ភ្នំពេញ ៖ ក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនបត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០រៀល (ពីរសែនរៀល) និងដាក់ឱ្យចរាចរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មក លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលកំពុងរស់និរទេសនៅប្រទេសបារាំង បែរជាលើកឡើងថា ការបោះពុម្ពលុយ ២សែនរៀល បន្ថែមនេះ បង្ហាញថាជានិមិត្តរូបនៃបរាជ័យសេដ្ឋកិច្ចត្រកូលហ៊ុន និងថាសម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ជាអតីតនាយករដ្ឋមន្រ្តី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បរាជ័យទាំងនយោបាយសេដ្ឋកិច្ច និងនយោបាយការទូត ។
លោកសម រង្ស៊ី បានបង្ហោះរូបភាពធនបត្រ (ក្រដាសប្រាក់) ២០០០០០ (២សែនរៀល) ដែលទើបបោះពុម្ពចេញថ្មី ដោយធនាគារជាតិនៃកម្ពុជា នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ភ្ជាប់ជាមួយសំណេរថា “នេះជានិមិត្តរូបនៃភាពបរាជ័យសេដ្ឋកិច្ចរបស់ត្រកូលហ៊ុន។ បរាជ័យទាំងនយោបាយសេដ្ឋកិច្ច បរាជ័យទាំងនយោបាយការទូត។ នយោបាយសេដ្ឋកិច្ចរបស់ហ៊ុន សែន ទៅអែបស្និទ្ធនឹងចិន បានទាល់ច្រកនិងបរាជ័យហើយ វាជាកំហុសដ៏ធំបំផុតរបស់ហ៊ុន សែន។ ចិន មិនអាចសង្គ្រោះក្រុមត្រកូលហ៊ុន ពីទណ្ឌកម្មលោកខាងលិចបានទេ។ អ្នកខាតបង់គឺប្រជាពលរដ្ឋខ្មែរ“ ។
ស្របនឹងការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ថា ការបោះពុម្ពលុយយ៉ាងច្រើននេះ នឹងធ្វើឲ្យមានហានិភ័យនៃអតិផរណា គឺទំនិញឡើងថ្លៃ ហើយលុយចុះថោក តែរដ្ឋាភិបាល មិនខ្វល់ទេ ព្រោះរដ្ឋាភិបាល អត់លុយ ខ្វះលុយ ទើបបានជាបោះលុយបន្ថែម ដែលបង្ហាញថា ដោយសារតែវិបត្តិសេដ្ឋកិច្ចនៅកម្ពុជា ។ ដូច្នេះមិនខុសទេ ដែលថា សម្ដេចហ៊ុន សែន កំពុងបរាជ័យទាំងនយោបាយសេដ្ឋកិច្ច និងនយោបាយការទូត ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ការដែលលោកសម រង្ស៊ី ថាការបោះពុម្ពក្រដាសប្រាក់ ២សែនរៀលហ្នឹង គឺជានិមិត្តរូបនៃបរាជ័យសេដ្ឋកិច្ចរបស់ត្រកូលហ៊ុន ហើយនិងបរាជ័យរបស់លោកហ៊ុន សែន ទាំងផ្នែកនយោបាយសេដ្ឋកិច្ច និងការទូត ហើយ ដែលបរាជ័យខាងនយោបាយសេដ្ឋកិច្ចហ្នឹង គឺយើងឃើញហើយ សេដ្ឋកិច្ចកម្ពុជា កំពុងតែដាំក្បាលចុះ កំពុងតែមានជួបវិបត្តិសេដ្ឋកិច្ច ការលក់ដូរក៏មិនដាច់ ភ្ញៀវទេសចរក៏អត់មាន អ្នកវិនិយោគទុនហ្នឹងក៏អត់មាន យើងឃើញថា លុយកាន់តែហើម អតិផរណាហ្នឹងគឺច្រើនមែនទែន ដោយសារតែមានទណ្ឌកម្មពីសហគមន៍អន្តរជាតិ អាមេរិក មិនផ្ដល់ប្រព័ន្ធការអនុគ្រោះពន្ធទូទៅ GSP សហភាពអឺរ៉ុប ផ្ដាច់ប្រព័ន្ធការអនុគ្រោះពន្ធ EBA ២០% ដោយសារតែការបំផ្លាញប្រជាធិបតេយ្យ ការមិនគោរពសិទ្ធិមនុស្ស ការរំលោភសិទ្ធិមនុស្ស ហើយនិងការចាប់សកម្មជនបក្សប្រឆាំង សកម្មជនសង្គម សកម្មជនបរិស្ថាន ដាក់ពន្ធគារហ្នឹងឯង វាធ្វើឲ្យមានទណ្ឌកម្មពីលោកខាងលិច វាធ្វើឲ្យកម្ពុជា ជួបវិបត្តិសេដ្ឋកិច្ច ដោយសារកម្ពុជា ពឹងផ្អែកទៅលើចិនផង ។ យើងដឹងហើយ អ្នកវិនិយោគទុនចិន នៅកម្ពុជា មានជិត៧០% អ៊ីចឹងនៅពេលដែលចិនជួបវិបត្តិសេដ្ឋកិច្ច កម្ពុជាយើង ក៏ជួបវិបត្តិសេដ្ឋកិច្ចដែរ ។ ដូច្នេះអាហ្នឹងគឺជាបរាជ័យមួយ នៃនយោបាយសេដ្ឋកិច្ច ដែលមិនអាចធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា រីកចម្រើននោះទេ ដោយសារតែមានការបង្ខាំងមនុស្សឆបោកតាមអនឡាញអីហ្នឹងក៏ច្រើន ។ អ៊ីចឹងអត់មានភ្ញៀវទេសចរណាគេមកវិនិយោគ មកលេង ឬគ្មានវិនិយោគទុនណាគេមកដាក់ទុននៅកម្ពុជា អ៊ីចឹងទៅ ។ ដូច្នេះអាហ្នឹងគឺជានយោបាយសេដ្ឋកិច្ចដែលបរាជ័យ“ ។
លោកអ៊ុំ សំអាន បានបន្តថា “នយោបាយការទូតដូចគ្នាដែរ ដោយសារតែការកាន់អំណាចផ្ដាច់ការហ្នឹង អត់មានទំនាក់ទំនងល្អជាមួយលោកខាងលិច អ៊ីចឹងអត់មានអ្នកវិនិយោគទុនមកពីលោកខាងលិច ភ្ញៀវទេសចរពីលោកខាងលិច ក៏មិនសូវមាន ការដាក់ទណ្ឌកម្មមកលើមន្រ្តីរដ្ឋាភិបាល និងឧកញ៉ាហ្នឹង កាន់តែច្រើន ។ អាហ្នឹងគឺជាបរាជ័យនយោបាយការទូតហើយ រហូតដល់ប្រទេសលោកខាងលិច ប្រទេសអ្នកមានហ្នឹង គេមិនចង់រាប់អានជាមួយកម្ពុជា ។ យើងឃើញថា ប្រជាពលរដ្ឋកំពុងជំពាក់លុយធនាគារវ័ណ្ឌក ឧកញ៉ាហ្នឹងបោកប្រជាពលរដ្ឋហ្នឹងក៏ច្រើន រោងចក្រក៏បិទទ្វារកាន់តែច្រើន អត់មានការងារធ្វើ ព្យួរការងារ ការលក់ដូរក៏មិនដាច់ ភ្ញៀវទេសចរក៏អត់មាន ប្រជាពលរដ្ឋអត់ការងារធ្វើ ទៅធ្វើការនៅស្រុកថៃ ម៉ាឡេហ្នឹងក៏ច្រើន យើងមើលទំនិញក៏ឡើងថ្លៃ ។ អាហ្នឹងយើងឃើញអ៊ីចឹងឯង ប្រជាពលរដ្ឋជំពាក់លុយធនាគារវ័ណ្ឌក រដ្ឋហ្នឹងក៏ជំពាក់លុយបរទេសហ្នឹងវ័ណ្ឌក ។ អាហ្នឹងគឺជានយោបាយសេដ្ឋកិច្ចដែលបរាជ័យនោះ ហើយយើងឃើញការនាំចេញហ្នឹងមានតិចតួច ការនាំចូលហ្នឹងក៏ច្រើន ។ ដូច្នេះយើងឃើញថា ប្រជាពលរដ្ឋកំពុងតែអត់ការងារធ្វើក៏ច្រើន ជំពាក់លុយធនគារហ្នឹងក៏ច្រើន ដោយសារតែឧកញ៉ាឆបោកហ្នឹង ធ្វើឲ្យប្រជាពលរដ្ឋហ្នឹងជំពាក់លុយធនាគារវ័ណ្ឌក ។ សូម្បីតែបន្លែ សាច់ ត្រី ត្រកួន សូម្បីស្លឹកគ្រៃ ក៏នាំចូលមកពីយួន ពីថៃ ខ្លួនឯងដាំបន្លែ ស្លឹកគ្រៃ មិនបានហូបផងហ្នឹង ហើយទៅអភិវឌ្ឍនយោបាយសេដ្ឋកិច្ចយ៉ាងម៉េច ហើយសូម្បីតែផលិតផលកសិកម្មហ្នឹងចុះថោក រកទីផ្សារមិនបាន រកទីផ្សារលក់ផលិតផលកសិកម្មហ្នឹង អត់មានដូចថៃ ដូចយួន ។ អ៊ីចឹងស្រូវ និងផលិតផលកសិកម្មហ្នឹងថោក ឬត្រូវភ្ជួរចោលអ៊ីចឹងទៅ ។ ហ្នឹងហើយគឺជានយោបាយដឹកនាំផ្ដាច់ការតពូជ នៅប្រទេសណាក៏ដូចនៅប្រទេសណាដែរ ដូចកូរ៉េខាងជើងអ៊ីចឹង វាមិនខុសគ្នាទេ ។ ហើយការបោះក្រដាសប្រាក់កាន់តែធំហ្នឹង វាធ្វើឲ្យវិបត្តិសេដ្ឋកិច្ចហ្នឹងកាន់តែយ៉ាប់យ៉ឺនទៅៗ ហើយលុយកាន់តែចុះថោក ។ ដូច្នេះការបោះលុយយ៉ាងច្រើននេះ នឹងធ្វើឲ្យមានហានិភ័យនៃអតិផរណា គឺទំនិញឡើងថ្លៃ ហើយលុយចុះថោក ហើយរដ្ឋាភិបាលអត់លុយ ខ្វះលុយហ្នឹងហើយ បានជាបោះលុយបន្ថែម ។ អាហ្នឹងបង្ហាញថា ដោយសារតែវិបត្តិសេដ្ឋកិច្ចនៅកម្ពុជាហ្នឹង អត់លុយចាយ បោះពុម្ពលុយចាយតែម្ដងទៅ ។ អ៊ីចឹងលុយនឹងកាន់តែចុះថោកឡើងៗ បន្តិចទៀតដូចនៅប្រទេសវេណហ្ស៊ូអេឡា អ៊ីចឹងឯង ដូចសម័យលន់ នល់ ហ្នឹងឯង ចង់ទិញបន្លែនៅផ្សារ ក៏វេចលុយមួយការុងទៅជាមួយដែរ អាហ្នឹងបញ្ហាអ៊ីចឹងឯង“ ។
ទោះបីជាយ៉ាងណា ជាប្រតិកម្មឆ្លើយតបនឹងការលើកឡើងរបស់លោកសម រង្ស៊ី និងលោកអ៊ុំ សំអាន អតីតបក្សប្រឆាំង ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ថា ការដែលទណ្ឌិតសម រង្ស៊ី និងក្រុមប្រឆាំងថា ការបោះពុម្ពលុយ ២សែនរៀល បង្ហាញថា ជានិមិត្តរូបនៃបរាជ័យសេដ្ឋកិច្ចត្រកូលហ៊ុន និងថាសម្ដេចហ៊ុន សែន បរាជ័យទាំងនយោបាយសេដ្ឋកិច្ច និងនយោបាយការទូតនោះ គ្មានអ្វីចម្លែកទេ គឺក្រុមប្រឆាំងនិយាយតែផ្ទុយទេ ពេលដែលណាដែលរាជរដ្ឋាភិបាល មានជ័យជម្នះ គេថាបរាជ័យ ប៉ុន្តែពេលដែលខ្លួនគេបរាជ័យ ហើយយើងសួរទៅវិញថា ជ័យជម្នះអី? គេថាជ័យជម្នះនៅក្នុងអារម្មណ៍ ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “គោលបំណងនិងសំណូមពរនៃការបោះក្រដាសប្រាក់ ២សែនរៀលហ្នឹង គឺថាត្រូវបានលោកជំទាវអគ្គទេសាភិបាលធនាគារជាតិហ្នឹង បានពន្យល់សាធារណជនជាចំហរួចហើយ គឺទី១ គឺរំលឹកខួប២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ហើយទី២ គឺដើម្បីអបអរសាទរផង ហើយការបោះពុម្ពក្រដាសប្រាក់ហ្នឹង មិនមែនមានន័យថា ប្រាក់រៀលហ្នឹងមានអតិផរណាអីទេ គឺបោះក្នុងកម្រិតណាមួយ ដូចជា២០លានសន្លឹកតែប៉ុណ្ណឹងទេ ។ ដូច្នេះហើយ ការណ៍នេះ ជាឧទ្ទិសអបអរសាទរថ្វាយព្រះមហាក្សត្រ ដែលជាព្រះបិតាជាតិរបស់កម្ពុជាយើង ។ អ៊ីចឹងទេ វាមិនមានពាក់ព័ន្ធអីដូចដែលទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ និយាយដើម្បីមួលបង្កាច់សភាពការណ៍ ហើយបន្តុះបង្អាប់ជាតិសាសន៍ឯងទេ“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “និយាយទៅ សម្រាប់ពួកប្រឆាំង អាហ្នឹងតាំងពីដើមមក តាំងពីយើងបានសន្តិភាពពេញលេញ ប្រជាពលរដ្ឋអបអរសាទរគ្រប់តែគ្នា ក៏ប៉ុន្តែទណ្ឌិត ហើយនិងក្រុមឧទ្ទាមក្រៅច្បាប់ មួយក្រុមតូចនៅក្រៅប្រទេសហ្នឹង គឺមិនដែលអបអរសាទរពីប្រទេសជាតិមានសុខសន្តិភាពទេ ។ អាហ្នឹងគឺថា អ្វីក៏ដោយ ដែលជាសមិទ្ធផល ដែលជាមនុញ្ញផលរបស់ជាតិរបស់យើង គេមិនដែលសាទរជាមួយទេ ហើយកុំថាឡើយតែរឿងសេដ្ឋកិច្ច រឿងទេសចរណ៍ រឿងអី ។ល។ និង ។ល។ ដែលប្រទេសជាតិយើងមានស្នាដៃ មានការរីកចម្រើនហ្នឹង យើងឃើញហើយ គ្រាន់តែសិស្សានុសិស្សដែលទើបប្រលងលើពិភពលោក ហើយបានមេដាយមាស បានឥស្សរិយយសប្រសើរជាងបណ្ដានិស្សិត សិស្សនៅក្រៅប្រទេសទៀត ក៏គេមិនដែលឮអបអរសាទរដែរ ។ ទី២ កីឡាករយើងដែលបានមេដាយមាស មេដាយប្រាក់ហ្នឹង ក៏មិនដែលឮគេអបអរសាទរដែរ គឺថាមានគំនិតបន្តុះបង្អាប់ មានគំនិតមើលងាយ មើលថោកចំពោះជាតិខ្មែរ រួចទៅហើយ ។ សរុបទៅ ការដែលទណ្ឌិតសម រង្ស៊ី និងក្រុមប្រឆាំងគ្នាគាត់ថា ការបោះពុម្ពលុយ ២សែនរៀល បង្ហាញថា ជានិមិត្តរូបនៃបរាជ័យសេដ្ឋកិច្ចត្រកូលហ៊ុន និងថាសម្ដេចហ៊ុន សែន បរាជ័យទាំងនយោបាយសេដ្ឋកិច្ច និងនយោបាយការទូតនោះ ដើម្បីឲ្យស្រួលយល់ យើងយល់ថា អ្នកប្រឆាំងខ្មែរនេះ គឺប្រឆាំងនិយាយតែផ្ទុយទេ ពេលដែលណាដែលរាជរដ្ឋាភិបាល មានជ័យជម្នះ គេថាបរាជ័យ ពេលដែលខ្លួនគេបរាជ័យ គេថាជ័យជម្នះ អាហ្នឹងវាអ៊ីចឹង ។ ពេលដែលខ្លួនឯងកំពុងបរាជ័យ សួរថា ជ័យជម្នះអី? គេថាជ័យជម្នះនៅក្នុងអារម្មណ៍ អាហ្នឹងវាតែប៉ុណ្ណឹងទេ ហើយមិនបាច់ឆ្ងល់ ហើយមិនបាច់បកស្រាយវែងឆ្ងាយទេ“ ។
