ខេត្តបាត់ដំបង ៖ ក្រោយបែកបាក់ប្រពន្ធទី២ ឈ្មោះហ៊ិន ចាន់ធឿន ហៅសុវណ្ណរ៉ា (មានកូន១) នៅខេត្តព្រះសីហនុ និងបែកបាក់ប្រពន្ធទី២ ឈ្មោះយ៉ាយ៉ា នៅភ្នំពេញ អស់រយៈពេល៥ឆ្នាំ មកដល់ពេលនេះ លោកទេស សុជន ហៅនាយក្រិន តារាកំប្លែងល្បីក្នុងក្រុមនាយកុយ បានទម្លាយថា មូលហេតុបែកប្រពន្ធទី២ ដោយសារប្រពន្ធមានប្រុសថ្មី ហើយលោកតាមទាន់ច្រើនដង នាងក៏ទៅចោលលោកបាត់ទៅ ។ តារាកំប្លែងរូបរាងតូចល្អិត វ័យ៤០ឆ្នាំប្លាយរូបនេះ ប្រាប់ថាពេលនេះលោកបានត្រឡប់ទៅរស់នៅឯស្រុកកំណើត គ្មានសល់ទ្រព្យសម្បត្តិអ្វីទេ គឺសល់តែកូន៣ (ប្រុស២ ស្រី១) និងបំណុលជិត ៩ម៉ឺនដុល្លារ ។
ខាងក្រោមនេះ គឺជាបទសម្ភាសន៍រវាង “នគរធំ” ជាមួយលោកទេស សុជន ហៅនាយក្រិន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងជីវិតអតីតកាលនិងបច្ចុប្បន្នរបស់លោក ៖
នគរធំ ៖ ជម្រាបសួរនាយក្រិន! មួយរយៈនេះ ឮថាលោកជួបការលំបាកខ្លាំងណាស់ ក្រោយបែកបាក់ភរិយាទី២ ហើយបាននាំកូន ៣នាក់ មករស់នៅស្រុកកំណើត?
នាយក្រិន ៖ បាទ! រាល់ថ្ងៃខ្ញុំរស់នៅស្រុកកំណើត ជាប្រចាំថ្ងៃ ជាមួយនឹងកូនៗខ្ញុំ ហើយស្រុកកំណើតខ្ញុំ នៅភូមិស្លក្រាម ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ។ នៅក្នុងគ្រួសារខ្ញុំ ឥឡូវនេះ ខាងខ្ញុំមាន ៤នាក់ រាប់ទាំងខ្ញុំ និងកូនៗ៣នាក់ ។ រីឯឪពុកខ្ញុំ ប្អូនៗខ្ញុំ ជាអ្នកមើលថែ ប៉ុន្តែពេលខ្ញុំរកលុយកាក់បានតិចតួច ក៏ជួយចំណាយ ចាយវាយលើគាត់ និងទិញថ្នាំសង្កូវជូនគាត់ដែរ ព្រោះឪពុកខ្ញុំមានជំងឺប្រចាំកាយដែរ ។
នគរធំ ៖ តើលោកអាចរំលឹកឡើងវិញបានទេថា លោកបានបែកភរិយាទី២ អស់រយៈពេលប៉ុន្មានឆ្នាំហើយ?
នាយក្រិន ៖ បាទ! ខ្ញុំបែកគាត់ ៥ឆ្នាំហើយ ។
នគរធំ ៖ ក្នុងការបែកគ្នានេះ ហេតុអ្វីលោកទទួលបន្ទុកយកកូន៣ មកចិញ្ចឹមតែម្នាក់ឯង?
