ភ្នំពេញ៖សុគន្ធ និសា បានប្រកាសចេញបទថ្មីរបស់នាងនៅលើយូធូប និងផេកផ្លូវការរបស់ខ្លួននៅថ្ងៃទី១ ខែ១១ ខាងមុខនេះដែលនេះបញ្ជាក់ថានាងច្រៀងដោយគ្មានផលិតកម្ម បន្ទាប់ពីមានដំណឹងថានិសា បានចេញពីហង្សមាសតាំងពីមុនខែ៨ ម្លេះ ។ប៉ុន្ដែការដែលនិសា ទើបវិលពីអាមេរិកមកដល់ខ្មែរបានតែ១ខែក៍ចេញបទថ្មីឡើងវិញនេះត្រូវបានគេសន្និដ្ឋានថានាងធ្វើបទទាំងនេះដើម្បីឲ្យទាន់ពេលវេលាសម្រាប់ការចេញច្រៀងសម្ដែងConcerts នារដូវក្ដៅខាងមុខនេះដែលចាប់ផ្ដើមមាញឹកចាប់ពីខែ១១ ឆ្នាំ២០២៤ ដល់ខែ៥ ឆ្នាំ២០២៥ ។និសា ក៍ដូចជាតារាហង្សមាសផ្សេងៗទៀតដែរ ពោលគឺក្រោយចេញពីហង្សមាសនាងមិនប្រាប់ពីមូលហេតុដែលមិនបន្ដច្រៀងឲ្យផលិតកម្មមួយនេះតាមរយៈសន្និសីទកាសែត ឬផ្ដល់បទសម្ភាសន៍ដល់អ្នកសាព័តមានអ្វីទាំងអស់ តែនាងចាប់ផ្ដើមចេញបទចម្រៀងនៅលើផេកផ្ទាល់ខ្លួនដូចគេដែរ។ប៉ុន្ដែកាលពីចុងខែ១ និសា បានប្រាប់អ្នកកាសែតថានាងពិតជាមានការព្រួយបារម្ភមែនទៅលើទីផ្សារចម្រៀងរបស់ខ្លួនដែលប្រឈមភាពស្ងប់ស្ងាត់ខ្លាំង ព្រោះគ្មានបទថ្មីៗចេញដែលបញ្ហានេះធ្វើឲ្យនាងពិបាកប្រឈមប្រជែងឬរក្សារទីផ្សារចម្រៀងតទៅទៀត ។តែនិសា ថារឿងនេះមិនមែនកើតឡើងចំពោះតែរូបនាងម្នាក់នោះទេគឺតារាស្រីទូទៅព្រោះសម័យនេះអ្នកចម្រៀងលែងពឹងទៅលើអាជីពសិល្បៈតែមួយច្រកទៀតហើយ ដោយងាកទៅរកស៊ីលក់Online សឹងគ្រប់គ្នាទើបលែងមានចេញច្រើនដូចមុនទៀត។


បទដំបូងដែលសុគន្ធ និសា ចេញដោយខ្លួនឯងនោះគឺ«ពេលខ្ញុំដួល អ្នកនៅឯណា ?» ដែលអត្ថន័បទនេះនិសា ចង់និយាយអំពីរឿងថាពេលនាងដួល គ្មានសូម្បីមនុស្សម្នាក់ឲ្យផ្អែកស្មា ហើយនាងដឹងថា អ្នកណាបោះបង់យើងមិនសំខាន់ សំខាន់មិនបោះបង់ខ្លួនឯង ។

លោកខាំ ភូរិ អតីតអ្នកដឹកនាំសម្ដែងហង្សមាសបានថ្លែងថា«Idol មកលើកនេះកាន់តែប្លែក » ។ចំណែកតារាសម្ដែងណាក់ ស្រីណា ដែលស្និតជាមួយនិសា នោះបានខមិនថា «ជូនកាលស្មារលា អាចប្រសើរជាងស្មាផ្អែក បើគេមិនចង់ឲ្យយើងផ្អែក យើងកុំផ្អែកគេអី ព្រោះជូនកាលអាចរំខានដល់គេ ខ្ញុំជឿថានៅតែមានស្មាដែលគេស្ម័គ្រឲ្យយើងផ្អែក តែសំខាន់លើយើងថាចង់ផ្អែកឬក៍មិនចង់ » ។

ក្រៅពីសុគន្ធ និសា ពេលនេះពេជ្រ សោភា ,ពេជ្រ សូលីកា ,វី ឌីណែត និងតារាជាច្រើនទៀតរបស់ហង្សមាសក៍បានងាកមកធ្វើបទចម្រៀងចេញលើផេកខ្លួនឯងដែរ ខណៈដែលអ្នកមេម៉ាយសូលីកា មានយីអ៊ុនល្អជាងគេពោលគឺចេញបទផ្ទុះ២បទមានទីផ្សារឡើងវិញ។គេចាំមើលថាសុគន្ធ និសា ដែលមានអាយុ៤០ឆ្នាំ អាចវាយលុកទីផ្សារចម្រៀងបានជាថ្មីដែរ ឬទេ នៅពេលដែលនាងផលិតបទចម្រៀងដោយខ្លួនឯងនេះ។

ប្រភពបានឲ្យដឹងថាមុនសម្រេចចិត្តបង្កើតក្រុមផលិតបទចម្រៀងផ្ទាល់ខ្លួននេះ សុគន្ធ និសា ក៍ត្រូវបានGalaxy ចាប់អារម្មណ៍ចង់ទិញនាងឲ្យច្រៀងជាមួយតារាប្រុសរបស់ខ្លួនដែរ ព្រោះទ្រនុំនោះមានតែនាងតន់ ច័ន្ទសីម៉ា ម្នាក់ដែលចាប់ដៃជាមួយព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម ទើបធ្វើឲ្យអ្នកសា្ដប់ធុញ ។តែចុងក្រោយនិសា បែជាមិនទៅណាទាំងអស់ ហើយធ្វើបទចម្រៀងខ្លួនឯងវិញម្ដង ខណៈដែលតំណែងធំរបស់នាង២របស់នាងនៅហង្សមាសគឺធ្វើជាគ្រូបង្វឹកThe Voice Kids Cambodia និងគណៈកម្មការCambodian Idol Junior នោះនៅមានភាពស្រពិចស្រពិលនៅឡើយ ។

សូមរំលឹកថាសុគន្ធ និសា បានចូលហង្សមាសជាលើកទី១កាលពីឆ្នាំ២០០៧ និងចាកចេញទៅថោន៣ឆ្នាំ(២០១២-២០១៥) ក៍វិលមកចូលហង្សមាសជាលើកទី២នៅឆ្នាំ២០១៦ ពោលគឺជ្រកនៅហង្សមាសចុងក្រោយជាង៨ឆ្នាំនេះនាងសាងស្នាដៃក្នុងភាពយន្ដជាតួឯក៤រឿងគឺ”សិសិរដូវក្នុងបេះដូង “,”រាជនីយភូមិគ្រឹះ” ,”ព្រះវេស្សន្ដជាតក” និងរឿង”ចំណតថ្មី នៃសុភមង្គល”។ក្រៅពីត្រៀមចេញបទថ្មីនិសា ក៍ត្រៀមធ្វើខួបអាពាហ៍ គម្រប់៧ឆ្នាំ នៅថ្ងៃទី១ ខែ១២ ជាមួយស្វាមីនាងលោកចៅ សម្បត្តិ បើទោះជាពេលនេះពួកគេមិនទាន់មានកូន១គ្រាប់ក្ដី ៕
