគាត់អស់ផ្លូវដើរ ហើយគាត់តែងតែប្រើវោហារសាស្រ្តនយោបាយជះទឹកខ្មៅដាក់គេ ។ មែនទែនទៅ សម្ព័ន្ធភាពនៅក្នុងគណបក្សប្រមាណជា ៣០នេះ គឺយើងមានលក្ខន្តិកៈត្រឹមត្រូវ យើងអនុវត្តតាមអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការត្រឹមត្រូវ យើងអត់មានធ្វើអីទៅគាបសង្កត់អ្នកណា អ្នកណាគាបសង្កត់អ្នកណាទេ អ្នកណាមានលទ្ធភាពធ្វើអីក៏ធ្វើហ្នឹងទៅ សំខាន់យើងមានត្រីវិស័យជាលក្ខន្តិកៈព្រមព្រៀងគ្នារួចទៅហើយ ។ អ៊ីចឹងនៅពេលដែលយើងវាយតម្លៃថា គេខាងនោះមិនមានសេរីភាព ចុះឯងនេះមានសេរីភាព អាហ្នឹងវាជាវោហារសាស្រ្តបែបលក្ខណៈល្ងីល្ងើ ខ្លួនឯងម៉េចក៏មានសេរីភាពក្នុងការចងសម្ព័ន្ធភាព ៥ហ្នឹងបាន ចុះគេនេះហេតុអីក៏អត់សេរីភាពក្នុងការធ្វើនយោបាយ ដែលគេចង៣០ នេះ? អាហ្នឹងហើយគេហៅថា នយោបាយដុតផ្ទះខ្លួនឯង ហើយនយោបាយបង្កើតសត្រូវរវាងខ្មែរនិងខ្មែរ“ ។

លោកបណ្ឌិត ពេជ្រ ស្រស់ បានមានប្រសាសន៍បន្តថា “ចេតនាគាត់ គឺអាក្រក់ហ្នឹងតែម្ដង លាបពណ៌ មួលបង្កាច់ ញុះញង់ឲ្យប្រជាពលរដ្ឋមើលឃើញខ្មែរគ្នាឯង ជាជនកខ្វក់ ហើយមើលខ្មែរគ្នាឯងជាសត្រូវក្នុងទីលាននយោបាយ ។ គាត់មិនបានគោរពសិទ្ធិអ្នកដទៃទេ គាត់មិនបានគោរពស្មារតីអ្នកជាតិនិយម អ្នកនយោបាយដទៃទេ គាត់តែងវាយប្រហារ មួលបង្កាច់ លាបពណ៌ ។ អ៊ីចឺងនេះគឺជានយោបាយទុច្ចរិត ព្រោះយើងធ្វើតែយើងទៅ គេធ្វើតែគេទៅ ហើយអ្នកណាឆក់យកបេះដូងប្រជាពលរដ្ឋបាន គឺអ្នកហ្នឹងឈ្នះហើយ ហើយគ្រាន់តែឆក់យកបេះដូងប្រជាពលរដ្ឋ ពុំគួរទៅវ៉ៃប្រហារ ទៅលាបពណ៌ មួលបង្កាច់គេ ទាំងខ្លួនឯងកំពុងធ្វើនយោបាយដែរនោះទេ ។ អាហ្នឹងគឺនយោបាយបង្កសត្រូវ នយោបាយបង្កហិង្សារវាងនយោបាយនៅខ្មែរយើងតែម្ដង ។ មែនទែនទៅ ពួកយើងកម្រិតនេះហើយ មិនមែនកូនក្មេងទេ មិនមែនកូនក្មេងដែលធ្វើអីមួយចងជាក្រុម ហើយគ្មានលក្ខន្តិកៈ គ្មានសរសេរកិច្ចព្រមព្រៀងនោះទេ យើងមានកិច្ចព្រមព្រៀងពិនិត្យមើល មុននឹងឈានទៅដល់ចុះអនុស្សរណៈស៊ីញ៉េទទួលស្គាល់ យើងមើលកន្លែងណាដែលយើងគិតថា វារឹតត្បិតសេរីភាពគណបក្សនយោបាយរបស់យើង យើងសុំកែតម្រូវ ។ ប៉ុន្តែក្រោយពីយើងមើលពិនិត្យអស់ហើយ វាអត់មានភាពរឹតត្បិតសេរីភាពនយោបាយនីមួយៗ គឺបើកទូលំទូលាយ គឺយើងយោគយល់គ្នាធ្វើការងារ បើមានបញ្ហាអីនៅក្នុងនយោបាយ យើងជជែកដោះស្រាយគ្នាក្នុងវប្បធម៌សន្ទនា ដូចអស់លោកមួយចំនួន កាលមុនបង្កើតអ៊ីចឹងដែរ វាអត់មានទៅរឹតត្បិតអ្នកណាទៅអ្នកណាទេ ព្រោះសិទ្ធិនយោបាយ គឺនៅក្នុងច្បាប់ជាអ្នកកំណត់ ។ អ៊ីចឹងរាល់កិច្ចព្រមព្រៀងទាំងឡាយណាក៏វាមិនប្រាសចាកពីច្បាប់ស្ដីពីគណបក្សនយោបាយដែរ វាអត់អាចទៅរឹតត្បិតគេបានទេ ក្នុងនាមដៃគូសម្ព័ន្ធភាព ក្នុងនាមធ្វើការជាមួយគ្នាបែបអហិង្សា វាអត់មានពីណាគាបសង្កត់ពីណាទេ ។ ខ្លួនឯងទៅវិញទេ គឺតែងតែមកដាក់សម្ពាធអ្នកនយោបាយដទៃទៀត ថាបែបនេះ ថាបែបនោះ ខ្លួនឯងទៅវិញទេ ជាជនដែលទៅបំពានសិទ្ធិនយោបាយអ្នកដទៃ គាបសិទ្ធិសេរីភាពគេ បង្ខំគេឲ្យធ្វើតាមខ្លួន បើមិនធ្វើតាមខ្លួនទេ ជេរគេថា រណប ជេរគេថាគេលក់ក្បាលហើយ ។ ហ្នឹងគឺឆ្លុះបញ្ចាំងថា ពួកគាត់ទៅវិញទេ ជាអ្នកដាក់សម្ពាធឲ្យអ្នកនយោបាយដទៃទៀត“ ។

លោកបណ្ឌិត ពេជ្រ ស្រស់ បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំមើលឃើញថា គាត់អស់ច្រកដើរហើយ គាត់អស់ផ្លូវដើរហើយ បានគាត់មកចងសម្ព័ន្ធភាពគ្នាទេ ពីព្រោះបុគ្គលពួកគាត់ហ្នឹង គឺតួឯកពីកន្លងមក តែពេលឥឡូវគាត់បាក់ស្បាតអស់ហើយ គាត់ខ្លាចឆេះផ្ទះមួយ អត់មានផ្ទះមួយជ្រក អ៊ីចឹងគាត់យកគណបក្សដទៃ អាម៉ីអាម៉ោងអីទៅអែបអប ទៅរណប ទៅអីអ៊ីចឹងទៅ ដើម្បីថាបើឆេះផ្ទះមួយ វានៅផ្ទះមួយ ។ ជាក់ស្ដែងគណបក្សភ្លើងទៀន ហ្នឹង គឺឆេះបាត់ទៅហើយ ពុំសិទ្ធិត្រឹមត្រូវក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោតទេ អ៊ីចឹងបានទៅរណបបក្សនេះ បក្សនោះ ហៅគេមកចូលរួមជាមួយខ្លួន បិទបាំងថាខ្លួនឯងមានសិទ្ធិធ្វើនយោបាយដែរ ប៉ុន្តែសួរថា ឥឡូវមានសិទ្ធិឈរឈ្មោះទេ? អត់មានទេ ដោយសារបាត់នូវអត្រានុកាលដ្ឋានរបស់ខ្លួន មានន័យថា សំបុត្រកំណើតរបស់ខ្លួននោះវាបាត់ ។ អ៊ីចឹងចូលរួមមិនបាន ទៅចងសម្ព័ន្ធភាពជាមួយគេ ដើម្បីយកឈ្មោះគេមកដើម្បីខ្ចីដៃគេប្រើទេ និយាយរួម ខ្ចីផ្ទះគេជ្រក ប៉ុន្តែរក្សាជំហរឈ្មោះគណបក្សខ្លួន ឲ្យនៅគង់វង្សដដែល ប៉ុន្តែបើសិទ្ធិឲ្យចូលទៅប្រកួតបាត់លទ្ធភាពទៅប្រកួតហើយ អាហ្នឹងគេហៅថា យុទ្ធសាស្រ្តចាញ់មួយបាត់ទៅហើយ គឺគាត់កំពុងតែប្រាប់គេថា គាត់កំពុងចាញ់ ។ ចាញ់របៀបម៉េច? ផ្ទះខ្លួនឯងគ្មាននៅផង ទៅជ្រកផ្ទះគេ ហើយមកអួតខែងរែងថា ខ្លួនឯងគ្រាន់បើ ។ ដូច្នេះខ្ញុំសុំឲ្យប្រជាពលរដ្ឋ មានការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ កុំចេះតែជឿតាមអ្នកនយោបាយទុច្ចរិតនិយាយ ហើយអ្នកនយោបាយទុច្ចរិតនិយាយនោះ គួរតែប្ដូរយុទ្ធសាស្រ្តនយោបាយទៅ ឈប់អាលាបពណ៌ មួលបង្កាច់គេទៅ ធ្វើអ្វីដែលជាចំណុចខ្លាំងខ្លួនឯងទៅ ទាក់ទាញប្រជាពលរដ្ឋទៅ ហើយស្ដារនីតិសម្បទាគណបក្សខ្លួនឯងឡើងវិញទៅ ពីព្រោះពួកគាត់ជាតួឯកនិយម បើបក្សគាត់មានសិទ្ធិឈរឈ្មោះបោះឆ្នោត គឺគាត់មិនទៅចងជាមួយនឹងគណបក្សដទៃទេ ពួកគាត់ហ្នឹងនោះ ពួកគាត់បែបលក្ខណៈអញនិយម តួឯកនិយម ប៉ុន្តែដល់ពេលឥឡូវ ទៅចងជាមួយគេ ទៅខ្ចីផ្ទះគេនៅហើយ មកជះទឹកខ្មៅដាក់អ្នកដទៃ អាហ្នឹងព្រះមិនប្រោសទេ គួរវៀរចាក ក៏គួរវៀរចាកចេញទៅ ដើម្បីមានពន្លឺជីវិតនយោបាយឡើងវិញ“ ។

ស្រដៀងគ្នានេះដែរ លោកគុជ លី ប្រធានគណបក្សខ្មែរតែមួយ ដែលជាគណបក្សសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ថា ការលើកឡើងរបស់មេបក្សភ្លើងទៀន គ្រាន់តែជាលេសនយោបាយ នុយនយោបាយ ជាសារមួយ ដើម្បីឲ្យប្រជាពលរដ្ឋស្គាល់ពីអត្តចរិតរបស់គាត់ធ្វើនយោបាយតាមមេគំរូរបស់គាត់ គឺជនក្បត់ជាតិសម រង្ស៊ី ដែលជាអ្នកធ្វើនយោបាយច្រណែនឈ្នានីស បង្អាប់បន្តុះជាតិសាសន៍ខ្លួនឯង មិនបង្ហាញជាគំរូសម្រាប់អ្នកបន្តវេន ។ ប៉ុន្តែការធ្វើនយោបាយបន្តុះបង្អាប់គ្នាឯង មិនត្រឹមតែមិនផ្ដល់ផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនទេ ថែមទាំងហុចដៃឲ្យបរទេស អ្នកជិតខាងហ្នឹងមើលងាយជាតិសាសន៍ខ្លួនឯងតែប៉ុណ្ណោះ ។

លោកគុជ លី បានមានប្រសាសន៍ថា “ចំពោះខ្ញុំជាប្រធានគណបក្សនយោបាយខ្មែរតែមួយ នៅក្នុងចំណោមសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច ខ្ញុំយល់ឃើញថា លោកទាវ វណ្ណុល ដែលជាមេបក្សភ្លើងទៀន បានលើកឡើងថា សម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាចហ្នឹង គឺជាគណបក្សរណប គ្មានសេរីភាព ។ អ៊ីចឹងខ្ញុំយល់ឃើញថា នេះគឺជាទស្សនៈមួយដែលកំពុងតែធ្វើនយោបាយក្ដិចត្រួយគ្នាទៅវិញទៅមក ជាវប្បធម៌លាបពណ៌មួយ ដែលយើងមិនគួរយកគំរូតាមដែលក្នុងនាមគាត់ជាអ្នកនយោបាយចាស់ទុំទេ ។ សម្រាប់ខ្ញុំជាអ្នកនយោបាយជំនាន់ក្រោយ ខ្ញុំយល់ឃើញថា គំនិតរបស់គាត់គឺជាគំនិតច្រណែនឈ្នានីសធ្វើនយោបាយជាមួយនឹងគណបក្សសម្ព័ន្ធភាព ជាមួយនឹងគណបក្សប្រជាជន ក្នុងនាមយើងធ្វើកិច្ចការងារនៅក្នុងសង្គមដូចគ្នា ។ យើងយល់ឃើញថា នៅក្នុងប្រទេសកម្ពុជា មានគណបក្ស៣ប្រភេទ ដែលជាគណបក្សដំណើរការលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា ។ ទី១ គឺគណបក្សកាន់អំណាច ទី២ គឺគណបក្សកណ្ដាលនិយម ចាត់ទុកថា គណបក្សខ្មែរតែមួយ ជាគណបក្សកណ្ដាលនិយម យល់ឃើញថា សន្តិភាពនៅក្នុងប្រទេសកម្ពុជា គឺជាសន្តិភាពសម្រាប់របស់ខ្មែរយើង ហើយនិងគណបក្សឈ្វេងនិយម យើងសំដៅលើពួកជ្រុលនិយមហ្នឹងតែម្ដង ។ អ៊ីចឹងប្រភេទ៣ ដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា  ។ អ៊ីចឹងហើយចំពោះខ្ញុំ ខ្ញុំយល់ឃើញថា គំនិតទុទ្ទិដ្ឋនិយមរបស់លោកទាវ វណ្ណុល នេះ គឺជាគំនិតបន្ទច់បង្អាក់មួយ គ្រាន់ជាសារលេសនយោបាយ ដើម្បីទាក់ទាញសំឡេងឆ្នោត ទាក់ទាញប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ។ ប៉ុន្តែសម្រាប់ខ្ញុំធ្វើការកត់សម្គាល់ក្នុងការសិក្សាស្រាវជ្រាវ ខ្ញុំមើលឃើញថា ទ្រឹស្ដីវាយប្រហារ ទ្រឹស្ដីបង្អាប់បន្តុះរបស់គាត់ គឺបានរៀនសូត្រជាមួយនឹងមេដឹកនាំរបស់គាត់ គឺជនក្បត់ជាតិ សម រង្ស៊ី តែម្ដង ។ អ៊ីចឹងពេលដែលគាត់ធ្លាក់ប្រជាប្រិយភាព ពេលដែលគាត់បាត់បង់អ្នកគាំទ្រ ពេលគាត់បាត់ជំហរនៃគោលនយោបាយ ឬក៏គណបក្សរបររបស់ខ្លួន គឺចាត់ទុកការវ៉ៃប្រហារអ្នកដទៃហ្នឹងជាការដើម្បីទាញយកប្រយោជន៍ ទាញយកការគាំទ្រមកវិញ ។ អ៊ីចឹងខ្ញុំគិតថា យុវជនជំនាន់ក្រោយ ដែលគាត់សិក្សាស្រាវជ្រាវ ហើយរៀនបានចំណេះខ្ពង់ខ្ពស់ គាត់នឹងអាចវាយតម្លៃបានហើយ ។ យើងមើលឃើញថា ចលនាសម្ព័ន្ធភាពឆ្ពោះទៅអនាគត ដែលមាន ៥គណបក្ស កំពុងតែចូលរួមហ្នឹង យើងឃើញថា ជាដង្ហើមចុងខ្យល់មួយ ពីព្រោះពួកគាត់មិនដណ្ដើមចលនាគ្នាគាត់បានទេ អ៊ីចឹងគាត់អត់ហ៊ានទៅវ៉ៃគ្នាឯង មានន័យថា គាត់កំពុងតែអស់ប្រជាប្រិយភាពជាមួយនឹងគណបក្សដំណើរការអួតអាងថាជាអ្នកប្រជាធិបតេយ្យដូចគ្នា យើងមើលឃើញថា កម្លាំងជាតិ ដឹកនាំដោយលោកជា មុនី បច្ចុប្បន្នភាពដែលធ្វើប្រធាន ហើយនិងគណបក្សថ្មីមួយទៀត គឺជំនាន់ថ្មី ដែលដឹកនាំដោយលោកមាជ សុវណ្ណារ៉ា ។ អ៊ីចឹងយើងមើលឃើញថា ពួកគាត់មិនហ៊ានទៅវ៉ៃប្រហារជាមួយលោកជា មុនី និងមាជ សុវណ្ណារ៉ា នោះទេ អ៊ីចឹងហើយគាត់ឆ្លៀតឱកាសមកវ៉ៃប្រហារគណបក្សសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច ឬគណបក្សប្រជាជន តែម្ដង ។ អ៊ីចឹងយើងមើលឃើញថា នេះគឺជានយោបាយទុច្ចរិតរបស់គាត់មួយ ក្នុងការអូសទាញ ដើម្បីប្រមូលសំឡេង ឬនិយាយប្រាប់ប្រជាពលរដ្ឋ ដែលជាអ្នកម្ចាស់ឆ្នោតទៅវិញ ។ តាមពិតទៅ រឿងការធ្វើសម្ព័ន្ធភាព មិនមែនជារឿងថ្មីថ្មោងដូចគណបក្សខ្មែរតែមួយទេ ។ គណបក្សខ្មែរតែមួយ បានចូលរួមក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ តាំងពីអាណត្តិទី៦ ឆ្នាំ២០១៨ម្ល៉េះ“ ។