នាយក្រិន ៖ បាទ! វាអ៊ីចេះទេ កាលបែកគ្នាហ្នឹង គាត់មានអ្នកទី៣ អីអ៊ីចឹងទៅ ហើយខ្ញុំក៏ចេះតែមានករណីលើកលែងឲ្យគាត់ ចង់ឲ្យគាត់ហ្នឹងកែខ្លួន ម្ដងជាពីរដងអីអ៊ីចឹងទៅ ខណៈដែលរឿងនេះមិនទាន់បែកខ្ចរខ្ចាយឲ្យគេដឹង ។ ដល់ហើយ ជាលើកចុងក្រោយ ពេលខ្ញុំតាមទាន់ញឹកញាប់ពេកទៅ គាត់មានការអៀនខ្មាស គាត់ក៏ដើរចេញពីជីវិតខ្ញុំទៅ ហើយពេលគាត់ចេញពីជីវិតខ្ញុំនោះ គាត់ក៏សុំកូនដែរ ដោយគាត់ថា កូន៣នាក់ហ្នឹង បើសិនជាអាណិតស្រលាញ់គាត់ ឲ្យកូនមួយណាក៏បានដែរ តែខ្ញុំបានប្រាប់ហេតុផលទៅគាត់វិញថា ខ្ញុំមិនអាចឲ្យកូនទៅគាត់ទេ ដោយសារតែកូននៅនឹងខ្ញុំនេះ នៅជុំគ្នា អត់បែកគ្នាទេ ហើយខ្ញុំមិនបានទៅរករឿងគាត់អីទេ ។
នគរធំ ៖ អ៊ីចឹងមកដល់ឥឡូវនេះ តើលោកដឹងថា ជីវិតរបស់អតីតភរិយា ជាមួយអ្នកថ្មី បានសុខស្រួលយ៉ាងណាដែរ?
នាយក្រិន ៖ ខ្ញុំអត់ដឹងដែរ តាំងពីថ្ងៃគាត់ចាកចេញទៅ គឺយើងបែកគ្នាតាំងពីនៅធ្វើការក្នុងហាងជុំគ្នា ក្រោយពីហ្នឹងមក មិនដែលទទួលដំណឹងថា គាត់រស់នៅកន្លែងណា ហើយបានសុខទុក្ខយ៉ាងណាទេ ។
នគរធំ ៖ ងាកមកកូនៗទាំង៣ របស់លោកវិញ តើសព្វថ្ងៃ បានចូលរៀនទេ ខណៈដែលនាំពួកគេមករស់នៅស្រុកកំណើតនេះ?
នាយក្រិន ៖ បាទ! កូនខ្ញុំទី១ រៀនបានថ្នាក់ទី៤ ចូលកងវិញ ឡើងថ្នាក់ទី៥ ហើយកូនទី២ រៀនបានថ្នាក់ទី២ ហើយកូនប្អូនគេ ទើបតែចូលរៀនថ្នាក់មត្តេយ្យ បានប៉ុន្មានខែ ហើយពិតហើយកូនទាំង៣នេះ រៀននៅស្រុកកំណើតទាំងអស់ ។
នគរធំ ៖ កន្លងមក ក្រៅពីសិល្បៈកំប្លែង តើលោកប្រកបរបរអ្វីខ្លះ?
នាយក្រិន ៖ និយាយទៅ មានតែសិល្បៈហ្នឹងឯង គ្រាន់តែពីមុនមក ខ្ញុំលេងនៅតាមប៉ុស្តិ៍ទូរទស្សន៍ ប៉ុស្តិ៍អី បន្ទាប់ពីប៉ុស្តិ៍បញ្ឈប់ការងារអស់ហើយអ៊ីចឹងទៅ ខ្ញុំក៏បើកល្ខោនខ្លួនឯង បើកហាង បើកអីអ៊ីចឹង ប៉ុន្តែយើងធ្វើការរកស៊ីអស់ហ្នឹងវាអត់ជោគជ័យ ។ អ៊ីចឹងទៅ ក៏វាជាប់បំណុលគេ ជាប់អីពេញតែហ្នឹងទៅ ។
នគរធំ ៖ បំណុលហ្នឹង បើគិតទាំងបំណុលធនាគារផង គិតទាំងបំណុលឯកជនខាងក្រៅផង តើសរុបមានចំនួនប៉ុន្មានដែរ?