ដោយឡែក ថ្លែងតាមវីដេអូជាសាធារណៈ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានពន្យល់ពីខ្លឹមសារបច្ចេកទេសនៃការចេញផ្សាយ និងដាក់ឱ្យចរាចរក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀលនេះ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ថាក្រៅពីអបអររលឹកខួប២០ឆ្នាំ នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ការដាក់ឲ្យចរាចរនូវធនបត្រប្រភេទថ្មីនេះ គឺគ្រាន់តែជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក ដែលបានដកចេញចរាចរណ៍តែប៉ុណ្ណោះ ។ ដូច្នេះលោកស្រីបណ្ឌិត សង្ឃឹមថា នឹងមិនមានការយល់ច្រឡំ ឬការបកស្រាយខុសពីការដាក់ចេញនូវធនបត្រប្រភេទថ្មីនេះ ហើយលោកស្រីបណ្ឌិត ក៏សូមសាធារណជន ជួយស្រលាញ់និងគាំទ្រនូវប្រាក់រៀល ក៏ដូចជាប្រើប្រាស់ក្រដាសប្រាក់រៀល រក្សាគុណតម្លៃរបស់ក្រដាសប្រាក់រៀលយើង ឲ្យបានកាន់តែខ្លាំង ។
លោកស្រីបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា “ក្នុងឱកាសដាក់ចេញនូវធនបត្រប្រភេទ ២សែនរៀល នៅក្នុងថ្ងៃនេះ ខ្ញុំសូមជម្រាបថា នឹងមិនប៉ះពាល់អ្វីទៅដល់ចំនួនរូបិយវត្ថុដែលមាននៅក្នុងចរាចរណ៍នៃសេដ្ឋកិច្ចរបស់កម្ពុជាយើងទេ ។ មានការព្រួយបារម្ភកន្លងមក នៅពេលដែលធនាគារជាតិនៃកម្ពុជា ដាក់ចេញនូវប្រភេទធនបត្រថ្មី ថាធនាគារជាតិ នៃកម្ពុជា ឬក៏រាជរដ្ឋាភិបាល ខ្វះលុយ អ៊ីចឹងហើយបានជាត្រូវបោះផ្សាយលុយ ដាក់ប្រើប្រាស់បន្ថែម ។ ខ្ញុំសូមជម្រាបថា ការដាក់ចេញនូវធនបត្រប្រភេទថ្មីនេះ គឺគ្រាន់តែជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក ដែលយើងបានដកចេញចរាចរណ៍ ។ នេះបានន័យថា កន្លងមក នៅពេលដែលធនាគារជាតិនៃកម្ពុជា បានដាក់ធនបត្រទៅក្នុងចរាចរណ៍ ធនបត្រនោះ វាតែងតែមានការចាស់ ទក់ រហែក វាជារឿងធម្មតា ការប្រើប្រាស់ដោយដៃសើម ជួនកាលប៉ះពាល់ដី ជួនកាលត្រូវទឹកក្ដៅខ្លាំង ឬក៏អាចមានរហែក ឬក៏មានសរសេរប៊ិកអីនៅលើហ្នឹង ។ ដូច្នេះហើយរាល់ពេលដែលធនាគារជាតិ ប្រមូលនូវប្រភេទក្រដាសប្រាក់នេះចូលមកធនាគារជាតិវិញ តាមរយៈការបង់ប្រាក់ចូលពីសាធារណជន តាមសាខាធនាគារជាតិនៃកម្ពុជា តាមរយៈយន្តការ ឬក៏យុទ្ធនាការស្រលាញ់ប្រាក់រៀល ដែលកន្លងមកធនាគារជាតិនៃកម្ពុជា តែងតែធ្វើឡើងនៅតាមទីរួមខេត្តមួយចំនួន ដើម្បីផ្លាស់ប្ដូរក្រដាសចាស់ ទក់ រហែក ជាមួយនឹងប្រភេទក្រដាសថ្មី គឺក្រដាសប្រាក់ទាំងនោះ យើងនឹងយកទៅធ្វើស្រាវជ្រើស“ ។
