ខេត្តស្ទឹងត្រែង អ្នកដាំដើមពោធិ៍ នៅក្បែរមណ្ឌបព្រះរាជបូជនីយកិច្ចព្រះបរមរតនកោដ្ឋ ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង ត្រូវបានរកឃើញ គឺលោកយាយ ថាច់ យួង ដែលបច្ចុប្បន្នមានវ័យ១០១ឆ្នាំទៅហើយ។

លោកសរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ថា លោកយាយ ថាច់ យួង អាយុ ១០១ឆ្នាំ អ្នកដាំដើមពោធិ៍ ដែលនៅពីក្រោយព្រះមណ្ឌបព្រះរាជបូជនីយកិច្ចព្រះករុណា ព្រះបរមរតនកោដ្ឋ (និគមជនបុរីអូរស្វាយ) ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ហើយលោកយាយ ក៏ជាគ្រួសារប្រជាពលរដ្ឋក្នុងចំណោមប្រជាពលរដ្ឋដែលព្រះករុណាព្រះបរមរតនកោដ្ឋ បានបញ្ជូនមកតាំងលំនៅឋានក្នុងនិគមជនបុរីអូរស្វាយ (ចន្លោះឆ្នាំ១៩៦២-១៩៦៧) ផងដែរ។

សូមរំឭកថា ក្រោយពីប្រទេសកម្ពុជា ទទួលបានឯករាជ្យពេញលេញពីអាណានិគមបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣មក ក្នុងចន្លោះឆ្នាំ១៩៦២-១៩៦៧ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយកប្រជាជន មកពីតាមបណ្តាខេត្តផ្សេងៗ ឱ្យមករស់នៅក្នុងតំបន់ ភូមិសាស្ត្រខេត្តស្ទឹងត្រែង ជាច្រើនគ្រួសារ។ គ្រានោះ សម្តេចព្រះបរមរតនកោដ្ឋ បានឧបត្ថម្ភដល់គ្រួសារប្រជាជនជាច្រើនមុខ ដូចជា គ្រឿងឧបភោគ-បរិភោគ មាន់ទា គោក្របី ពូជស្រូវ ពូជដំណាំ ដីលំនៅឋាន ដីកសិកម្ម សាលារៀន និងមន្ទីរពេទ្យ ជាដើម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាជនដែលមកតាំងទីលំនៅថ្មីទាំងនោះ។

គួរបញ្ជាក់ថា លោកសរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានរកឃើញលោកយាយ ១០១ឆ្នាំខាងលើ បន្ទាប់ពីពិធីគោរព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់១២ឆ្នាំ បានបញ្ចប់ ដែលប្រារពធ្វើឡើងនៅស្រុកបុរីអូរស្វាយ សែនជ័យ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤៕


