ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីការងារធ្វើស្រែចម្ការ កសិករក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ បាននាំគ្នាចិញ្ចឹមកណ្តូបលក់ រកប្រាក់ចំណូលបន្ថែម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារត់ ព្រោះកណ្តូប មានទីផ្សារល្អ ងាយចិញ្ចឹម វាស៊ីស្មៅជាអាហារ ហើយប្រើរយៈពេលខ្លី តែជាង ៣០ថ្ងៃ នឹងអាចប្រមូលផលបាន ។

លោកនៅ ចាន់ធី ជាអ្នកចិញ្ចឹមកណ្តូប នៅក្នុងភូមិរការធំ ឃុំជីរោទ៍ទី១ ស្រុក,ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅក្នុងឃុំជីរោទ៍ទី១ បាននាំគ្នាចិញ្ចឹមកណ្តូបលក់ ជាមួយនឹងតម្លៃ ជិត៣ម៉ឺនរៀល ក្នុង១គីឡូក្រាម។ កណ្តូប មិនពិបាកលក់ទេ ព្រោះមានម៉ូយចាំទទួលទិញយកទាំងអស់ គេអាចយកទៅបំពងហូប ធ្វើជាគ្រឿងក្លែម ឬជាមួយបាយ ក៏បានដែរ មានរសជាតិឆ្ងាញ់ពិសាគុណភាពមិនចាញ់ចង្រិតឡើយ។

អ្នកស្រី មុំ រស់នៅភូមិជាមួយគ្នា និងទើបចាប់ផ្តើមចិញ្ចឹមកណ្តូប បានរយៈពេល៣ខែ បានឱ្យដឹងថា គាត់បានចិញ្ចឹមកណ្តូបនេះ ដោយទិញពូជពងកណ្តូប ពីបងស្រីរបស់គាត់ ក្នុង១ខាំ តម្លៃ៥ម៉ឺនរៀល ១គីឡូក្រាម តម្លៃ ៥០ម៉ឺនរៀល ក្រោយមកក៏បង្កាត់ភ្ញាស់ពងកណ្តូប ដោយខ្លួនឯង ដើម្បីបន្តពូជរហូតមក។

អ្នកស្រី បន្តថា ដើម្បីងាយស្រួលចិញ្ចឹម យើងដាំស្មៅឱ្យវាស៊ីជាអាហារ ចិញ្ចឹមដាក់ក្នុងមុង ដែលក្នុង ១មុងអាចដាក់បាន ៣គីឡូក្រាមពង ហើយយើងប្រមូលផលវាបានមិនក្រោម ៧០គីឡូក្រាម។ គ្រួសារគាត់ ចិញ្ចឹមបាន ៣មុងដែរ ទីផ្សារក្នុងស្រុក មិនពិបាកលក់ សំខាន់ឱ្យតែ យើងផលិតបាន ក្នុងនោះយើងអាចលក់ពងពូជសម្រាប់ភ្ញាស់ ក្នុង ១គីឡូក្រាម តម្លៃ ២៥ម៉ឺនរៀល ទៅ ៣០ម៉ឺនរៀល ការចិញ្ចឹមកណ្តូបលក់របស់កសិករយើង អាចដោះ ស្រាយជីវភាពគ្រួសារបាន។

លោកទួន ឆៃលឹម មេឃុំជីរោទ៍ទី១ បានឱ្យដឹងថា នៅក្នុងឃុំ មានចំនួន៩ភូមិ ហើយភូមិដែលចិញ្ចឹមកណ្តូប ច្រើនជាងគេ មានចំនួន ២ភូមិ គឺភូមិរកាធំ និងភូមិកំពង់ឫស្សី សរុបប្រមាណជាង១០០គ្រួសារ និងបណ្តាភូមិ ចំនួន៧ទៀត កសិករមានចំណាប់អារម្មណ៍ដែរ ហើយបាន នាំគ្នាចិញ្ចឹមជាបន្តបន្ទាប់ ដោយកណ្តូប ជាសត្វងាយចិញ្ចឹម ដើម្បីរកប្រាក់ចំណូលបន្ថែម មកផ្គត់ផ្គង់គ្រួសារ៕