លោកស្រីទេសាភិបាលធនាគារជាតិនៃកម្ពុជា បន្តថា “ស្រាវជ្រើសនេះ គឺបានន័យថា យើងនឹងជ្រើសរើសថា តើប្រភេទក្រដាសប្រាក់ណាដែលចាស់ដែរ ប៉ុន្តែអាចដាក់ចូលទៅប្រើប្រាស់ក្នុងចរាចរណ៍ក្នុងសេដ្ឋកិច្ចឡើងវិញ ហើយប្រភេទក្រដាសប្រាក់ណាដែលយើងត្រូវយកទៅកាត់ដុតចោល ។ ដូច្នេះនៅពេលដែលយើងសម្រេចថា ក្រដាសប្រាក់នោះ មិនអាចដាក់ចូលទៅក្នុងចរាចរណ៍វិញបាន គឺទី១ យើងត្រូវយកទៅកាត់ជាកំណាត់តូចៗ បន្ទាប់មក គឺយើងយកទៅដុតចោលនៅឡរបស់ធនាគារជាតិនៃកម្ពុជា ។ ហើយចំនួនដែលកាត់ ហើយនិងដុតនោះ គឺយើងដឹងច្បាស់ថា មានទំហំប៉ុន្មាន ហើយយើងនឹងជំនួសនូវទំហំទឹកលុយដែលយើងដុតហ្នឹង ដោយក្រដាសប្រាក់ថ្មី ។ ជួនកាលការជំនួសហ្នឹង គឺថាបើយើងកាត់ក្រដាស ១ម៉ឺន យើងជំនួសដោយក្រដាស ១ម៉ឺន យើងកាត់ក្រដាស ៥រយ យើងជំនួសដោយក្រដាស ៥រយ ក៏ប៉ុន្តែយើងអាចជំនួសដោយប្រភេទក្រដាសប្រាក់ថ្មី ប៉ុន្តែទំហំបរិមាណសរុប ត្រូវឲ្យស្មើគ្នា ប៉ុន្តែយើងអាចដូរប្រភេទធនបត្របាន ។ ដូច្នេះដើម្បីអបអរសាទរខួប២០ឆ្នាំ នៃការគ្រងរាជសម្បត្តិ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ចេញនូវក្រដាសប្រាក់ ប្រភេទ២សែនរៀល ជាប្រភេទក្រដាសប្រាក់ខលឡិចសិន ដែលយើងនឹងចេញផ្សាយតែ ២០លានសន្លឹកតែប៉ុណ្ណោះ គឺយើងប្រើលេខ២០ (២០ម៉ឺន) ដើម្បីគម្រប់២០ឆ្នាំ និង២០លានសន្លឹក ដើម្បីគម្រប់ ២០ឆ្នាំនេះ ។ អ៊ីចឹងហើយ ខ្ញុំសង្ឃឹមថា នឹងមិនមានការយល់ច្រឡំ ឬការបកស្រាយខុសពីការដាក់ចេញនូវធនបត្រប្រភេទថ្មីនេះទេ ។ ដូច្នេះហើយ ខ្ញុំក៏សូមសាធារណជនជួយស្រលាញ់និងគាំទ្រនូវប្រាក់រៀល ក៏ដូចជាប្រើប្រាស់ក្រដាសប្រាក់រៀល រក្សាគុណតម្លៃរបស់ក្រដាសប្រាក់រៀលយើងឲ្យបានកាន់តែខ្លាំង ហើយក្នុងឱកាសនៃថ្ងៃឈប់សម្រាកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ខ្ញុំសូមជូនពរដល់បងប្អូនប្រជាជនយើងទាំងអស់ សូមធ្វើដំណើរសុខសប្បាយ និងជួបប្រទះតែពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ! សូមអរគុណ!“ ។
