Saturday, November 23, 2024
Homeព័ត៌មានជាតិលោកដួង តារា អ្នកឃ្លាំមើលថា ឥទ្ធិពលអំណាចមិនទាន់សាបរលាប

លោកដួង តារា អ្នកឃ្លាំមើលថា ឥទ្ធិពលអំណាចមិនទាន់សាបរលាប

ភ្នំពេញ ៖ អ្នកឃ្លាំមើល បានលើកឡើងថា ឥទ្ធិពលអំណាចរបស់លោកដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាអតីតជំនួយការសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៅមិនទាន់សាបរលាបនៅឡើយ ទោះបីជាពេលនេះត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារ ពីបទឆបោក ក៏ដោយ។

លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ថា ករណីដួង តារា នេះ ប្រាកដណាស់ហើយថា នៅមានឥទ្ធិពលខ្លះ ទោះបីប៉ូលិសចាប់ខ្លួនក៏ដោយ ក៏ប៉ុន្តែដូចជាករណីរូបថតថ្មី ឬក៏ការបង្ហោះព័ត៌មានតាមបណ្ដាញសង្គម មិនសូវហ៊ាន ដោយសារតែនៅមានឥទ្ធិពលអំណាច ពាក់ព័ន្ធនឹងសម្ដេចហ៊ុន សែន ។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “ករណីលោកដួង តារា នេះ មានការជាប់ជំពាក់វាក់វិនជាមួយនឹងក្រុមហ៊ុនឆបោកមួយ ឈ្មោះភូមិគ្រុប នៅខាងស្វាយរៀង ហើយក្នុងហ្នឹង មានលោកសោម សុធា ហ្នឹង ជាអគ្គនាយក ហើយសោម សុធា គេចាប់បាត់ទៅហើយ ហើយបន្ទាប់មកទៀត មានលោកដួង វីរ៉ាត់ ដែលជាប្អូនប្រុសបង្កើតរបស់ដួង តារា ក៏ជាប់ពាក់ព័ន្ធនៅក្នុងរឿងឆបោកហ្នឹងដែរ ហើយលោកដួង តារា ហ្នឹងក៏ជាប់ជំពាក់ការអះអាងធានាកិច្ចសន្យាអីជាមួយប្រជាពលរដ្ឋ ថាក្រុមហ៊ុនមិនឆបោកអីអ៊ីចឹង គាត់ធានាអះអាងនៅក្រុមហ៊ុនហ្នឹង ក្រុមហ៊ុនភូមិគ្រុបហ្នឹង តែទីបំផុត ក្រុមហ៊ុនហ្នឹងឆបោក ធ្វើឲ្យប្រជាពលរដ្ឋហ្នឹង រាប់រយ រាប់ពាន់នាក់ ចាញ់បោក ជំពាក់បំណុលធនាគារ ដោយសារការចាញ់បោកហ្នឹង ។ ដូច្នេះហើយ ករណីលោកដួង តារា នេះ ត្រូវតែមានការស៊ើបអង្កេតបន្ថែមទៀត ហើយបើមានទ្រព្យសម្បត្តិអីទាំងឡាយហ្នឹង ត្រូវបង្កកដូចលោកហ៊ុន សែន ធ្លាប់បានសរសេរប៉ុន្មានថ្ងៃមុនហ្នឹង ត្រូវបង្កកទ្រព្យសម្បត្តិពួកអ្នកដែលឆបោកគេហ្នឹង យកលុយទាំងអស់ហ្នឹងលក់ឡៃឡុងសងប្រជាពលរដ្ឋរងគ្រោះ ត្រូវយកលុយហ្នឹង ទៅសងពលរដ្ឋរងគ្រោះ តែករណីដួង តារា ដែលមិនសូវមានអ្នកគេហ៊ានផ្សព្វផ្សាយ ប៉ូលិសចាប់ហើយ ក៏ថតរូបមិនបានទៀត វាមានករណី ដោយសារដួង តារា នេះ វាមានជាប់ជំពាក់ជាមួយមេដឹកនាំកំពូល ។ លោកដួង តារា គឺជាប្រធានក្រុមការងារហ្វេសប៊ុក របស់លោកហ៊ុន សែន ហើយជាអនុរដ្ឋមន្រ្តី នៅទីស្ដីការគណៈរដ្ឋមន្រ្តីទៀត អ៊ីចឹងខ្ញុំជឿថា ប្រហែលជាមានអ្នកណាក្នុងចំណោមពួកមន្រ្តីជាន់ខ្ពស់ ឬក៏មិត្តភក្ដិគ្នាឯងក្នុងជួរមន្រ្តីជាន់ខ្ពស់ហ្នឹង មានការសម្របសម្រួលខ្លះ។ អ៊ីចឹងហើយបានលោកដួង តារា នៅមានមានឥទ្ធិពល ទោះបីអាជ្ញាធរចាប់ហើយ ហើយអាជ្ញាធរប្រាប់ម្សិលមិញថា បញ្ជូនទៅប៉េហ្ស៊ី ទៅពន្ធនាគារក្រសួងមហាផ្ទៃ ហើយក៏ដោយ ប៉ុន្តែរឿងជាក់ស្ដែង វាមិនដឹងថាយ៉ាងម៉េច មិនដឹងថានៅកន្លែងហ្នឹង ឬក៏នៅកន្លែងផ្សេង ព្រោះការអនុវត្តច្បាប់ស្រុកយើង វាមានស្ដង់ដារច្រើនពេក ពួកអ្នកមានអំណាចភាគច្រើន ច្រើនតែរស់នៅក្រៅសំណាញ់ច្បាប់ ហើយមានឈ្មោះថាជាប់គុក ជាប់ពន្ធនាគារអ៊ីចឹងទៅ ក៏ប៉ុន្តែអត់នៅជាប់ឃុំទេ នៅខាងក្រៅឃុំអីដើរយ៉ាងសប្បាយអ៊ីចឹងទៅ អាហ្នឹងស្ដង់ដារស្រុកខ្មែរយើង ។ អ៊ីចឹងករណីដួង តារា នេះ ប្រាកដណាស់ហើយថា នៅមានឥទ្ធិពលខ្លះ ទោះបីប៉ូលិសចាប់ខ្លួនក៏ដោយ ក៏ប៉ុន្តែដូចជាករណីរូបថតថ្មី ឬក៏ការបង្ហោះព័ត៌មានតាមបណ្ដាញសង្គមមិនសូវហ៊ានហ្នឹង ដោយសារវាពាក់ព័ន្ធនឹងលោកហ៊ុន សែន  ព្រោះប្រជាពលរដ្ឋលោកភ័យបារម្ភពីសុវត្ថិភាពខ្លួនឯង ដោយសារមានការទិតៀនទៅលើលោកដួង តារា ស្រួលមិនស្រួលអី ប៉ះពាល់ផ្លូវចិត្តលោកហ៊ុន សែន លោកហ៊ុន សែន អាចប្រតិកម្មយ៉ាងណាអីទៅ ក៏ធ្វើឲ្យគាត់មិនសូវមានសុវត្ថិភាពអីអ៊ីចឹង ។ អ៊ីចឹងហើយបានគាត់បារម្ភ គាត់មិនសូវហ៊ានទេ រឿងហ្នឹង វាជារឿងអំណាចកំពូលទៅហើយ ពាក់ព័ន្ធនឹងអ្នកដែលមានអំណាចកំពូលៗទៅហើយ តែទោះយ៉ាងណាក៏ដោយ ករណីលោកដួង តារា នេះ ដូចខ្ញុំជូនយោបល់មិញ ថាគួរស៊ើបអង្កេតឲ្យបានយុត្តិធម៌សិន រួចទៅបង្កកទ្រព្យសម្បត្តិ និងសងជូនប្រជាពលរដ្ឋរងគ្រោះវិញ ជាមួយពួកដែលពាក់ព័ន្ធទាំងអម្បាលម៉ានផ្សេងៗទៀត ត្រូវតែផ្ដន្ទាទោសដូចគ្នាអ៊ីចឹងតាមផ្លូវច្បាប់ អាហ្នឹងបើយើងចង់អនុវត្តច្បាប់ ចង់ពង្រឹងវិស័យយុត្តិធម៌ មានតែធ្វើអ៊ីចឹងទេ ដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងគាត់មានជំនឿចិត្តទៅលើប្រព័ន្ធតុលាការ ទៅលើចំណាត់ការរដ្ឋាភិបាល អីជាដើម ។ ចំណុចមួយទៀត ករណីលោកដួង តារា នេះ គាត់ក៏ជាកូនធម៌របស់លោក លី