លោកគុជ លី បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយខ្ញុំគិតថា វាជានយោបាយទាល់ច្រករបស់គាត់ យើងមើលឃើញថា នយោបាយគណបក្សភ្លើងទៀន មិនមានជម្រើសអ្វីថ្មី សម្រាប់ការចូលរួមបោះឆ្នោតទេ គឺគណបក្សនេះមិនមានសំបុត្រកំណើត ឬក៏លិខិតចុះបញ្ជីនៅក្នុងគណបក្សនយោបាយហ្នឹង ត្រូវបានបាត់ ។ អ៊ីចឺងហើយចូលរួមការបោះឆ្នោតឆ្នាំ២០២៣ អាណត្តិទី៧ យើងមើលឃើញថា គ.ជ.ប បានបដិសេធគណបក្ស២ គឺគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដោយសារខ្វះឯកសារ គឺហៅថា សំបុត្រកំណើតរបស់គណបក្សហ្នឹងតែម្ដង ។ អ៊ីចឹងយើងមើលឃើញថា ចលនាគណបក្សនេះ នឹងអាចដើរទៅមុខបាន គឺដោយសារតែក្រសួងមហាផ្ទៃ មិនទាន់បានលុប គឺអនុញ្ញាតឲ្យធ្វើ ក៏ប៉ុន្តែពួកគេយល់ឃើញថា មិនអាចចូលរួមការបោះឆ្នោតបាន ។ អ៊ីចឹងហើយគេមានជម្រើសថ្មីមួយ គឺគណបក្សឆន្ទៈខ្មែរ ។ គណបក្សឆន្ទៈខ្មែរ ក៏ធ្លាប់ជាអតីតចូលរួមនៅក្នុងឧត្ដមក្រុមប្រឹក្សានិងពិគ្រោះយោបល់ អាណត្តិទី៦ហ្នឹងដែរ ។ អ៊ីចឹងយើងមើលឃើញថា ពួកគាត់ គេហៅថា ស៊ីលៀសរអៀសខ្លួន ប្រើភាសាសាមញ្ញទៅ លាងតែគូទឯងមិនជ្រះផង ហើយចង់រិះគន់អ្នកដទៃ ។ អ៊ីចឹងបើសិនជាគាត់រិះគន់ថា គណបក្សសម្ព័ន្ធភាពជាមួយនឹងគណបក្សប្រជាជន គឺជាគណបក្សរណប ឬក៏គ្មានសេរីភាពក្នុងការបញ្ចេញមតិ ចុះហេតុអីគណបក្សឆន្ទៈខ្មែរ អតីតកាលហ្នឹង គាត់មិនសិក្សាពីសារបានប្រវត្តិរបស់ខ្លួនផង? អ៊ីចឹងយើងមើលឃើញថា ទង្វើរបស់គាត់រិះគន់អ្នកដទៃ ប៉ុន្តែគាត់ភ្លេចខ្លួនថា ក្នុងសម្ព័ន្ធភាពរបស់គាត់ ក៏មានគណបក្សឆន្ទៈខ្មែរ ដែលធ្លាប់ចូលរួមជាមួយនឹងឧត្ដមក្រុមប្រឹក្សានិងពិគ្រោះយោបល់ ក៏ដូចជាសម្ព័ន្ធភាពជាមួយនឹងគណបក្សប្រជាជននោះដែរ ។ អ៊ីចឹងសម្រាប់ខ្ញុំ សរុបមកវិញ គឺខ្ញុំយល់ឃើញថា លោកទាវ វណ្ណុល ដែលជាប្រធានគណបក្សភ្លើងទៀន បានលើកឡើង អំណះអំណាងថា គណបក្សចំនួន២៩គណបក្ស ដែលធ្វើសម្ព័ន្ធភាពជាមួយគណបក្សប្រជាជននោះ គ្រាន់តែជាលេសនយោបាយ គ្រាន់តែជានុយនយោបាយ គ្រាន់តែជាសារមួយ ដើម្បីឲ្យប្រជាពលរដ្ឋស្គាល់ពីអត្តចរិតរបស់គាត់ធ្វើនយោបាយតាមមេគំរូរបស់គាត់ គឺមេគំរូជនក្បត់ជាតិសម រង្ស៊ី គឺជាអ្នកធ្វើនយោបាយច្រណែនឈ្នានីស ធ្វើនយោបាយបង្អាប់បន្តុះជាតិសាសន៍ខ្លួនឯង ធ្វើនយោបាយមិនបង្ហាញជាគំរូសម្រាប់អ្នកបន្តវេន ។ អ៊ីចឹងសរុបមកវិញ ខ្ញុំគិតថា ការធ្វើនយោបាយបន្តុះបង្អាប់គ្នាឯង គឺមិនផ្ដល់ផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនទេ ថែមទាំងហុចដៃឲ្យបរទេស អ្នកជិតខាងហ្នឹងមើលងាយជាតិសាសន៍ខ្លួនឯងតែប៉ុណ្ណោះ“ ។

