Saturday, November 23, 2024
Homeព័ត៌មានជាតិសកម្មជនការពារព្រៃឈើ ស្នើជួយរកយុត្តិធម៌ជូនជនបរទេសការពារព្រៃឈើខ្មែរ

សកម្មជនការពារព្រៃឈើ ស្នើជួយរកយុត្តិធម៌ជូនជនបរទេសការពារព្រៃឈើខ្មែរ

ខេត្តព្រះវិហារ ៖ ប្រធានសមាគមយុវជនស្រលាញ់ធនធានធម្មជាតិ និងសកម្មជនការពារព្រៃឈើ លោកតាន់ គឹមសួរ បានស្នើឲ្យជួយរកយុត្តិធម៌ជូនលោកបេន ដេវិស ករណីការប្រើអំពើហិង្សាលើក្រុមការងាររបស់ជនបរទេសការពារឈើខ្មែរ នៅខេត្តព្រះវិហារ រូបនេះ បន្ទាប់ពីបុរសជនជាតិអាមេរិកាំង រូបនេះ និងក្រុមការងាររបស់គាត់ បានធ្វើកំណត់ហេតុជូនមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ថាមានជនល្មើសប្រើហិង្សា ប៉ុនប៉ងធ្វើឃាតពួកគាត់ នៅពេលចុះល្បាតព្រៃឈើ ។

លោកតាន់ គឹមសួរ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ថា “សំណាងហើយ ដែលលោកបេន ដេវិស អាចនៅរក្សាជីវិតបាន។ សូមជួយរកយុត្តិធម៌ជូនលោកបេន និងក្រុមការងារផង កុំឲ្យជនខិលខូចដែលស្អប់លោកបេន កន្លងមក ប្រែស្ថានការណ៍ពីស ទៅជាខ្មៅបានឲ្យសោះ។ សូមបងប្អូនកុំមើលតែមួយជ្រុង ឲ្យធ្វើការចោទប្រកាន់ទៅលើលោកបេន និងក្រុមការងារឲ្យសោះ។ យោងតាមកំណត់ហេតុ និងរូបភាពភ្ជាប់មួយចំនួន បងប្អូននឹងអាចយល់កាន់តែច្បាស់អំពីហេតុការណ៍ដែលបានកើតឡើង“ ។

គួរបញ្ជាក់ថា ការស្នើរបស់លោកតាន់ គឹមសួរ សកម្មជនព្រៃឈើ ខាងលើនេះ បានធ្វើឡើងក្រោយលោកបេន ដេវិស បុរសជនជាតិអាមេរិកាំង ដែលបានលះបង់ដ៏ធំធេង ដើម្បីការពារព្រៃឈើក្នុងប្រទេសកម្ពុជា និងក្រុមការងាររបស់គាត់ បានធ្វើកំណត់ហេតុ ជូនទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ថាមានជនល្មើសប៉ុនប៉ងធ្វើឃាតពួកគាត់ នៅពេលចុះល្បាតព្រៃ ដោយជនល្មើសបានប្រើកាំបិតប៉័ងតោ កាប់មកលើក្រុមការងាររបស់លោក ដែលជាមន្រ្តីប៉េអឹម បណ្ដាលឲ្យរងរបួស ហើយក្រុមការងាររបស់លោក បានប្រើសិទ្ធិវាយជននោះដោយដៃ បណ្ដាលឲ្យរងរបួសវិញ ដើម្បីនាំខ្លួនមកសាកសួរ និងនាំទៅព្យាបាលនៅមន្ទីរពេទ្យ ។