សាម៉េត អីដែរ អ៊ីចឹងហើយពីរនាក់ហ្នឹងវាពាក់ព័ន្ធនឹងបទឆបោកដូចគ្នា បោកប្រាស់ដូចគ្នា ដូចអ្វីដែលលោកហ៊ុន សែន បានបង្ហោះអ៊ីចឹង ហ្នឹងចំណុចទី១“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “ចំណែកចំណុចទី២ ករណីលោកលី សាម៉េត នេះ ខ្ញុំមានការឆ្ងល់ដែរ មកដល់ថ្ងៃហ្នឹង មិនដឹងថ្ងៃហ្នឹង មិនដឹងថា គាត់នៅក្នុងស្រុក ឬក៏នៅក្រៅស្រុក មិនដឹងនៅឯណាឲ្យពិតប្រាកដ ហើយតាមមើលទៅ លោកលី សាម៉េត គាត់មានខ្សែរយៈមិនតូចទេ ដោយសារអី? គាត់ឆបោកមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល សូម្បីតែទីប្រឹក្សាក្រសួងយុត្តិធម៌ លោកមួង ឃីម អី គាត់ឆបោកបានទៅហើយ ។ អ៊ីចឹងអ្នកណាក៏ចាញ់បោកគាត់ច្រើនទៀត ហើយជាពិសេសភរិយា ជំទាវៗអ្នកឧកញ៉ាមួយចំនួនជាភរិយាមន្រ្តីជាន់ខ្ពស់ ដែលជឿលើមន្តអាគមហ្នឹង ក៏ចាញ់បោកលោកលី សាម៉េត ដែរ  ។ ម៉្លោះហើយចំណាត់ការរបស់លោកហ៊ុន សែន នេះ មិនត្រូវស្ងាត់ទេ ត្រូវតែដុតដៃដុតជើង រកលោកលី សាម៉េត ឲ្យឃើញ មកផ្ដន្ទាទោស ។ បើករណីនៅក្នុងស្រុក ត្រូវតែឆែកឲ្យឃើញ អនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ។ បើសិនជាគាត់ចេញទៅក្រៅស្រុក ត្រូវតុលាការកម្ពុជា ទាក់ទងជាមួយនឹងប៉ូលិសអាំងទែរប៉ូលទៅ ចេញនិវេទក្រហមទៅ ដើម្បីនាំខ្លួនលោកលី សាម៉េត មកវិញ ពីព្រោះលោកលី សាម៉េត ពាក់ព័ន្ធនឹងការប្រព្រឹត្តិបទឧក្រិដ្ឋធ្ងន់ធ្ងរនៅប្រទេសកម្ពុជា ជាអំពើម៉ាហ្វីយ៉ា ជាអំពើឆបោកធ្ងន់ធ្ងរណាស់ មិនអាចឲ្យរួចខ្លួនបានទេ តែទន្ទឹមនឹងហ្នឹងក៏ត្រូវតែផ្ដល់យុត្តិធម៌ជូនជនរងគ្រោះឲ្យមែនទែន ។ លោកហ៊ុន សែន ជ្រុលជាបាននិយាយហើយ ត្រូវតែអនុវត្តឲ្យបានចំណុចនេះ ។ តែខ្ញុំមានការសង្ស័យមួយដែរ ក្នុងរឿងហ្នឹង សង្ស័យត្រង់ថា ករណីលោកលី សាម៉េត នេះ រយៈពេល១អាទិត្យ ពីរអាទិត្យហើយស្ងាត់ឈឹង តែចំណែកសកម្មជនសង្គម សកម្មជនបរិស្ថានអី សូម្បីតែអ្នកធ្វើការនៅប្រទេសម៉ាឡេស៊ី ក៏រដ្ឋាភិបាលកម្ពុជា តាមយកមកដាក់ឃុំឃាំងនៅកម្ពុជា បាន ហើយពលករខ្មែរ នៅថៃ ដែលទិតៀនរដ្ឋាភិបាល កន្លងទៅ ក៏មានការនាំខ្លួនមកដាក់គុកស្រុកខ្មែរដែរ តែចម្លែកអីលោកលី សាម៉េត ហេតុអីបានជាស្ងាត់? ដូច្នេះការអនុវត្តច្បាប់នេះ យើងមើលទៅ ហាក់ដូចជាមានស្ដង់ដារច្រើននៅកម្ពុជា»។