គួរបញ្ជាក់ថា ប្រតិកម្មឆ្លើយតបរបស់ប្រធានគណបក្សក្នុងសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនបានលើកឡើងថា គណបក្សជាង២០ ដែលនៅក្នុងសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាចនោះ មិនមែនជាគណបក្សមានសេរីភាពទេ គឺជាគណបក្សដែលហៅថា គណបក្សរណប ។

លោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានលើកឡើងបែបនេះ ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដោយលោកបានថ្លែងថា សម្ព័ន្ធភាពឆ្ពោះទៅអនាគត នឹងនាំមកនូវការរួបរួមមួយ ដែលជាចលករដ៏សំខាន់សម្រាប់អ្នកប្រជាធិបតេយ្យ ហើយលោកសង្ឃឹមថា ការរួបរួមនេះ នឹងនាំមកនូវជ័យជម្នះនៅក្នុងការបោះឆ្នោត នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ ។ ជាពិសេសលោកថា បើទោះបីគណបក្សកាន់អំណាច មានសម្ព័ន្ធជាមួយគណបក្សផ្សេងទៀត ដល់ទៅជិត៣០គណបក្សក៏ដោយ ក៏សម្ព័ន្ធភាពឆ្ពោះទៅអនាគត ដែលមាន ៥គណបក្ស អាចប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចបាន ព្រោះប្រជាពលរដ្ឋម្ចាស់ឆ្នោតដឹងហើយថា គណបក្សសម្ព័ន្ធភាពរបស់គណបក្សកាន់អំណាចទាំងនោះ គឺជាគណបក្សរណប ។

លោកទាវ វណ្ណុល បានមានប្រសាសន៍នៅពេលនោះថា “បាទ! ខ្ញុំសង្ឃឹមថា សម្ព័ន្ធភាពនឹងនាំមកនូវការរួបរួមមួយ ដែលជាចលករដ៏សំខាន់សម្រាប់អ្នកប្រជាធិបតេយ្យ ហើយខ្ញុំសង្ឃឹមថា ការរួបរួមនេះ នឹងនាំមកនូវជ័យជម្នះនៅក្នុងការបោះឆ្នោត២ នៅពេលខាងមុខ គឺនៅឆ្នាំ២០២៧ ហើយនិង២០២៨ ។ ការសង្ឃឹមនេះ ដោយសារប្រជាពលរដ្ឋ លោកចង់បានឲ្យគណបក្សប្រជាធិបតេយ្យរួបរួមគ្នាតែមួយ កុំឲ្យមានច្រើន ។ អ៊ីចឹងខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋលោកនឺងបោះឆ្នោតជូនអ្នកប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតខាងមុខនេះ ។ ក្នុងន័យនេះដែរ បើនិយាយពីការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ដែលមានគណបក្សសម្ព័ន្ធភាពដល់ទៅ២៧គណបក្ស ខ្ញុំជឿថា អាចបាន ពីព្រោះប្រជាពលរដ្ឋលោកយល់ គឺគណបក្សកាន់អំណាច ទោះបីជាមានសម្ព័ន្ធភាពជាង២០គណបក្សក៏ដោយ ប៉ុន្តែយើងដឹងហើយ គណបក្សទាំងអស់នោះ មិនមែនជាគណបក្សមានសេរីភាពទេ គឺជាគណបក្សដែលយើងហៅថា គណបក្សរណប ។ អ៊ីចឹងប្រជាពលលោកយល់ លោកដឹងថា