នាយក្រិន ៖ សរុបទាំងអស់ វាក្បែរ ៩ម៉ឺនដុល្លារ ។ កាលពីមុនមក យើងជំពាក់គេតែ ៨ម៉ឺនដុល្លារអីទេ ប៉ុន្តែយើងចេះតែឆក់ពីនេះ ឲ្យទៅនោះ ហើយភាគច្រើនបំណុលដែលយ៉ាប់ជាងគេហ្នឹង វាមានការប្រាក់ថ្លៃ ។ អ៊ីចឹងយើងយកពីអ្នកភូមិជិតខាង បង្វិលអាហ្នឹងទៅឲ្យធនាគារ ធ្វើម៉េចឲ្យបានឲ្យគេខ្លះអីអ៊ីចឹងទៅ ខែខ្លះ យើងមិនបានឲ្យគេទាំងស្រុងទេ ប៉ុន្តែគ្រាន់តែថា យើងបានឲ្យខ្លះៗដែរ ។
នគរធំ ៖ និយាយពីការខ្ចីធនាគារ ទាល់តែមានប្លង់ដី ប្លង់ផ្ទះ ទៅដាក់ ទើបបានគេឲ្យមែនទេ?
នាយក្រិន ៖ ហ្នឹងហើយ! យកប្លង់ដី ប្លង់ផ្ទះទៅដាក់ និងមានអ្នកធានា ទើបបានគេឲ្យយើង ។ ប្លង់ដី ប្លង់ផ្ទះ ប្លង់ស្រែចម្ការអីហ្នឹង ចេះតែដាក់ទៅ ហើយរឿងបង់សងវិញ ធនាគារភាគច្រើន យើងបង់រំលស់ទាំងការទាំងដើម ប៉ុន្តែឧទាហរណ៍ថា យើងបង់បានពាក់កណ្ដាល យើងចង់សងផ្ដាច់វិញ អាហ្នឹងក៏គេអត់ព្រមដែរ គេថាបើយើងសងផ្ដាច់ បានតែសងផ្ដាច់មែន ប៉ុន្តែគេគិតការប្រាក់ដែលយើងធ្វើកុងត្រាជាមួយគេប៉ុន្មានឆ្នាំៗ ។ អ៊ីចឹងរាល់ថ្ងៃ យើងបង់រំលស់ទាំងដើម រំលស់ទាំងការហ្នឹង ។ ក្នុង១ខែ បើគិតពីធនាគារ ត្រូវបង់ខ្ទង់ ១ពាន់ដុល្លារ ។ នេះគិតតែធនាគារ តែនៅរាយរងឯកជនខាងក្រៅនោះ បង់តែការទេ ដើមនៅដដែល ។
នគរធំ ៖ តើលោករត់រួចទេ បើគិតទាំងបំណុលធនាគារ និងបំណុលឯកជនខាងក្រៅ ត្រូវបង់ ១ខែ ជាង១ពាន់ដុល្លារនេះ?