លោកម៉ែន ណាត បន្តទៀតថា «ស្ដង់ដារទី១ គឺពួកអ្នកមានអំណាចគ្នាឯងហ្នឹងអនុវត្តច្បាប់លំៗ តែដល់ពួកអ្នកប្រឆាំង អ្នកដែលទិតៀនគោលនយោបាយរដ្ឋាភិបាលអី រដ្ឋាភិបាលខឹងសម្បា ចាប់ដាក់គុក គឺចាត់អ្នកហ្នឹងជាទោសបទឧក្រិដ្ឋធ្ងន់ធ្ងរ ក្បត់ជាតិអីអ៊ីចឹង ប្រព្រឹត្តអំពើក្បត់អីអ៊ីចឹងទៅ វាហាក់ដូចជាមិនផ្ដល់យុត្តិធម៌ឲ្យគ្នាបានត្រឹមត្រូវ ។ អ៊ីចឹងហើយរឿងនេះ ត្រូវតែមានការស៊ើបអង្កេត ។ ជាមួយគ្នាហ្នឹង ខ្ញុំក៏សូមអំពាវនាវដែរ ដល់អាជ្ញាធររដ្ឋហ្នឹង ត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យរឹងមាំឡើងវិញ ត្រូវពង្រឹងប្រព័ន្ធយុត្តិធម៌ហ្នឹង ឲ្យល្អឡើងវិញ ហើយទី៣ ត្រូវចាត់ការទៅលើមនុស្សដែលប្រព្រឹត្តបទឧក្រិដ្ឋ ដូចជាករណីលោកដួង តារា នេះ ករណីលោកលី សាម៉េត ករណីលោកដទៃៗទៀត ដែលពាក់ព័ន្ធអំពើឆបោកក្នុងក្រុមហ៊ុន ។ ឧទាហរណ៍ ក្រុមហ៊ុនឡេង ចាន់ណា ក្រុមហ៊ុនស៊ីអាយស៊ី ផាតនឺរ ក្រុមហ៊ុនភូមិខ្មែរគ្រុបអីនៅស្វាយរៀងអីហ្នឹង ហើយនិងក្រុមហ៊ុនហ៊ី គឹមហុង នៅខាងកំពត អីនេះ ត្រូវតែពិនិត្យមើលសំណុំរឿងអស់ហ្នឹងឡើងវិញ ហើយត្រូវចាត់ការមនុស្សដែលពាក់ព័ន្ធអំពើឆបោក ទៅដាក់ឃុំ ផ្ដន្ទាទោសតាមច្បាប់ឡើងវិញ កុំបណ្ដោយឲ្យស្ថិតនៅក្រៅសំណាញ់ច្បាប់ ហើយជាចុងក្រោយ ករណីលោកដួង តារា និងលោកលី សាម៉េត ហ្នឹង ខ្ញុំតែអំពាវនាវដដែលជាដដែលថា ឲ្យចាត់វិធានការតាមផ្លូវច្បាប់ យកលោកលី សាម៉េត មកវិញ ហើយត្រូវតែទូទាត់លាត់សើយជាមួយជនរងគ្រោះ ទាំងលោកដួង តារា ទាំងលោកលី សាម៉េត ត្រូវទូទាត់លាត់សើយជូនជនរងគ្រោះជាសំណងដល់ពួកគាត់ ។ អាហ្នឹងជាការផ្ដល់យុត្តិធម៌បានមួយចំណែកដែរ ហើយបើផ្ដល់យុត្តិធម៌ឲ្យពលរដ្ឋរងគ្រោះ ពលរដ្ឋនឹងដឹងគុណរដ្ឋាភិបាល គ្មានអីពិបាកទេ ប៉ុន្តែបើសិននៅគប់គិតគ្នា ស៊ុមគ្រលុំគ្នា អាហ្នឹងប្រជាពលរដ្ឋមិនអាចទៅគាំទ្រ មិនអាចទៅលើសរសើររដ្ឋាភិបាលបានទេ កុំបន្ទោសគាត់ រឿងហ្នឹង“ ។