គណបក្សទាំងអស់នោះ ដូចជាគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យជាដើម លោកដឹងហើយ មេដឹកនាំគណបក្សសំបុកឃ្មុំជានរណា ហើយធ្វើអី? អ៊ីចឹងខ្ញុំជឿថា ប្រជាពលរដ្ឋមិនបានយកចិត្តទុកដាក់នឹងគណបក្សរណបទាំងអស់នោះទេ តែផ្ទុយទៅវិញ ខ្ញុំជឿថា ប្រជាពលរដ្ឋចង់ឲ្យគណបក្សប្រជាធិបតេយ្យរួបរួមគ្នា ដូចកាលដែលគណបក្សសង្រ្គោះជាតិដំណើរការ គឺគណបក្សសម រង្ស៊ី ហើយនិងគណបក្សសិទ្ធិមនុស្ស ចូលរួបរួមគ្នា ហ្នឹងគឺជាមតិប្រជាពលរដ្ឋដែលចង់បាន ។ អ៊ីចឹងហើយបានជាយើងខំបង្រួបបង្រួមគណបក្សដែលមាននិន្នាការប្រជាធិបតេយ្យដូចគ្នា ឲ្យបានចូលរួមជាមួយគ្នា“ ។

ដោយឡែក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ សម្ព័ន្ធភាពឆ្ពោះទៅអនាគត បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីសកម្មភាពការងារ រយៈពេល ១ឆ្នាំ របស់ខ្លួន ហើយក្រោយចប់សន្និសីទសារព័ត៌មាន នៅថ្ងៃដដែលនោះ សម្ព័ន្ធភាពឆ្ពោះទៅអនាគត ដែលរួមាន ៥គណបក្ស គឺគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សកម្ពុជានិយម បានចេញសេចក្ដីថ្លែងការណ៍រួមមួយ បញ្ជាក់ថា ដោយយល់ឃើញថា មានតែការបង្រួបបង្រួមកម្លាំងនយោបាយប្រជាធិបេតយ្យពិតប្រាកដ ទើបអាចជាចលករមួយក្នុងការចូលរួមពង្រឹងនិងលើកស្ទួយប្រកបដោយប្រសិទ្ធភាពនូវការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាព និងរបបប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានា នៃព្រះរាជាណាចក្រកម្ពុជា សម្ព័ន្ធភាពឆ្ពោះទៅអនាគត បានជ្រើសរើសយកគណបក្សឆន្ទៈខ្មែរ មកពិចារណាជាគណបក្សតំណាងឱ្យសម្ព័ន្ធភាព ក្នុងការចូលរួមការបោះឆ្នោត នាពេលអនាគត។ សម្ព័ន្ធភាពឆ្ពោះទៅអនាគត ជាកម្លាំងចលករថ្មីមួយសម្រាប់ជាការជំរុញនិងលើកទឹកចិត្ត ព្រមទាំងជាជម្រើសរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការចូលរួមកសាងសង្គមប្រជាធិបតេយ្យ យុត្តិធម៌សង្គម ការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ព្រមទាំងភាពសុខដុមរមនាសម្រាប់ប្រជាជាតិខ្មែរ ទាំងមូល នាពេលអនាគត។

សម្ព័ន្ធភាពឆ្ពោះទៅអនាគត បើកចំហសម្រាប់ការចូលរួមពីគ្រប់គណបក្សនយោបាយ ដែលមានទស្សនៈ គោលដៅនិងគោលជំហរនយោបាយដូចគ្នា ដើម្បីរួមគ្នាសម្រេចគោលបំណងខាងលើនេះ ដោយឈរលើស្មារតីបង្រួបបង្រួម សាមគ្គីភាព និងឯកភាគជាតិ ៕ កុលបុត្រ

RELATED ARTICLES