Saturday, November 23, 2024
Homeព័ត៌មានជាតិស្លឹកចេក ប្រើរួចបោះចោល សហការីសម រង្ស៊ី ថាលី សាម៉េត ជាមេលលកធ្នាក់បរាជ័យ

ស្លឹកចេក ប្រើរួចបោះចោល សហការីសម រង្ស៊ី ថាលី សាម៉េត ជាមេលលកធ្នាក់បរាជ័យ

ភ្នំពេញ ៖ អតីតសមាជិកសភា នៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលជាសហការីលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានលើកឡើងថា អ្នកឧកញ៉ា លី សាម៉េត ហៅគ្រូមា ទីប្រឹក្សាសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលត្រូវបានសម្តេច ទម្លាយថាបានយកឈ្មោះសម្ដេច ទៅបោកប្រាស់លុយគេ រាប់សិបលានដុល្លារ និងបានស្នើឲ្យក្រសួងយុត្តិធម៌ និងតុលាការ រៀបចំបែបបទបង្កកទ្រព្យសម្បត្តិគ្រូមា រូបនេះ ដើម្បីសងជនរងគ្រោះនោះ គឺជាមេលលកធ្នាក់ ដែលបរាជ័យក្នុងការអូសទាញសកម្មជន ថ្នាក់ដឹកនាំអតីតបក្សប្រឆាំង ឲ្យចុះចូលបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ទើបត្រូវបានកម្ចាត់ចោល ឬប្រៀបដូចជាស្លឹកចេក ដែលគេប្រើរួចហើយ បោះចោលដូច្នោះដែរ ។ ជាមួយគ្នានេះ សហការីសម រង្ស៊ី ដដែលនេះ បានអះអាងថា លុយ ១០លានដុល្លារ ដែលសម្តេចហ៊ុន សែន ទម្លាយថា លោកលី សាម៉េត យកពីឈ្មោះសុខ ឡេង នោះ គឺជាលុយសម្តេចហ៊ុន សែន ។

លោកហេង ដាណារ៉ូ អតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ស្លឹកចេក តែប្រើរួចហើយ ត្រូវតែបោះចោល“ ។

ភ្ជាប់ជាមួយសំណេរខាងលើនេះ លោកហេង ដាណារ៉ូ បានបញ្ជាក់នៅក្នុងវីដេអូ តាមហ្វេសប៊ុក ដដែលនោះថា “ហ៊ុន សែន បានចាត់ការលោកលី សាម៉េត ធ្វើឲ្យយើងត្រេកអរពីឃើញចំណាត់ការលោកហ៊ុន សែន ធ្វើចំពោះជនដែលបោកប្រាស់ប្រជារាស្រ្ត ក៏ប៉ុន្តែយើងអត់ឃើញលោកហ៊ុន សែន ចាត់ការចំពោះឧកញ៉ាលក់ដីខ្យល់ លក់ផ្ទះខ្យល់ ហើយប្រជារាស្រ្តធ្វើបាតុកម្មរៀងរាល់ថ្ងៃ ។ ឧកញ៉ាដែលលក់ដីខ្យល់ លក់ផ្ទះខ្យល់ហ្នឹង បោកប្រាស់ប្រជារាស្រ្តហ្នឹង គិតទៅ រាប់ពាន់នាក់ ។ លី សាម៉េត