ចំណែកលោកខ័ណ្ឌ ចាន់សុផល ជាមន្រ្តីយោធាម្នាក់ និងជាអ្នកឃ្លាំមើលករណីខាងលើនេះដែរ បានលើកឡើងថា អំណាចនិងឥទ្ធិពលរបស់លោកដួង តារា និងលោក លី សាម៉េត នៅតែមាន មិនទាន់សាបរលាបឡើយ ព្រោះរូបថតរបស់លោក ដួង តារា ដែលប៉ូលិសបញ្ជូនខ្លួនទៅពន្ធធនាគារ សូម្បីតែ ១សន្លឹក ក៏គ្មានអ្នកណាថតបានដែរ និងការបង្ហោះតាមសារព័ត៌មាន គឺពុំមានអ្នកណាហ៊ានសូវបង្ហោះទេ ។ រីឯលោកលី សាម៉េត ក៏ស្ងាត់បាត់ស្រមោល មិនដឹងថាគាត់គេចនៅក្នុងស្រុកខ្មែរ ឬក៏ទៅនៅបរទេសឡើយ។

លោកខ័ណ្ឌ ចាន់សុផល បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៤ថា “អ្នកឃ្លាំមើលសង្គម បានលើកឡើងថា អំណាចនិងឥទ្ធិពលរបស់លោកដួង តារា និងលោក លី សាម៉េត នៅតែមាន មិនទាន់សាបរលាបឡើយ ។ ជាក់ស្តែងរូបថតរបស់លោក ដួង តារា ដែលប៉ូលិសបញ្ជូនខ្លួនទៅពន្ធធនាគារ សូម្បីតែ១សន្លឹក ក៏គ្មានអ្នកណាថតបានដែរ និងការបង្ហោះតាមសារព័ត៌មាន គឺពុំមានអ្នកណា ហ៊ានសូវបង្ហោះទេ  ចំណែកអ្នកដែលធ្លាប់ពឹងពាក់លោកដួង តារា រត់ការជ្រូកមិនបាន ក៏មិនទាន់ហ៊ានប្តឹងផ្តល់ទេ នៅស្ទាបស្ទង់នៅឡើយ នៅរង់ចាំមើលថាតើគាត់ចេញមកវិញ ធ្វើការធម្មតាឡើងវិញឬក៏អត់ ព្រោះនៅតែខ្លាចញញើត បើទោះជាពួកគេបានរង់ចាំការសន្យាសងលុយវិញ 1×2 ជាង ៤ឆ្នាំក៏ដោយ ក៏នៅតែមិនហ៊ានទៅរកលោកដួង តារា ឡើយ ។ ចំណែកលោក លី សាម៉េត និងបក្ខពួក រួមទាំងលោកទីប្រឹក្សាពូកែយកចិត្តថ្លើមមុខកាមេរ៉ា គឺបណ្ឌិតឡាច សំរោង ក៏ស្ងាត់បាត់ស្រមោល មិនដឹងថាគាត់គេចនៅក្នុងស្រុកខ្មែរ ឬក៏ទៅនៅបរទេសឡើយ ។

លោកខ័ណ្ឌ ចាន់សុផល បានសរសេរបន្តថា “តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក ឡាច សំរោង មានសាកលវិទ្យាល័យនៅបាត់ដំបង សៀមរាប និងភ្នំពេញ គឺមួយឆ្នាំៗកើបលុយពីសិស្សចង់បានសញ្ញាបត្រ បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត គឺបានរាប់សែនដុល្លារ និងខ្ទង់លានដុល្លារឯណោះ ដោយស៊ីយ៉ាងស្ងាត់ស្ងៀម ដោយសញ្ញាបត្រអនុបណ្ឌិត 725$ បណ្ឌិត ខ្ទង់ពាន់ដុល្លារក្រាស់ឯណោះ ដើម្បីការពារសារណាជាប់ ។ ចំណែក ឯ.ឧ ហង់ជួន ណារ៉ុន ថ្មីៗនេះ ក៏បានជ្រាបទទួលពីព័ត៌មាននេះផងដែរ តែមិនទាន់ដឹងថា ខាងក្រសួងអប់រំ យុវជននិងកីឡា មានចំណាត់ការយ៉ាងណា ចំពោះសាកលវិទ្យាល័យមួយនេះឡើយ ដើម្បីធ្វើការកំណែទម្រង់ប្រពន្ធ័អប់រំ ឬបិទសាលានេះកុំឲ្យដំណើរការ“ ។     