នាយក្រិន ៖ រឿងនេះ ខ្ញុំសុំរំលឹកបន្តិច គឺកាលហ្នឹង ខ្ញុំពីរនាក់បងខ្ញុំ ដែលជាអ្នកលក់ដូរនៅក្នុងផ្សារ ហើយខ្ញុំនេះសង្ឃឹមអី? សង្ឃឹមអារឿងគេហៅទៅលេងក្រៅអ៊ីចឹង ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែនេះ គឺពិបាកខ្លាំងមែនទែន ដោយសារវាអត់មានរោងចេញសោះ ហើយណាមួយវាជារដូវភ្លៀងធ្លាក់ផង ប៉ុន្តែបើខែប្រាំង ខែអីអ៊ីចឹង ខែខ្លះហ្នឹងក៏បានមួយរួចរាល់ការប្រាក់ហ្នឹងដែរ ទាំងបងខ្ញុំ ទាំងខ្ញុំហ្នឹង តែដល់ពេលខែខ្លះទៀតហ្នឹង ក៏ខ្វះខាតគេតិចតួចអ៊ីចឹងទៅ អាហ្នឹងវាទៅតាមហ្នឹងដែរ ហើយមួយរយៈពេលនេះ សុំប្រាប់តាមត្រង់ថា វារត់អត់រួចទេ ។
នគរធំ ៖ រត់អត់រួច បានន័យថា លោកខកខានក្នុងការបង់រលស់ធនាគារ និងបង់ការប្រាក់ខាងក្រៅ ឬយ៉ាងណា?
នាយក្រិន ៖ បាទ! នៅបង់គ្រប់ខែទាំងអស់ ប៉ុន្តែគ្រាន់តែថា វាអត់ពេញលេញទេ ។ ដូចថា បើគេកំណត់ឲ្យបង់ ៥០០ដុល្លារ អ៊ីចឹងយើងអត់បាន ៥០០ទេ គ្រាន់តែធនាគារនេះ យើងរកបានតិច ក៏ប្រាប់គេថា ខែនេះបានតែ ២០០ទេ ហើយអ្នកទារនោះ ខែនេះ បានតែ ៣០០អ៊ីចឹងទៅ ។ ដូច្នេះខាងធនាគារ គេចេះតែកត់ការប្រាក់តាមហ្នឹងទៀតទៅ ។ ឥឡូវវាអស់ផ្លូវហើយ អ៊ីចឹងខ្ញុំមានតែឡាយលក់ដី លក់ផ្ទះដែលខ្ញុំរស់នៅបច្ចុប្បន្នហ្នឹង ។
នគរធំ ៖ ដីហ្នឹង មានទំហំប៉ុន្មាន? ហើយលោកចង់លក់តម្លៃប៉ុន្មានដែរ?
នាយក្រិន ៖ ដីហ្នឹង មុខពីផ្លូវជាតិមក ៩ម៉ែត្រ ចូលមកដល់ទំហំក្រោយ ក្បាល៤៥ម៉ែត្រ បណ្ដោយ ៦០ម៉ែត្រ បានន័យថា តូចមុខ រីកក្រោយ ។ ដីនេះបើលក្ខណៈទិញរកស៊ី វាអត់ត្រូវប៉ាន់ទេ តែបើធ្វើឃ្លាំង ឬក៏ផ្ទះលំហែ ផ្ទះអីបាន ព្រោះមានដំណាំអីច្រើននៅលើដីហ្នឹងដែរ មានស្វាយ មានដូង មានត្របែក មានក្រូច អីជាដើម ។ ដីនេះ ខ្ញុំកាត់ថ្លៃ ១០ម៉ឺនដុល្លារ អាចចរចាគ្នាចុះក៏តិចតួចដែរ ប៉ុន្តែលើកមុន ខ្ញុំកាត់ ១២ម៉ឺន ព្រោះដីហ្នឹងក្បាលធំ ហើយមានប្លង់រឹងត្រឹមត្រូវ ។
នគរធំ ៖ គម្រោងលក់ដីហ្នឹង តើលោកបំណងសំខាន់ចង់យកមកដោះបំណុលនេះ ឬចង់យកទៅធ្វើអីផ្សេងបន្ថែមទៀត?
នាយក្រិន ៖ បាទ! ចង់យកដោះបំណុលឲ្យវារួចរាល់អ៊ីចឹងទៅ ហើយចាំពេលដែលដោះបំណុលហើយ យើងគិតទៅមុខទៀតថាយ៉ាងម៉េច? សំខាន់ឲ្យបានដោះបំណុលគេ ។
នគរធំ ៖ ប៉ុន្តែបើលក់ដីភូមិកំណើតនេះហើយ លោកនិងកូនៗ ព្រមទាំងឪពុក គ្មានកន្លែងរស់នៅ តើលោកគិតយ៉ាងម៉េចទៅវិញ?