ឃើញបោកប្រាស់មនុស្ស ៣នាក់ ដែលលោកហ៊ុន សែន លើកឡើង អ្នកផ្សេងទៀត យើងអត់ដឹងទេ ប៉ុន្តែលោកហ៊ុន សែន លើកឡើងជាក់ស្ដែង ៣នាក់ ហើយអ្វីដែលសំខាន់ ដែលយើងចាប់អារម្មណ៍ គឺ៣នាក់ ដែលលោកហ៊ុន សែន លើកហ្នឹង គឺមានលោកសុខ ឡេង ដែលឲ្យលោកលី សាម៉េត ខ្ចីលុយ ១០លានដុល្លារ ។ យើងដឹងថា លោកសុខ ឡេង បើគាត់មានលុយ ១០លានដុល្លារ ទៅឲ្យលោកលី សាម៉េត ខ្ចី ហើយលោកលី សាម៉េត យកឈ្មោះលោកហ៊ុន សែន ទៅខ្ចីហ្នឹង គាត់ជាបុគ្គលមហាសេដ្ឋីហើយ គាត់មិនមែនមានលុយត្រឹមតែ ១០លានទេ គាត់មានលុយយ៉ាងតិច ១០០លាន ហើយបើលោកលី សាម៉េត ស្គាល់លោកហ៊ុន សែន នោះលោកសុខ ឡេង ក៏ស្គាល់លោកហ៊ុន សែន ដូចតែគ្នាហ្នឹង ហេតុអីពេលដែលលុយទៅលោកលី សាម៉េត គាត់មិនសួរលោកហ៊ុន សែន? បើលោកលី សាម៉េត យកឈ្មោះលោកហ៊ុន សែន ទៅខ្ចីលុយហ្នឹង? នេះជារឿងដែលវាមានភាពមិនប្រក្រតី ។ អ៊ីចឹងទេ យើងគិតថា លុយលោកសុខ ឡេង ហ្នឹង ជាលុយដែលលោកហ៊ុន សែន ផ្ញើ ពីព្រោះដើម្បីលាងលុយពុករលួយរបស់គាត់ គឺគាត់ឲ្យបុគ្គលឈរឈ្មោះជំនួស ។ អ៊ីចឹងតែលី សាម៉េត និយាយប្រាប់ថា លោកហ៊ុន សែន ឲ្យយក អ្នកដែលគ្រប់គ្រងលុយមួយចំនួនហ្នឹង ម៉េចហ៊ានតវ៉ា គឺដឹងតែឲ្យអូតូម៉ាទិកហើយ ។ ដូច្នេះយើងឃើញថា គឺលោកលី សាម៉េត អាចយកបានអូតូម៉ាទិកមែន ពីព្រោះជាលុយរបស់លោកហ៊ុន សែន ហើយយើងឃើញមួយទៀត នៅឆ្នាំ២០២២ នេះ យីអ៊ុនរបស់លោកលី សាម៉េត ហ្នឹង ឡើងដល់កំពូលហើយ ពីព្រោះគាត់គឺជាឃោសនិកដ៏ចំណាន ដែលដើរឃោសនាទូទាំងប្រទេស សូម្បីតែមន្រ្តីគណបក្សប្រជាជន គ្រាក់ៗហ្នឹង ក៏ត្រូវតែខ្លាចលោកលី សាម៉េត ដែរ អស់លោកទាំងអស់ហ្នឹង ត្រូវដើរកន្ទុយតាមលោកលី សាម៉េត“ ។

លោកហេង ដាណារ៉ូ បន្តថា “លោកលី សាម៉េត ជាមគ្គុទេសក៍ដ៏ឆ្នើម ក្នុងការឃោសនាឲ្យលោកហ៊ុន សែន ឆ្នាំ២០២២ ពីព្រោះគាត់បាននិយាយអួតក្អេងក្អាងថា លោកហ៊ុន សែន ជាទេវតាចាប់ជាតិ ជាអី គឺជាការលើកតម្កើងលោកហ៊ុន សែន ធ្វើឲ្យលោកហ៊ុន សែន បាក់ទឹកចិត្ត បាក់អារម្មណ៍ ជឿជាក់លើគាត់ ។ អានេះហើយជាការប្រូរបស់គាត់ធ្វើឲ្យលោកហ៊ុន សែន ចាញ់បោកគាត់ ។ អាហ្នឹងដល់ពេលចាញ់បោកលី សាម៉េត លោកហ៊ុន សែន ត្រូវការលទ្ធផល ព្រោះមិនមែនលោកលី សាម៉េត ចេះតែអួតហ្នឹង លោកហ៊ុន សែន ឲ្យអួតអ៊ីចឹងទេ ព្រោះលោកលី សាម៉េត គាត់បានធានាទៅជាមួយលោកហ៊ុន សែន នឹងដើររៀបចំទាក់ទាញ អូសទាញសកម្មជនគណបក្សប្រឆាំង ឲ្យចុះចូលជាមួយហ៊ុន សែន ប៉ុន្តែលទ្ធផលគាត់ត្រូវគេតែងតាំងជាមេលលកហ្នឹង គាត់មិនបានទាក់ទាញសកម្មជន ឲ្យចុះចូលទៅតាមអ្វីដែលជាបំណងប្រាថ្នារបស់ហ៊ុន សែន ទេ គឺគេចូលតែមុខ តែខ្លួនទេ តែចិត្ត គេអត់ចូលជាមួយទេ ។ ដល់អ៊ីចឹងហើយ បានគាត់ក្ដៅក្រហាយជាមួយលោកលី សាម៉េត ដែលបោកប្រាស់គាត់ ដែលអួតក្អេងក្អាង និយាយពីការចុះចូលរបស់ប្រជាពលរដ្ឋ តែលទ្ធផលមានតែក្រដាស មានតែតួលេខ ហើយលទ្ធផលជាក់ស្ដែង គឺអត់មាន ។ អ៊ីចឹងហើយបានគាត់រៀបចំក្រុមលលកថ្មី បំបាត់លលកលី សាម៉េត ចោល ប៉ុន្តែលោកហ៊ុន សែន គាត់ក៏បានលី សាម៉េត ដែរ ដែលដើរឃោសនាឲ្យ ដើម្បីបោកប្រាស់ប្រជារាស្រ្តនោះ ព្រោះលី សាម៉េត គេអួតថា គេគ្រូទាយ បើថា មនុស្សដើរកាត់មុខ មើលឃើញដល់អាវក្នុង ដល់ខោក្នុងនោះ រឿងអីលោកហ៊ុន សែន មិនជឿ? ប៉ុន្តែអ្វីដែលសំខាន់ វាជាចរិតបោកប្រាស់របស់លោកហ៊ុន សែន ។ យើងដឹងថា កាលពីលោកហ៊ុន សែន ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចក្រុមព្រះ ឆ្នាំ១៩៩៧ គាត់ប្រើប្រាស់ភុន ភាព ក្មេងឃ្វាលគោ មិនដឹងមកពីណា ដើម្បីយកលេសធ្វើរដ្ឋប្រហារ ហើយចុងក្រោយ គេបំបាត់ភុន ភាព ចោល ។ ដើម្បីប្រគល់កោះត្រល់ ទៅឲ្យយួន គេធ្វើលក្ខខណ្ឌបន្ថែម កែរដ្ឋធម្មនុញ្ញ ដោយឲ្យញឹក ប៊ុនឆៃ ក្នុងនាមប្រមុខរដ្ឋស្ដីទី ធានារដ្ឋធម្មនុញ្ញបំពេញបន្ថែម ចុងក្រោយចាប់ញឹក ប៊ុនឆៃ ដាក់គុកមួយសាទៀតទៅ ។ ឥឡូវនេះដូចគ្នា ដល់ពេលត្រូវការបំបាត់រឿង CLV ពីព្រោះពេលនេះ កម្សួលនៃ CLV មិនបានរលត់ ហើយការរៀបចំលុបចោល CLV ដែលហ៊ុន សែន សន្យាហ្នឹង ក៏ប្រហែលជាមិនបានជោគជ័យ ។ ដល់អ៊ីចឹងទៅ លោកហ៊ុន សែន ចាប់ផ្ដើមមួយឈុតទៀត គឺយកលី សាម៉េត មកធ្វើជាឧបករណ៍ដើម្បីបំបាត់ការភ័យព្រួយរបស់ប្រជាពលរដ្ឋ ទាក់ទងនឹងរឿង CLV ដើម្បីបំភ័ន្តមតិជាតិនិងអន្តរជាតិ អំពី CLV ឲ្យប្រជាពលរដ្ឋងាកទៅមើលចំណាប់អារម្មណ៍ ទៅមើលលើលី សាម៉េត វិញ ។ ប៉ុន្តែប្រជាពលរដ្ឋ អត់ដែលភ្លេចទឹកដីកំណើតទេ ប្រជាពលរដ្ឋតែងតែចងចាំ ប្រជាពលរដ្ឋយល់ច្បាស់ថា លោកហ៊ុន សែន ស៊ីញ៉េ CLV ធ្វើឲ្យប្រទេសខ្មែរ បាត់បង់ ធ្វើឲ្យប្រទេសខ្មែរ អនាគតនឹងមានបញ្ហា ។ ដូច្នេះគេនៅតែគិត ទោះបីលោកហ៊ុន សែន បោកប្រាស់…” ។

បន្ថែមលើសំណេរ និងវីដេអូខាងលើនេះ លោកហេង ដាណារ៉ូ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ថា ពេលវេលាមួយដែលគេឈប់ប្រើប្រាស់ គឺវាមិនខុសពីស្លឹកចេក ដែលគេយកទៅខ្ចប់ យកទៅធ្វើនំទេ គឺធម្មតាគេញ៉ាំតែស្នូល គេមិនដែលយកស្លឹកចេកទៅញ៉ាំទេ ។ រីឯការដែលលោកថា លុយ ១០លានដុល្លារ ដែលលោកលី សាម៉េត យកពីលោកសុខ ឡេង ជាលុយរបស់សម្ដេចហ៊ុន សែន នោះ គឺលោកប្រៀបធៀបថា បើលោកលី សាម៉េត យកឈ្មោះសម្ដេចហ៊ុន សែន ទៅខ្ចី បានន័យថា មិនមែនជាលុយរបស់គាត់ទេ គឺជាលុយរបស់សម្តេចហ៊ុន សែន ហើយ ។

លោកហេង ដាណារ៉ូ បានមានប្រសាសន៍ថា “យើងឃើញថា លោកហ៊ុន សែន មិនមែនទើបប្រើលោកលី សាម៉េត លើកទី១ឯណា ។ បុគ្គលដែលលោកហ៊ុន សែន ប្រើ មានច្រើន តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ យើងរាប់ទៅ យើងឃើញច្រើន ហើយអ្នកដែលគាត់ប្រើប្រាស់រួច អត់ដែលបាននៅជាប់លាប់រហូតទេ ។ យើងមើលដូចជំនាន់៩៧ ភុន ភាព លោកហ៊ុន សែន ប្រើប្រាស់រួចទៅ ក៏បានស្លាប់អ៊ីចឹងទៅ ។ មកជំនាន់លោកញឹក ប៊ុនឆៃ សម្ដេចក្រុមព្រះ ដែលហ៊ុន សែន ប្រើប្រាស់រួចទៅ ក៏គេបោះចោលអ៊ីចឹងទៅ ។ នេះហើយយើងគិតថា ជាការប្រើប្រាស់មនុស្ស ហើយគេមិនប្រើប្រាស់ជាអលជ្ជី ជាយូរអង្វែងទេ ។ ដល់អ៊ីចឹងទៅ ពេលវេលាមួយដែលគេឈប់ប្រើប្រាស់ គេបោះចោលអ៊ីចឹងហើយ យើងចង់និយាយបញ្ជាក់រឿងហ្នឹងអ៊ីចឹង គឺវាមិនខុសពីស្លើកចេក ដែលគេយកទៅខ្ចប់ធ្វើនំ ធ្វើអីរួច ធម្មតាគេញ៉ាំតែស្នូលហ្នឹង គេមានទៅសំបកចេក មកញ៉ាំឯណា គេមិនយកស្លឹកចេកទៅញ៉ាំឯណា គេញ៉ាំតែស្នូលហ្នឹងឯង ជាពិសេសខ្ញុំចង់ចង់ប្រៀបធៀបនំអន្សម និងស្លឹកចេកបន្តិច គឺសាច់ក្នុង គឺក្រុមរបស់ CPP ពិតប្រាកដ ទោះបីខុសត្រូវយ៉ាងណា គេសុខចិត្តខ្ចប់ទុក ឯសាច់ក្រៅ ឬស្លឹកចេកហ្នឹង គឺពួកចុះចូលហ្នឹង ពួកគេបោកប្រើហ្នឹងឯង ទោះបីបម្រើគេយ៉ាងណា ក៏ថ្ងៃមួយ គង់តែដូចលី សាម៉េត ។ ហើយយើងមើលឃើញរឿងរ៉ាវច្រើន ដែលទាក់ទងនឹងការប្រើប្រាស់មនុស្សរបស់លោកហ៊ុន សែន គឺគាត់ប្រើប្រាស់ដោយមធ្យោបាយទុច្ចរិត គាត់មានប្រើប្រាស់ដោយមធ្យោបាយសុចរិតទេ ។ ក្នុងន័យនេះដែរ មេលលកធ្នាក់បរាជ័យ គឺបរាជ័យក្នុងការបម្រើលោកហ៊ុន សែន គឺហ្នឹងហើយ អាហ្នឹងគឺជាការពិត ព្រោះអ្វីដែលគាត់តែងតែអួតក្អេងក្អាងថា គាត់នឹងដើរអូសទាញសកម្មជនបក្សប្រឆាំង យកមក តែជារួម គាត់អូសទាញបានតែតួលេខ វាអត់បានទឹកចិត្ត វាអត់បានតែរូបភាព វាអត់បានទឹកចិត្ត ហើយអារូបភាពដែលគេប្រើប្រាស់អូសទាញគណបក្សប្រឆាំងហ្នឹង មិនមែនទើបប្រើប្រាស់ឆ្នាំ២០២២ ឆ្នាំ២០២៣ ឯណា គេប្រើតាំងពីឆ្នាំ១៩៩៣ មក ប៉ុន្តែគ្រាន់តែថា តួលេខនៃការចាកចេញរបស់មន្រ្តីគណបក្សប្រឆាំង ដែលវាមានទៅតាមពេលវេលា ហើយការចាកចេញនោះក៏មិនមែនចាកចេញដោយទឹកចិត្ត គឺការចាកចេញដោយការបង្ខំ ហើយនិងការឲ្យលាភសក្ការៈ ។ បើឲ្យគេចាកចេញដោយទឹកចិត្ត គឺរកមិនបានទេ“ ។

លោកហេង ដាណារ៉ូ បានមានប្រសាសន៍បន្តថា “រឿងលោកលី សាម៉េត វាជាល្បិចល្ខោនរបស់លោកហ៊ុន សែន វាមិនមែនជាជាល្បិចដែលគេចាត់ចែងរបៀបភុន ភាព ទេ ព្រោះលោកលី សាម៉េត ជាកូនអុកដែលគេប្រើប្រាស់ ដើម្បីបន្លប់សភាពការណ៍ ។ បើនិយាយទៅ គាត់ដូចជាចកមួយ រសាត់មក ហើយលោកហ៊ុន សែន បានត្រងយកមកប្រើទៅ ព្រោះលោកលី សាម៉េត ហ្នឹង គាត់ស្រែកសុំលោកហ៊ុន សែន តាំងពីឆ្នាំ២០១៦-២០១៧ គាត់ថា គាត់មិនអាចធ្វើនេះបានទេ បើហ៊ុន សែន អត់ជួយគាត់ អត់អីហ្នឹង ព្រោះកាលហ្នឹង គាត់ដូចមានរឿងរៀបចំដីធ្លីជាមួយប្រជាពលរដ្ឋ រឿងប្រមូលទិញដីធ្វើស្រែ ហើយគាត់ថា បើសិនជាហ៊ុន សែន អត់ជួយ កាលហ្នឹង គាត់ក្ស័យធន គាត់អីហើយ បន្ទាប់មកបានឃើញលោកហ៊ុន សែន ជួយគាត់អ៊ីចឹងទៅ បានគាត់មានមុខមានមាត់ រហូតលោកហ៊ុន សែន តែងតាំងជាទីប្រឹក្សា ដើរឃោសនាគ្រប់ទីកន្លែង សម្ញែងឫក ទាល់តែគេគ្រប់គ្នាភ័យខ្លាចគាត់ រឿងគាត់សម្ញែងឫកហ្នឹងហើយ បានគេដកគាត់អ៊ីចឹងទៅ ហើយអានេះជារូបភាពមួយ ដែលបញ្ជាក់ថា អ្វីក៏ដោយ យើងធ្វើហួសមាឌ វានឹងមានបញ្ហាទៅថ្ងៃក្រោយ“ ។

លោកហេង ដាណារ៉ូ បានមានប្រសាសន៍បន្តទៀតថា “ចំពោះលុយ ១០លានដុល្លារ ដែលលោកលី សាម៉េត យកពីលោកសុខ ឡេង ជាលុយរបស់លោកហ៊ុន សែន នោះ យើងមិនមែនថាជាលុយរបស់លោកហ៊ុន សែន ទេ ក៏ប៉ុន្តែយើងប្រៀបធៀបថា តើអ្នកដែលមានលុយ ១០លានដុល្លារ ឲ្យលោកលី សាម៉េត ខ្ចី គេអត់ស្គាល់លោកហ៊ុន សែន បើលោកលី សាម៉េត យកឈ្មោះលោកហ៊ុន សែន ទៅខ្ចី ហើយគេមានលុយដល់ទៅ ១០លានដុល្លារ ឲ្យខ្ចី គេមានតែ ១០លានទេ គេអត់មានលុយច្រើនជាងហ្នឹងទៀតទេចុះ? ហើយបើប្រជារាស្រ្ត លុយត្រឹមតែ ១០លានរៀល គេសួរដើមទងថា តើអ្នកឯងខ្ចីលុយ យកទៅធ្វើអី? ខ្ចីពីណាខ្ចីពីណី? ប៉ុន្តែលោកសុខ ឡេង ហ្នឹង បានឲ្យលុយទៅលោកលី សាម៉េត ដូចផុយៗ ១០លានដុល្លារ ។ អ៊ីចឹងមិនមានន័យថា លុយហ្នឹងមិនមែនជាលុយរបស់គាត់? វាជាលុយមានម្ចាស់ ហើយធម្មតាគេយកឈ្មោះម្ចាស់ទៅយក ករណីហ្នឹង គេត្រូវតែឲ្យហើយ ព្រោះអ្នកដែលទៅយកហ្នឹង ប្រាប់ឈ្មោះម្ចាស់ហើយ ហើយយ៉ាងច្រើន គេបញ្ជាក់ទៅម្ចាស់ហ្នឹង បើម្ចាស់ហ្នឹងមិនព្រមឲ្យ គាត់ម៉េចហ៊ានឲ្យ? ប៉ុន្តែដោយសារមានទំនាក់ទំនងគ្នា វាទៅជារឿងដែលគាត់អាចយកមកប្រើប្រាស់បាន ។ ដូច្នេះហើយ បានយើងគិតថា លុយហ្នឹង មិនមែនជាលុយរបស់លោកសុខ ឡេង ហ្នឹងទេ“។