គួររំលឹកថា កាលពីរសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលការិយាល័យសន្តិសុខ បានអនុវត្តន៍ដីកាបញ្ជាឲ្យនាំខ្លួនលោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាអតីតជំនួយការសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ បន្ទាប់ពីពលរដ្ឋរងគ្រោះប្តឹងតវ៉ាជាហូរហែ ពាក់ព័ន្ធក្រុមហ៊ុនភូមិខ្មែរគ្រុប ដែលបានឆបោកលុយរាប់ម៉ឺនដុល្លារ។ ការឃាត់ខ្លួនលោក ដួង តារា នេះ ធ្វើឡើងបន្ទាប់ពីមានផ្ទុះរឿងអាស្រូវពាក់ព័ន្ធនឹងករណីឆបោកលុយពលរដ្ឋជាច្រើនគ្រួសារ ក្នុងគម្រោងវិនិយោគដីធ្លី និងផ្ទះល្វែង របស់ក្រុមហ៊ុនភូមិខ្មែរគ្រុប (Phum Khmer Group) នៅខេត្តស្វាយរៀង ខណៈប្អូនប្រុសបង្កើតរបស់លោក គឺលោក ដួង វីរ៉ាត់ ជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុននោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីពេលថ្មីៗនេះ។

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោកដួង តារា ត្រូវបានតុលាការចោទប្រកាន់ពីបទឆបោក តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីមានពលរដ្ឋរងគ្រោះប្តឹងតវ៉ាជាហូរហែ ពាក់ព័ន្ធក្រុមហ៊ុនភូមិខ្មែរគ្រុប ដែលបានឆបោកលុយរាប់ម៉ឺនដុល្លារ ។

នៅវេលាម៉ោងប្រមាណជាង ៤រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោក ដួង តារា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគាររាជធានីភ្នំពេញ ប៉េហ្ស៊ី (PJ) ជាបណ្តោះអាសន្ន ទៅតាមដីកាបង្គាប់ឲ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរ ពាក់ពន្ធពីបទឆបោក ដើម្បីបន្តការស៊ើបអង្កេតលើអង្គហេតុទាំងមូល មុនឈានដល់សវនាការជំនុំជម្រះទោស។

ចំណែកលោក លី សាម៉េត ទី​ប្រឹក្សា​របស់​សម្ដេច ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី ត្រូវបានសមត្ថកិច្ចនគរបាល​រាជធានី​ភ្នំពេញ ​កំពុង​តាម​ចាប់​ខ្លួន​ ក្រោយ​សង្ស័យ​ថា​ លោក​បាន​បោក​ប្រាស់ប្រាក់​របស់​គេ​រាប់​ម៉ឺន​ដុល្លារ​អាមេរិក។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ថា «ដោយរឿងច្រើនពេក ថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោកលី សាម៉េត (ហៅគ្រូមា)។ លី សាម៉េត តែងប្រើឈ្មោះខ្ញុំ ដើរបោកប្រាស់គេ រហូតថាយកលុយដែលបោកប្រាស់បាន យកមកជូនខ្ញុំទៀតផង ដោយប្រាប់គេថា ខ្លួនចេញចូលផ្ទះខ្ញុំ ក្នុងពេលណាក៏បាន ក្នុងពេលដែលលី សាម៉េត មិនដឹងថាផ្ទះខ្ញុំបែរមុខទៅខាងណាផង។ ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះសុខ ឡេង ១០លានដុល្លារ ថាយកមកឲ្យខ្ញុំ តែពេលសុខ ឡេង ផ្តាំឲ្យសួរខ្ញុំ តាមកូនចិញ្ចឹមខ្ញុំ ទ្រី សុខា ទើបខ្ញុំដឹង ក៏ទាមទារពីលី សាម៉េត ប្រគល់ឲ្យសុខ ឡេង វិញទាំងអស់ ដោយពេលនោះ យកលី សាម៉េត ទៅសួរចម្លើយ និងប្រគល់-ទទួលប្រាក់ នៅស្នងការនគរបាលក្រុងភ្នំពេញ»។