កំណត់ហេតុ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដែលមានស្នាមមេដៃលោកបេន ដេវិស ធាន សុធា សឿង សារ៉ុន ប៉ុន ឆោម សាន គីន និងសុខ ឡូ មានខ្លឹមសារថា “នៅវេលាម៉ោង ០៩:៥៩នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុច ភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ចំណុចនិយាមកា 48P 478085-1486740 ខ្ញុំបាទ នាយចំណង់ សឿង សារ៉ុន កងរាជអាវុធហត្ថផ្ទៃប្រទេស កម្លាំងសហការណ៍ការពារ និងអភិរក្សនៅស្នាក់ការភ្នំត្នោត-ភ្នំពក មុនកើតហេតុ ពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៤ ខ្ញុំបាទ បេន ដេវីស បានចាត់កម្លាំងសហគមន៍ភ្នំត្នោតពីររូប ទី១ឈ្មោះ សុខ ឡូ ភេទប្រុស អាយុ៥៣ រស់នៅភូមិតាបស ឃុំស្មៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ទី២ ឈ្មោះ ប៉ាល់ ឆោម ភេទប្រុស អាយុ ៣៧ រស់នៅភូមិតាបស ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ បានឲ្យសហគមន៍ទាំងពីររូបខាងលើ នឹងឲ្យទៅល្បាតត្រង់ចំណុចស្ទឹងបាក់មែក ស្ថិតនៅខាងលិចឈៀងខាងត្បូងភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ពេលដែលសហគមន៍ទៅជិតដល់ចំណុចដែលត្រូវល្បាត នៅវេលាម៉ោង ០៨:៥៧នាទីព្រឹក ក៏បានរកកន្លែងទុកម៉ូតូ រួចក៏បានដើរតម្រង់ទៅគោលដៅដែលត្រូវល្បាត ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ពេលនោះលោក សុខ ឡូ ហើយនិងលោក ប៉ាល់ ឆោម បានឃើញចម្ការចន្ទីមួយកន្លែងដែលនៅជិតកន្លែងទុកម៉ូតូស្រឡះ ក៏ដើរកាត់បន្តិច ដើម្បីដើរតម្រង់ទៅស្ទឹង រកមើលតម្រុយបទល្មើស និងដៃប្រភេទក្រឡាសំណាញ់សម្រាប់ចាប់ត្រី និងសត្វគ្រប់ប្រភេទដែលរស់នៅក្នុងទឹក តែពេលដែលលោក សុខ ឡូ និងលោក ប៉ាល់ ឆោម ចេញដំណើរពីកន្លែងទុកម៉ូតូ និងដើរកាត់ចម្ការចន្ទីរបស់ជនបង្ករឈ្មោះកោះ សៀម ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានស្រែកសួរនាំមកសហគមន៍ទាំងពីរថា ពួកអាអ្ហែងមកធ្វើអីនៅទីនេះ? រួចក៏បានឡើងទៅលើខ្ទម តែសហគមន៍ទាំងពីរស្មានថា គាត់ឡើងទៅយកកាំភ្លើង ដោយឮសំឡេងមិនប្រក្រតីចេញពីលើខ្ទម ក៏លោក ប៉ាល់ ឆោម រត់ចេញពីចម្ការ ហើយងាកមើលក្រោយ ក៏ឃើញលោក កោះ សៀម បានចុះពីលើខ្ទមនិងកាន់កាំបិតយារសំដៅរត់មកកាន់លោក ប៉ាល់ ឆោម តាមពីក្រោយ បម្រុងនឹងកាប់ រហូតដល់លើផ្លូវ ហើយស្រែកថា ពួកអាអ្ហែងនាំគ្នាចេញទៅ កុំមកទៀត រួចសហគមន៍ទាំងពីរនាក់ក៏បានជិះម៉ូតូចេញ និងបានទាញទូរស័ព្ទខលមកកាន់បេន ដេវិស ដើម្បីសុំឲ្យលោក បេន មកជួយអន្តរាគមន៍និងធ្វើការសួរនាំទៅកាន់លោក កោះ សៀម ដើម្បីរកមូលហេតុថាតើហេតុអ្វីបានជាទាញកាំបិតមករកកាប់ក្រុមសហគមន៍ដោយគ្មានមូលហេតុបែបនេះ។ ក្រោយពេលសហគមន៍ទាំងពីររូប ខលទូរស័ព្ទប្រាប់អំពីហេតុការណ៍ទៅបេន រួច ក៏ជិះម៉ូតូចេញមកតាមផ្លូវដដែល បុគ្គលឈ្មោះកោះ សៀម ក៏បានជិះម៉ូតូតាមពីក្រោយសហគមន៍ទាំងពីរប្រកិតគ្នារហូត លុះដល់ភូមិ បុគ្គលឈ្មោះកោះ សៀម ក៏បានវ៉ាទៅមុន ក៏សហគមន៍ជិះឃ្លាំមើលពីក្រោយវិញរហូត ក៏ឃើញលោក កោះ សៀម បត់ម៉ូតូចូលទៅក្នុងផ្ទះ បន្ទាប់មកសហគមន៍ទាំងពីររូបបានជិះម៉ូតូមកដល់ផ្លូវធំ ចម្ងាយពីផ្ទះកោះ សៀម ប្រហែល៥០០ម៉ែត្រ ដើម្បីរង់ចាំលោកបេន និងកម្លាំងកងរាជអាវុធហត្ថមកដល់នោះ ក៏ឃើញបុគ្គលឈ្មោះកោះ សៀម រូបនេះបានមកសួរនាំថា តើសហគមន៍ទាំងពីរនាក់ជាអ្នកណាហើយមកពីណា និងបានទាញទូរស័ព្ទថតរូបសហគមន៍ទាំងពីរនាក់ដោយគ្មានការអនុញ្ញាតផងដែរ»។