នាយក្រិន ៖ ទៅថ្ងៃមុខទៀត យើងគិតអត់ទាន់ឃើញ ប៉ុន្តែសំខាន់ ដល់គេទារមុខ ទារក្រោយអីអ៊ីចឹង យើងគ្មានអ្វីដោះស្រាយ ហើយអ្នកដែលឲ្យយើងខ្ចី ក៏យល់ថា យើងទទួលការខុសត្រូវក្នុងការខ្ចីហ្នឹងដែរ ។ អ៊ីចឹងឥឡូវយើងរកអត់បាន យើងមានរកវិធីដោះស្រាយឲ្យពួកគាត់ តាមរយៈការលក់ដីនេះ ដល់ពេលហើយ ចាំគិតទៀត ។
នគរធំ ៖ មកដល់ឥឡូវ ក្រោយពពាយនាយលក់ដីនេះ តើមានគេទាក់ទងតថ្លៃខ្លះឬនៅ?
នាយក្រិន ៖ នៅទេឥឡូវ ប៉ុន្តែពីមុន ដែលខ្ញុំឡាយយូរខែហើយ ដល់ពេលអ៊ីចឹង គេមានចាប់អារម្មណ៍ដែរ អ្នកខ្លះគេសួរនាំអីអ៊ីចឹង ហើយអ្នកខ្លះបានមកមើលដែរ គ្រាន់តែមិនទាន់ចរចាបានត្រូវគ្នា ។
នគរធំ ៖ ចុះការលេងសិល្បៈវិញ ពេលទៅនៅស្រុកកំណើតនៅបាត់ដំបង តើលោកបានមកលេងនៅភ្នំពេញ ទៀតទេ ។
នាយក្រិន ៖ បាទ! លេងតើ! នៅពេលដែលគេហៅទៅលេងក្នុងកម្មវិធីអីម្ដងម្កាល យើងក៏ទៅលេង តែលេងជាក្រុម ឥឡូវអត់ទេ គឺក្រុមឥឡូវ រំសាយហើយ ដោយសារតែកម្មវិធីប៉ុស្តិ៍ទូរទស្សន៍អី អត់មាន ។ ដូច្នេះបើមានគេជួលម្ដងម្កាល ក៏ទៅលេងទៅ តែបើថាលេងជាមួយពូកុយ លេងជាមួយអ្នកណាអី អាហ្នឹងយើងអត់ប្រកាន់ទេ យើងលេងជុំគ្នា ព្រោះសិល្បៈរាប់អានគ្នាដូចបងប្អូនអ៊ីចឹង ។
នគរធំ ៖ ក្នុងស្ថានភាពលំបាក វ័ណ្ឌកនឹងបំណុលបែបនេះ តើលោកចង់បានភរិយាទៀតទេ?
នាយក្រិន ៖ អត់នឹកឃើញទៀតទេ ព្រោះបើយើងយកគេមកទៀត ឧទាហរណ៍ថា មាននារីណាស្មោះស្ម័គ្រអីអ៊ីចឹង ប៉ុន្តែលក្ខណៈថាគាត់មក យើងមិនមានឲ្យគាត់ចម្រុងចម្រើន អ៊ីចឹងវាពិបាកដល់ទាំងគាត់ទៀត ហើយអារឿងស្មោះត្រង់ មិនស្មោះត្រង់ គឺស្ថិតនៅលើភាគីខាងស្រីទេ បើគាត់ចង់ស្មោះក៏ស្មោះ តែបើគាត់មិនចង់ស្មោះ ក៏វាពិបាកដែរ ។ អ៊ីចឹងយើងក៏មិនហ៊ានសន្និដ្ឋាន ប៉ុន្តែគ្រាន់តែថា អ្វីដែលយើងជួបការលំបាកហើយ វាមិនងាយមានទេអ្នកដែលគេមកចូលក្នុងជីវិតយើង មករួមការលំបាកជាមួយយើង គឺវាពិបាកដែរ ។
នគរធំ ៖ ភ្ជាប់ជាមួយចំណុចនេះ តើលោកមាននឹកគិតតូចចិត្តនឹងជីវិតខ្លួនឯងទេ ដែលស្នេហាបែកបាក់ ២ដង សល់តែកូន និងបំណុលនេះ?