សម្តេចហ៊ុន សែន សរសេរបន្តថា «មុននេះប៉ុន្មានថ្ងៃ ខ្ញុំបានប្រាប់ទៅលី សាម៉េត ឲ្យសងលុយទៅមួង ឃីម ចំនួន ២៣ម៉ឺនដុល្លារ ក្រោយមួង ឃីម បញ្ជូនសារជាវីដេអូ មកខ្ញុំ អមដោយសារសំឡេងឆ្លងឆ្លើយគ្នា (បានសងរួចហើយ)។ ថ្ងៃនេះ ខ្ញុំទទួលវីដេអូ ពីលោក កន សុខកាយ អភិបាលស្រុកល្វាឯម ថាលី សាម៉េត បានយកប្រាក់ពីគាត់ ចំនួន ៣០ម៉ឺនដុល្លារ ដើម្បីរត់ការឲ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ»។

សម្តេចប្រធានព្រឹទ្ធសភា បន្តថា «ក្នុងមុខតំណែងជារដ្ឋមន្ត្រី ៦ឆ្នាំ ជានាយករដ្ឋមន្ត្រី ៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទី ក្នុងពេលអវត្តមានព្រះមហាក្សត្រ ខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំង និងដំឡើងស័ក្តិមន្ត្រី រាប់ម៉ឺននាក់ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយ មិនថាតាមការស្នើសុំ ឬតាមសំណូកណាមួយនោះឡើយ។ ផ្ទុយទៅវិញ មន្ត្រីមួយចំនួន ទទួលបានការតែងតាំង ហើយទទួលបានការជួយពីខ្ញុំថែមទៀត ដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។ករណីលី សាម៉េត អាចនៅមានមនុស្សច្រើនទៀត ដែលចាញ់បោកគាត់ ក្រោមរូបភាពយកឈ្មោះខ្ញុំទៅប្រើ»។

សម្តេចហ៊ុន សែន សរសេរបន្តទៀតថា «ដើម្បីជម្រះបញ្ជីមួយនេះ តាមរបៀបពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង ខ្ញុំសូមស្នើ ៖

១. រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ ដើម្បីចេញដីកាការពារទ្រព្យសម្បត្តិលី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោកលី សាម៉េត។

២. អ្នកចាញ់បោកលី សាម៉េត ទាំងអស់ ដាក់ពាក្យប្តឹង ឬទាមទារសំណង ទៅកាន់មេធាវីសម្តេចតេជោ។

៣. ឯកឧត្តម គី តិច រៀបចំមេធាវីសម្តេចតេជោ ចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ ចំពោះរឿងមិនអាចសម្របសម្រួលបាន ត្រូវប្តឹងទៅតុលាការ ចាត់ការតាមច្បាប់។

៤. ស្នើសុំសមត្ថកិច្ច តាមឃ្លាំមើលលី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់»។

បន្ទាប់ពីសម្តេចអតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទម្លាយនិងស្នើខាងលើនេះ នៅវេលាយប់ថ្ងៃដដែលនោះ មានសេចក្ដីរាយណ៍ថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមូលដ្ឋាន បានចុះឡោមព័ទ្ធវីឡាលោកលី សាម៉េត នៅរាជធានីភ្នំពេញ ។ ប៉ុន្តែខណៈពេលដែលសមត្ថកិច្ចឡោមព័ទ្ធនោះ គឺបាត់ទាំងលោកលី សាម៉េត និងអង្គរក្សរបស់លោក នៅសល់តែភរិយា ហើយរហូតមកដល់ពេលនេះ គេពុំទាន់ដឹងថា លោកលី សាម៉េត ត្រូវបានចាប់ខ្លួន ឬគេចខ្លួនទៅទីណានោះទេ ៕ កុលបុត្រ

RELATED ARTICLES