កំណត់ហេតុដដេល បន្តថា «លុះវេលាម៉ោង ០៩:៥៧នាទី សហគមន៍ទាំងពីរនាក់ក៏បានជួបគ្នាជាមួយក្រុមការងារ និងបានប្រាប់បង្ហាញពីផ្ទះរបស់បុគ្គលឈ្មោះកោះ សៀម ហើយវេលាម៉ោង ០៩:៥៩នាទី ក្រុមការងាររបស់បេន ទាំងអស់បានទៅដល់មុខផ្ទះរបស់កោះ សៀម ដើម្បីហៅគាត់ចេញមកខាងមុខផ្ទះ នឹងធ្វើការសួរនាំអំពីហេតុការណ៍ដែលបានកើតឡើងដំបូង ថាតើហេតុអ្វីបានជាលោក កោះ សៀម ដេញកាប់សហគមន៍។ ភ្លាមនោះដែរ លោក បេន និងកងរាជអាវុធហត្ថ បានធ្វើការសួរនាំ តែលោក កោះ សៀម គាត់មិនបានសហការនិយាយតបជាមួយក្រុមការងារដែលបានចុះទៅវិញទេ ហើយលោក កោះ សៀម ក៏បានដើរគេចចេញពីការសួរនាំម្តងបន្តិចៗ និងដើរចូលទៅក្នុងផ្ទះ រួចបិទទ្វារខាងមុខ តែដោយសារលោក សឿង សារ៉ុន ឃើញថា ផ្ទះលោក កោះ សៀម មិនមានរបងខាងមុខផងនោះ លោក សឿង សារ៉ុន ក៏បានដើរពីចំហៀងផ្ទះខាងលិច ហើយឃើញថា ទ្វារផ្ទះខាងក្រោយចំហ ក៏លោក សឿង សារ៉ុន ដើរចូលទៅសួរនាំនិងហៅចេញមកខាងមុខផ្ទះ ដើម្បីនិយាយគ្នាអំពីរឿងហេតុដែលលោក កោះ សៀម ទាញកាំបិតដេញកាប់សហគមន៍ទាំងពីររូប តែពេលលោក សឿង សារ៉ុន ដើរទៅដល់មាត់ទ្វាខាងក្រោយ ក៏ឃើញបុគ្គលកោះ សៀម បានទាញកាំបិតប៉័ងតោ រត់សំដៅមកកាប់លើលោក សឿង សារ៉ុន ភ្លាមនោះលោក សឿង សារុំន ក៏បានចាប់ តែចាប់មិនឈ្នះលោក កោះ សៀម ដែលជាជនបង្ករបាន ក៏បានកាប់ចំពីមុខផ្នែកដងខ្លួន ត្រង់ដើមទ្រូង ចំនួន៣កាំបិត និងបានធ្វើការចាក់ចំផ្នែកពោះ ចំនួន២កាំបិត ពេលឃើញដូច្នេះ លោក សឿង សារ៉ុន ក៏បានព្យាយាមរត់ចេញពីមាត់ទ្វារមកវិញ តែលោក កោះ សៀម បានទាញខ្សែកាំភ្លើង ជាប់និងបានកាប់ពីក្រោយ ចំនួន០២កាំបិត ត្រូវខ្នងខាងក្រោយ តែមិនមុត ដោយសាអាវក្រាស់ និងបានចាក់បន្ថែមពីក្រោយ ចំនួន០២កាំបិតទៀតចំផ្នែកលើចង្កេះ បណ្តាលឲ្យមុតរងរបួសចេញឈាម០២កន្លែង និងបានទាញដណ្តើមកាំភ្លើងពីលោក សឿង សារ៉ុន និងបានបើកសោបញ្ចូលគ្រាប់ រួចធ្វើការបាញ់សំដៅលើឈ្មោះធាន សុធា ភេទប្រុស អាយុ ៣០ឆ្នាំ ដែលជាកងរាជអាវុធហត្ថ ពេលដែលកំពុងចូលទៅជួយចាប់ជនបង្កឈ្មោះកោះ សៀម ក៏បានបាញ់សំដៅមកលើឈ្មោះធាន