នាយក្រិន ៖ បាទ! ធ្លាប់តូចចិត្ត ធ្លាប់គិតដែរ ប៉ុន្តែបើយើងទាញយកតែអាចំណុចពិបាកហ្នឹងមកអង្គុយគិតទៀត ក៏វាអត់ដឹងថាទៅដោះស្រាយអីចេញដែរ ។ អ៊ីចឹងពេលខ្លះ យើងត្រូវតែខំប្រឹង ពេលខ្លះយើងគិតខ្លះ ពេលខ្លះយើងមិនគិតខ្លះទៅ ចេះតែលួងខ្លួនឯង ធ្វើម៉េចឲ្យជីវិតខ្លួនឯងហ្នឹងវាស្រស់ថ្លា ដើម្បីគិតថា ស្អែកឡើង យើងត្រូវធ្វើអីទៀត?
នគរធំ ៖ ជាចុងក្រោយ តើលោកមានពាក្យពេចន៍អ្វីផ្ដាំផ្ញើទេ?
នាយក្រិន ៖ ជាចុងក្រោយ ខ្ញុំបាទក៏សូមអរគុណដល់សារព័ត៌មាន “នគរធំ” ដែលបានធ្វើការសម្ភាសន៍ខ្ញុំ សួរពីការលំបាករបស់ខ្ញុំ ហើយក៏សូមផ្ដាំផ្ញើទៅដល់មហាជនទាំងអស់ ដែលគាត់តែងតែគាំទ្រ តែងតែតាមដានពីជីវិតរបស់ខ្ញុំ ក្នុងនាមខ្ញុំជាអ្នកសិល្បៈមួយរូប ដែលធ្លាប់សម្ដែងនៅតាមកញ្ចក់ទូរទស្សន៍ ក៏ដូចជាកម្មវិធីផ្សេងៗទៀត ដែលតែងតែគាំទ្រ ផ្ដល់នូវកម្លាំងចិត្តដល់ខ្ញុំ ។ ដូច្នេះហើយខ្ញុំសូមជូនពរឲ្យពួកគាត់រកទទួលទានមានបាន សម្រេចនូវគោលបំណងប៉ងប្រាថ្នានៅក្នុងឆាកជីវិតដោយប្រការណាមួយ សូមឲ្យជោគជ័យ កុំឲ្យមានការជាប់ជំពាក់វាក់វិនដូចរូបខ្ញុំ ហើយជាពិសេស បងប្អូនណាខ្លះដែលគាត់ត្រូវចងការនឹងធនាគារហ្នឹង គឺថា ពិបាកណាស់ ។ ហើយបើសិនជាលោកឧកញ៉ា ក៏ដូចជាជំទាវ បងប្រុស បងស្រីណា ដែលគាត់មានចិត្តសប្បុរសធម៌អីហ្នឹង ចង់ឲ្យគាត់ជួយទិញដីដែលខ្ញុំរស់នៅសព្វថ្ងៃហ្នឹង ដែលមានទាំងដី មានទាំងផ្ទះហ្នឹង ដើម្បីបានថវិកាហ្នឹង ដោះបំណុលគេ ៕ កុលបុត្រ