លោកហេង ដាណារ៉ូ បានមានប្រសាសន៍បន្ថែមថា “ក្រៅពីលោកលី សាម៉េត យើងអត់ដឹងរឿងហ្នឹងជារឿងផ្ទៃក្នុងរបស់គាត់ រវាងលោកលី សាម៉េត យើងអត់អាចទៅចាត់ចែងនិយាយបានទេ ប៉ុន្តែអ្វីដែលជារូបភាព យើងវិភាគមក យើងឃើញថា វាចេញមក វាជារូបភាព គឺយើងឃើញអ៊ីចឹង រូបលោកលី សាម៉េត ជាមនុស្សម្នាក់ ដែលពីដើម គាត់មិនមែនជាមនុស្សឈ្មោះបោះសំឡេងអីឯណា ។ មានឈ្មោះបោះសំឡេង ដោយសារលោកហ៊ុន សែន លើកឡើងតើ! បើគេអត់លើក គាត់ធ្លាក់ទៅវិញអ៊ីចឹងឯង ។ ដូច្នេះជារួម យើងឃើញថា លោកហ៊ុន សែន គាត់ប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបន្លប់សភាពការណ៍ ពីរឿងមួយ ទៅរឿងមួយ គាត់អត់ដែលប្រើមធ្យោបាយតែមួយទេ មធ្យោបាយគាត់ មានគ្រប់រឿង ។ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យយើងមើលឃើញថា ជាផលវិបាករបស់ប្រទេសជាតិ របស់សង្គម គឺអ្នកដែលត្រូវរងគ្រោះហ្នឹង គឺប្រជាពលរដ្ឋ ។ លោកហ៊ុន សែន គាត់ប្រើមធ្យោបាយអីក៏បានដែរ ព្រោះគាត់មានមធ្យោបាយគ្រប់គ្រាន់ ប៉ុន្តែអ្នករងគ្រោះ គឺប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្គមមួយ ដែលជាសង្គមដូចជាគុកឥតជញ្ជាំង ពេលណាលោកហ៊ុន សែន ចង់ធ្វើបាបអ្នកណា គាត់រៀបចំអ្នកនោះយកមក ដើម្បីធ្វើអ៊ីចឹងទៅ ។ អានេះហើយដែលធ្វើឲ្យភ័យខ្លាច ប្រជាពលរដ្ឋរស់មួយថ្ងៃ ទៅមួយថ្ងៃ មិនដឹងពេលណាដល់អញ ដូចជំនាន់ខ្មែរក្រហមអ៊ីចឹង មិនដឹងពេលណាគេយកទៅសម្លាប់ ប៉ុន្តែជំនាន់យើងនេះ វាអត់មានការសម្លាប់មនុស្សដូចខ្មែរក្រហមទេ ប៉ុន្តែអ្វីដែលវាលំបាក គឺជីវភាពរបស់ប្រជាពលរដ្ឋ ពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែលំបាកទៅ អាហ្នឹងវាធ្វើឲ្យដូចជាការយកមនុស្សទៅសម្លាប់ ដោយប្រយោល យើងគិតមើល វាអត់មានខុសគ្នាទេ ។ ប៉ុន្តែយើងមិនមែនទៅចោទថា គេយកមនុស្សទៅសម្លាប់ទេ តិចច្រឡំថា គេចោទថា គេយកប្រជាពលរដ្ឋ ទៅសម្លាប់ អាហ្នឹងខុសហើយ គ្រាន់តែថា មនុស្សឥឡូវហ្នឹង រស់នៅដោយត្រដរ រស់នៅក្នុងជីវភាពលំបាកវេទនា ពីមួយថ្ងៃទៅមួយថ្ងៃ ហើយធនធានដែលគាត់មាន ចេះតែចំណាយទៅអស់ វាអត់បានមានចំណូលមកវិញ“ ៕ កុលបុត្រ

RELATED ARTICLES