Monday, November 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានធ្លា.../ក់ផ្លូវ អត់ក្រឡា.../ប់ តៃកុងភ័.../យរត់បាត់

បើកឡានធ្លា…/ក់ផ្លូវ អត់ក្រឡា…/ប់ តៃកុងភ័…/យរត់បាត់

ភ្នំពេញ ៖ រថយន្តទំនើប ១គ្រៀង បើកបរនិងរួមដំណើរដោយជនបរទេសចំនួន៣នាក់ កំពុងបើកបរសុខៗ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវ ផ្អៀងមួយចំហៀង វិះនឹងក្រឡាប់ធ្លាក់ចូលប្រឡាយ ហើយក្រោយពេលកើតហេតុ អ្នកបើកបរបានចុះរត់គេចខ្លួនបាត់ ទុកតែអ្នករួមដំណើរ ២នាក់នៅនឹងកន្លែង។ រីឯរថយន្ត ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក ធ្វើការស្រាវជ្រាវ និងរង់ចាំឱ្យម្ចាស់យកឯកសារទៅផ្ទៀងផ្ទាត់ឱ្យច្បាស់លាស់ ទើបប្រគល់ជូនវិញ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបេ តុង ចូលវត្តពោធិ៍វ័ន ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពបុរសអ្នកច្រូតស្មៅគោម្នាក់ ដែលឃើញហេតុការណ៍ខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលគាត់កំពុងរកច្រូតស្មៅ ឱ្យគោស៊ី បានឃើញរថយន្ត ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-2010 បើកបរតាមផ្លូវ បេតុងខាងលើ ក្នុងទិសដៅពីកើត ទៅលិច។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវផ្អៀងមួយចំហៀង ប៊ិះក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយ។

ប្រភពដដែល បន្តថា ក្រោយកើតហេតុ អ្នកជិះក្នុងរថយន្តនោះ សរុបមានគ្នា៣នាក់ បាននាំគ្នាស្ទុះចេញពីក្នុងរថយន្ត ហើយមុនដំបូង គាត់ស្មានថា ជាជនជាតិខ្មែរ តែនៅពេលបានឮការនិយាយគ្នា ទើបដឹងថាជាជនបរ ទេស ប៉ុន្តែគាត់ក៏មិនដឹងថាជនជាតិអ្វីដែរ ព្រោះគាត់មិនចេះស្តាប់ភាសា ហើយក្រោយមក អ្នកបើកបររថយន្ត បានចាកចេញទៅបាត់ ដោយទុកតែអ្នករួមដំណើរ ២នាក់ នៅនឹងកន្លែងកើតហេតុ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា អ្នកបើកបរ និងអ្នករួមដំណើរនៅក្នុងរថយន្តខាងលើ គឺជាជនជាតិបង់ក្លា ដែស ហើយពុំទាន់ដឹងថាស្រវឹងស្រា ឬងងុយដេកនោះទេ ទើបបានជាបើករថយន្តធ្លាក់ផ្លូវបែបនេះ។ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍សំរោងក្រោម និងនគរបាលខណ្ឌពោធិ៍សែនជ័យ បាននាំយករថយន្តស្ទូច ទៅស្ទូចយករថយន្តនោះទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីធ្វើការស្រាវជ្រាវ និងឱ្យម្ចាស់យកឯកសារទៅផ្ទៀងផ្ទាត់ ទើបប្រគល់ជូនវិញ៕

RELATED ARTICLES