ភ្នំពេញ៖បទ«ថែការចងចាំ » និងបទ«បើអូនជួបគេ » របស់អ្នកមេម៉ាយកូន១ពេជ្រ សូលីកា ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម និងតារាចម្រៀងតាមក្លឹប និងPub មួយចំនួននិយមយកចម្រៀងបទទាំងពីរនេះទៅច្រៀងរហូតមានតារាប្រុសខ្លះច្រៀងCover បទខាងលើទៀតផង។ទោះជាយ៉ាងណាចម្រៀងល្បីរបស់នាងស្រីពេជ្រ ទាំងពីរបទនេះមិនមែនចេញនៅផលិតកម្មរស្មីហង្សមាសទេ គឺនាងផលិតឡើងក្រោមការឧបត្ថម្ភរបស់ស្រាបៀរមួយ ទើបមានដំណឹងថានាងសូលីកា បានចេញពីហង្សមាសទៅហើយ។ប្រសិនបើនាងស្រីពេជ្រ នៅតែមានបទដែលត្រូវចិត្តយុវវ័យបែបនេះតទៅទៀតនោះមានន័យថានៅជិតដំណាច់ឆ្នាំ២០២៤ នេះតារាចម្រៀងដែលឡើងកូដគឺជាអ្នកមេម៉ាយរូបស្រស់នេះហើយ ព្រោះតារាស្រីល្បីៗលំដាប់A ទាំងឡាយ ពួកគេស្ងប់ស្ងាត់លែងមានបទល្បីៗចេញតាំងពីផ្ទុះកូវីដម្លេះ ដែលបញ្ហាសុគន្ធ និសា ធ្លាប់ប្រាប់ថាដោយសារតែទាំងរូបនាងនិងតារាផ្សេងៗទៀតលែងពឹងទៅលើអាជីពចម្រៀងទាំងស្រុងដូចមុនទៀតហើយពោលគឺតារាសឹងគ្រប់គ្នាងាកទៅរកស៊ីតាមOnline ទើបធ្វើឲ្យទាំងអស់គ្នាលែងសូវមានបទល្បីៗបែបនេះទៀត ។ប៉ុន្ដែសម្រាប់នាងសូលីកា វិញអំឡុងជ្រកនៅហង្សមាសនាងហាក់នៅទ្រឹង ព្រោះពិបាកប្រជែងជាមួយតារាស្រីល្បីៗលំដាប់ជូរមុខរបស់ហង្សមាស តែពេលនេះបែជាមានទីផ្សារចម្រៀងលោតឡើងវិញ ក្រោយមានព័តមានថានាងអស់និស្ស័យជាមួយផលិតកម្មអ្នកឧកញ៉ាអ៊ឹង ឆៃងួន ។
អ្នកយកព័តមានយើងព្យាយាមទូរស័ព្ទជាច្រើនដងទៅពេជ្រ សូលីកា ឬគង់ ស្រីពេជ្រ តែមិនអាចទាក់ទងបានទេ គិតត្រឹមរសៀលថ្ងៃទី១៥ តុលា ។ទោះជាយ៉ាងណានៅលើMV បទចម្រៀងចុងក្រោយរបស់នាងនោះគឺពិតជាមិនឃើញមានភ្ជាប់ជាមួយឡូហ្គោហង្សមាសមែន ដែលនេះបញ្ជាក់ថាស្រីពេជ្រ ពិតជាចេញពីហង្សមាស ដូចគ្នាទៅនិងរ៉េត ស៊ូហ្សាណា និងវី ឌីណែត ជាដើម ទើបធ្វើឲ្យផលិតកម្មធំនេះកាន់តែបន្ដបាត់បង់តារាសំខាន់របស់ខ្លួនជាបន្ដបន្ទាប់រហូតទប់លែងជាប់។
គួរបញ្ជាក់ថាពេជ្រ សូលីកា មិនធ្លាប់ត្រូវបានគេផ្សារភ្ជាប់នាងទៅនិងតំណែងតារាលំដាប់Grade A នោះទេ ព្រោះនាងមានសម្លេងមធ្យម តែភាពទាក់ទាញរបស់នាងច្រើនទៅលើរូបសម្រស់ ។ប៉ុន្ដែក្រោយមានប្ដីនិងកូន១ស្រីពេជ្រ ចុងក្រោយនេះក៍ហាក់បែកសាច់ និងឡើងគីឡូជាងមុនបន្ដិចដែរ ហើយបទចម្រៀងរបស់នាងចុងក្រោយភាគច្រើននាងច្រៀងអត្ថន័យត្រូវសាច់រឿងផ្ទាល់ខ្លួនតែម្ដង ពោលគឺស្នេហាខកចិត្ត និងហាក់អាលោះអាល័យគូស្នេហ៍ចាស់ រហូតដល់មានពេលឡើងឆាកតាមPub ខ្លះស្រីពេជ្រ អង្គុយយំម្នាក់ឯងកៀកឆាកទៀតផង ខណៈតាមក្លឹបខ្លះគេឃើញអតីតប្ដីនាងលោកគឹម ហាន បានបណ្ដើរគូស្នេហ៍ថ្មីទៅមើលនាងច្រៀងផ្ទាល់។អ្វីដែលគួរឲ្យចម្លែកនៅពេលដែលល្បី២បទត្រូវបានគេហៅច្រៀងជាច្រើនកម្មវិធីដែលក្នុង១ខែៗអាចរកលុយបានរាប់ម៉ឺនដុល្លារនោះបែជានាងស្រីពេជ្រ ប្រកាសថាចាប់ពីពាក់កណ្ដាលខែ១០ នាងផ្អាកទទួលEvent រហូតដល់ឆ្នាំក្រោយទៅវិញ។តើអ្នកមេម៉ាយកូន១រូបនេះត្រូវបានគូស្នេហ៍ថ្មីហួងហែងពីអាជីពឬ បានជានាងដកខ្លួនចេញកំពុងពេលត្រូវប៉ាន់បែបនេះ?នេះជាសំណួររបស់Fan សូលីកា ដែលមិនទាន់មានចម្លើយពីសាមីខ្លួន ព្រោះក្រោយបែកប្ដីជាង២ឆ្នាំ នាងស្រីពេជ្រ ដែលធ្លាប់បង្ហាញសកម្មភាពស្អិតល្មូតជាមួយបុរសកាត់ចិនម្នាក់នៅលើIG នោះពេលនេះនាងមិនដែលកៀកកើយប្រុសនោះជាចំហទៀតឡើយ ។ទោះជាយ៉ាងណាសម្រស់ដូចនាងស្រីពេជ្រ គេជឿថាប្រាកដជាមានប្រុសទាំងក្នុងនិងក្រៅស្រុកចាំត្រងស្នេហ៍នាង ប៉ុន្ដែនាងអាចជ្រើសផ្លូវមិនលោតឆ័ត្រធ្វើជាជំទាវលាក់មុខដូចអំឡុងច្រៀងនៅM ម្ដងទៀតឡើយ ៕