ខេត្តកំពត ៖ ក្រុមហ៊ុនឯកជនមួយ បានដាក់រំសេវបំផ្ទុះភ្នំ ដើម្បីយកថ្ម តែដោយខ្វះការប្រុងប្រយ័ត្ន ខុសបច្ចេក ទេស ធ្វើឱ្យបំណែកថ្មបានខ្ទាតស្រោចចូលភូមិនៅជាប់ជើងភ្នំ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរងការខូចខាត (ធ្លុះដំបូល) និងបង្កឱ្យអ្នកភូមិក្មេងចាស់ ចំនួន៤នាក់ រងរបួស និងងាប់សត្វគោ៣ក្បាល។
ករណីបំផ្ទុះភ្នំយកថ្ម ធ្វើឱ្យខ្ទាតចូលផ្ទះប្រជាពលរដ្ឋនេះ បានកកើតឡើង កាលពីវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅត្រង់ចំណុចភ្នំជ្រលួញ ស្ថិតក្នុងភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស។
ក្រោយកើតហេតុ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរស្រុកបន្ទាយមាស បានចុះពិនិត្យស្ថានភាពភ្នំជ្រលួញ រួមនិងតំណាងក្រុមហ៊ុនផងដែរ ដោយតាមតំណាងក្រុមហ៊ុន និយាយថា ខ្លួនបំផ្ទុះថ្មភ្នំនេះ យកទៅផលិតជាម្សៅបៀក សម្រាប់សំណង់បេតុង។
ស្ត្រីម្នាក់ ដែលជាគ្រួសារជនរងគ្រោះ បានឱ្យដឹងថា អ្នករស់នៅជុំវិញភ្នំនេះ ប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុ នៅពេលបំផ្ទុះថ្មម្តងៗ ខណៈមានសំឡេងស៊ីរ៉ែនជាសញ្ញាឱ្យប្រជាពលរដ្ឋរកកន្លែងសុវត្ថិភាពរៀងៗខ្លួន។
ស្ត្រីរូបនេះ បន្តថា គាត់ភ័យខ្លាចណាស់ មើលចុះផ្ទះគាត់សុទ្ធតែបំណែកថ្មខ្ទាតមកធ្លាក់លើដំបូលផ្ទះធ្លុះធ្លាយអស់ហើយ។ បំណែកថ្ម ហើរពីភ្នំ ចម្ងាយប្រមាណ៣០០ម៉ែត្រ ធ្វើឱ្យអ្នកភូមិ៤នាក់ មានក្មេងមានចាស់ រងរបួសដោយសារដុំថ្មហើរមកត្រូវ ហើយគោ ៣ក្បាលរបួស និងងាប់១ក្បាល ក៏បានរងរបួសដែរ។
លោកវរសេនីយ៍ឯក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស បានបញ្ជាក់ឱ្យដឹងថា លំនៅឋានប្រជា ពលរដ្ឋចំនួន៤គ្រួសារ ត្រូវ បំណែកថ្មខ្ទាតមកធ្លាក់លើដំបូលផ្ទះធ្លុះធ្លាយ និងបង្កឱ្យមនុស្សប្រុស-ស្រី៤នាក់បានរងរបួស ក្នុងនោះស្រី២នាក់ និងប្រុស២នាក់ ដែលក្នុងចំណោម ៤នាក់នោះ ក៏របួសធ្ងន់ម្នាក់។ ឯគោ ៣ក្បាលរបួស បានងាប់១ក្បាល ក្រៅពីនេះពាងទឹក ក៏ត្រូវបែកអស់ជាច្រើនដែរ។
លោកអធិការ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ អ្នកភូមិទាំង៤គ្រួសារដែលរងគ្រោះ បានដោះ ស្រាយនៅអធិការដ្ឋាននគរបាលស្រុក ដោយតំណាងក្រុម ហ៊ុនបានយល់ព្រមបង់សំណងក្នុងការខួចខាតទ្រព្យសម្បត្តិ ក៏ដូចជាអ្នករងរបួស អះអាងថា ការបំផ្ទុះថ្មខុសបច្ចេកទេស បង្កឱ្យមានគ្រោះថ្នាក់ ហើយក្រុមហ៊ុនថា មិនឱ្យរឿងនេះកើតមានបន្តទៀតឡើយ៕