សុធា និងក្រុមការងារចំនួន០១គ្រាប់ តែមិនចំ រួចលោក ធាន សុធា ក៏បានធ្វើការចាប់កាណុងកាំភ្លើងឲ្យងាករេចេញ ដើម្បីកុំឲ្យត្រូវក្រុមការងារនិងខ្លួនផ្ទាល់ ហើយក៏សម្រេចចិត្តប្រើសិទ្ធការពារខ្លួន ដោយប្រើដៃ និងមិនបានបាញ់តបតទៅលើបុគ្គលជាជនបង្កដែលមានឈ្មោះ កោះ សៀម វិញនោះដែរ បន្ទាប់មកក្រុមការងារទាំងអស់ក៏បានដណ្ដើមយកកាំភ្លើង AK47 ពីដៃលោក កោះ សៀប មកវិញបានសម្រេច បន្ទាប់មក លោក ធាន សុធា ក៏បានដាក់ខ្នោះដៃទៅលើលោក កោះ សៀម និងបាននាំលោក កោះ សៀម ដែលជាជនបង្ក ឱ្យចូលក្នុងឡាន តែលោក កោះ សៀម មិនបានសហការចូលទៅក្នុងឡានទេ ទើបក្រុមការងារសម្រេចចិត្តចាប់ដាក់ចូលទៅក្នុងឡាន រួចក៏នាំខ្លួនលោក កោះ សៀម ចេញពីកន្លែងកើតហេតុសិន ពីព្រោះបើនៅនឹងកន្លែងកើតហេតុយូរ ក្រុមការងារខ្លាចបងប្អូនជនបង្កដែលមានឈ្មោះ កោះ សៀម និងអ្នកជិតខាងដែលស្គាល់លោក កោះ សៀម នាំគ្នាមកធ្វើបាតុកម្ម ដើម្បីរំដោះជនដែលបានបង្កហេតុនេះ ចេញពីដៃរបស់ក្រុមការងារទៅវិញ។ ហើយបន្ទាប់មក លោក ធាន សុធា ឃើញថាជនបង្កដែលបានចាប់ខ្លួនត្រូវរបួសដោយសារតែកងរាជអាវុធហត្ថ ០២នាក់ បានប្រើសិទ្ធិការពារខ្លួន ដោយប្រើដៃ ទើបធ្វើឲ្យមានរបួសបន្តិចបន្តួចផងនោះ ក៏ក្រុមការងារបានពិភាក្សាគ្នាថា នឹងនាំខ្លួនជនបង្កទៅរកកន្លែងដែលមានសុវត្ថិភាពសិន និងបានធ្វើដំណើរបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ដើម្បីសុំឲ្យពេទ្យជួយធ្វើការ ព្យាបាលមកលើលោក សឿង សារ៉ុន និងជនបង្កដែលមានឈ្មោះកោះ សៀម និងពេលដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះដែរ ខ្ញុំបាទ សឿង សារ៉ុន និងលោក ធាន សុធា បានឮបងប្អូននិងក្រុមគ្រួសាររបស់ជនបង្កដែលមានឈ្មោះថា កោះ សៀម ចង់សុំឲ្យគ្រូពេទ្យដែលប្រចាំការនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ជួយធ្វើការវះកាត់ ដើម្បីដកដែកចេញពីក្នុងផ្នែកជើង ពីត្រឹមចង្កេះ ចុះមកក្រោមផងដែរ។

សូមមេបញ្ជាការ មេត្តាជ្រាបជារបាយការណ៍…” ៕ កុលបុត្រ

RELATED ARTICLES