គួរបញ្ជាក់ថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនបត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០រៀល (ពីរសែនរៀល) និងដាក់ឱ្យចរាចរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ២៣១ អនក្រ.បក ចុះថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្តីពីការចេញផ្សាយធនបត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០រៀល បានសម្រេចអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនបត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។ ធនាគារជាតិនៃកម្ពុជា មានភារកិច្ចចេញសេចក្តីប្រកាស ដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្គាល់នៃធនបត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០រៀលនេះ។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាកព័ន្ធ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ…។
នៅថ្ងៃដដែលនោះ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិកម្ពុជា និងធនាគារជាតិនៃកម្ពុជា បានចេញប្រកាស ធ៣.០២៤.៥៦៨.ប្រ.ក ស្តីពីលក្ខណៈសម្គាល់នៃធនបត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០រៀល ដែលមានខ្លឹមសារថា អនុលោមទៅតាមអនុក្រឹត្យលេខ ២៣១ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ស្តីពីការចេញផ្សាយធនបត្រអនុស្សាវរីយ៍ ប្រភេទ ២០០ ០០០រៀល ក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជា សូមប្រកាសផ្សាយជាសាធារណៈនូវលក្ខណៈសម្គាល់នៃធនបត្រអនុស្សាវរីយ៍នេះ មានដូចខាងក្រោម ៖
ក. លក្ខណៈទូទៅ ៖
ទំហំធនបត្រ : បណ្តោយ ១៧០មម ទទឹង ៧៦មម – ពណ៌ចម្បង គឺពណ៌ត្នោត ពណ៌ទឹកក្រូច និងពណ៌ផ្កាឈូក។
ខ. ផ្ទៃខាងមុខ ៖
– ផ្ទៃកណ្តាល ត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះវររាជមាតា ដែលផ្ទៃខាងក្រោយ ត្រូវបានតែងលម្អដោយក្បាច់ចម្លាក់ជាប្រពៃណី ព្រមជាមួយអក្សរ «ពីរសែនរៀល» នៅខាងក្រោម។ ខាងឆ្វេង មានលេខ ២០០០០០ នៅពីលើ ព្រមទាំងហត្ថលេខារបស់អគ្គទេសាភិបាលកិត្តិយស អគ្គទេសាភិបាល និងអគ្គបេឡា ខិតមកក្រោម មានរូបចម្លាក់នាគមួយគូ នៅប្រាសាទបន្ទាយសំរែ ក្នុងខេត្តសៀមរាប។
– ផ្នែកខាងស្តាំ ខាងលើ មានអក្សរ «ធនាការជាតិនៃកម្ពុជា» ខិតមកក្រោម មានលេខមាលា បោះពុម្ពដោយទឹកខ្មៅពណ៌ក្រហម និងនៅពីក្រោមនោះ មានលេខ «២០០០០០» និង «200000» និងមានអក្សរ «អ្នកក្លែងក្រដាសប្រាក់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់» នៅគែមខាងក្រោម ។ នៅគែមខាងស្តាំ នៃក្រដាសប្រាក់ មានរូបភាពអង្គដៅចំណាំ បោះពុម្ភតាមបន្ទាត់បញ្ឈរដែលឆ្លុះឃើញមានលេខ «200000»។
– ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ហារ នៃព្រះរាជាណាចក្រកម្ពុជា និងមានលេខ «200000» ព្រាលៗ បោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមជាមួយបន្ទះហូឡូក្រាម ទំហំ ១០មម កាត់ ទទឹងផ្ទៃក្រដាសប្រាក់ ពីលើដល់ក្រោម។ នៅជ្រុងខាងក្រោម មានគំនូសបន្ទាត់សម្រាប់ផ្ទៀង ផ្ទាត់ និងនិមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់ សម្រាប់ជនពិការភ្នែក។
គ. ផ្ទៃខាងខ្នង ៖
– ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រឿងព្រះមហាក្សត្រ និងមានអក្សរ «ពីរសែនរៀល» នៅពីក្រោម និងអក្សរ Congratulations on the 20th Anniversary of the Coronation of His Majesty Preah Bat Samdech Preah Boromneath NORODOM SIHAMONI (29 October 2004-29 October 2024) នៅគែមក្រដាសប្រាក់។ ផ្នែកខាងស្តាំ ត្រូវបានរំលេចឡើងនូវរូបភាពប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប និងមានលេខ «២០០០០០» នៅផ្នែកខាងក្រោម ព្រមជាមួយខ្សែសុវត្ថិភាព ទំហំ ៣មម នៅផ្នែកខាងឆ្វេង។ នៅជ្រុងលើខាងស្តាំ មានលេខ «200000» ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ។
– ផ្នែកខាងឆ្វេង ខាងលើ មានអក្សរ «ធនាគារជាតិនៃកម្ពុជា» និងអក្សរ «NATIONAL BANK OF CAMBODIA» ខិតមកក្រោមមានចារឹកអក្សរ «អបអរសាទរខួប២០ឆ្នាំ នៃការគ្រងរាជសម្បត្តិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី (២៩ តុលា ២០០៤ – ២៩ តុលា ២០២៤) ព្រមទាំងលេខ 2024 នៅពីក្រោមនោះ។ នៅគែមខាងឆ្វេងនៃក្រដាសប្រាក់ មានរូបភាពអង្គដៅចំណាំ បោះពុម្ពតាមបន្ទាត់បញ្ឈរ ដែលឆ្លុះឃើញលេខ «200000»។
ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនបត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០រៀល ត្រូវបានដាក់ឲ្យចរាចរទន្ទឹមគ្នាជាមួយនឹងធនបត្រជាតិប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក។ សាធារណជនគ្រប់រូប ត្រូវពិនិត្យ សម្គាល់ធនបត្រថ្មីនេះ ឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងការភ័ន្តច្រឡំ…៕ កុលបុត្រ