ថៃ៖ រដ្ឋមន្ត្រីកីឡានិងទេសចរណ៍ថៃលោកស្រី Kobkarn Watthanawarangkura បានឲ្យដឹងថាក្នុងអំឡុងពេលគិតពីថ្ងៃទី១មករាដល់ថ្ងៃទី១២កុម្ភះឆ្នាំ២០១៧នេះព្រះរាជាណាចក្រថៃស្រូបយកភ្ញៀវទេសចរបាន៤,៥៥លាននាក់ផលិតបានចំណូលចំនួន២៤០ប៊ីលានបាត(៦,៨៥ប៊ីលានដុល្លារ)។
ភ្ញៀវទេសចរដែលបានមកដល់ប្រទេសថៃគឺមានកម្រិតខ្ពស់ជាងអំឡុងពេលដូចគ្នាកាលពីឆ្នាំចាស់ប្រមាណជា៣,៦% ។ ចំណែកប្រាក់ចំណូលក្នុងវិស័យទេសចរណ៍ក៏កើនឡើងច្រើនជាងឆ្នាំចាស់៧%ផងដែរ។
បើតាមការឲ្យដឹងពីប្រមុខក្រសួងទេសចរណ៍ថៃ ភ្ញៀវទេសចរភាគច្រើនគឺមកពីប្រទេសចិន ម៉ាឡេស៊ី និងរុស្ស៊ី ខណៈអ្នកទេសចរមកពីចិន រុស្ស៊ី និងសហរដ្ឋអាមេរិកជាក្រុមអ្នកផលិតចំណូលចូលជាតិថៃច្រើនជាងគេបំផុត។ កំណើនក្នុងឧស្សាហកម្មទេសចរណ៍ថៃគឺសម្រេចបានតាមទិសដៅខណៈសកម្មភាពដែលទាក់ទងនឹងកីឡានិងទេសចរណ៍ក៏ទទួលបានការចូលរួមយ៉ាងមុតមាំក្នុងការស្រូបយកចំណូលផងដែរ ។
លោកស្រីបានបន្ថែមថាក្នុងអំឡុងថ្ងៃទី៨ដល់ទី៩ខែកុម្ភះ លោកស្រីបានទស្សនកិច្ចនៅសាធាររដ្ឋអ៊ីរ៉ង់ដើម្បីធ្វើការផ្សព្វផ្សាយទេសចរណ៍របស់ថៃនៅក្នុងការតាំងពិព័រណ៍ផ្សព្វផ្សាយទេសចរណ៍ដ៏ធំបំផុតក្នុងតំបន់មជ្ឈិមបូព៌ា។
ក្នុងដំណើរទស្សនកិច្ចនោះលោកស្រីក៏បានពិភាក្សាជាមួយនិងអគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍អ៊ីរ៉ង់អំពីការចុះអនុស្សរណៈយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការកីឡានិងទេសចរណ៍ផងដែរ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា