Saturday, November 23, 2024
Homeព័ត៌មានជាតិសុទ្ធតែជាអាត្មាត បក្សកាន់អំណាច ហៅសង្ឃប៊ុត ប៊ុនតិញ និងក្រុមប្រមាថព្រះមហាក្សត្រ

សុទ្ធតែជាអាត្មាត បក្សកាន់អំណាច ហៅសង្ឃប៊ុត ប៊ុនតិញ និងក្រុមប្រមាថព្រះមហាក្សត្រ

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) លោកសុខ ឥសាន បានហៅភិក្ខុប៊ុត ប៊ុនតិញ ចៅអធិការវត្តភ្នំសេរី នៅសហរដ្ឋអាមេរិក ដែលជាសកម្មជនប្រឆាំង  គាំទ្រលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ថាអាខ្មៅ មិនមែនអាត្មាទេ គឺអាត្មាត ។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ភិក្ខុប៊ុត ប៊ុនតិញ និងក្រុមដែលប្រមាថអង្គព្រះមហាក្សត្រ សុទ្ធតែជា​ «អាត្មាត» មិនគួរឲ្យគោរពទេ ។

លោកសុខ ឥសាន បានសរសេរក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក “យុវជន៧មករា” ថា “អាខ្មៅ មិនមែនជាអ្នកបួសត្រឹមត្រូវទេ វាជាសង្ឃនយោបាយ វាហ៊ានប្រមាថអង្គព្រះមហាក្សត្រ និងគណសង្ឃនាយកទៀតផង ។ អាខ្មៅ មិនមែនជាអាត្មាទេ វានិងក្រុមវា ដែលប្រមាថអង្គព្រះមហាក្សត្រ សុទ្ធតែជាអាត្មាត ។ គេចទៅណាក៏មិនផុតពីការវាយប្រហារពីក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមដែរ ធ្វើឆ្វេង ពួកវាថាស្តាំ ធ្វើស្តាំ ពួកវាថាឆ្វេង មានតែធ្វើអ្វីដែលជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាននៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧…“ ។

បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ថា ការដែលលោកហៅសង្ឃប៊ុត ប៊ុនតិញ ថា អាខ្មៅ មិនមែនអាត្មាទេ គឺអាត្មាត គឺមិនមានចេតនាប្រមាថដល់ព្រះសង្ឃទូទៅ ដែលជាសាវ័ករបស់ព្រះពុទ្ធទេ គឺគ្រាន់តែនិយាយទៅរកតែបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់ ល្មើសធម៌វិន័យ និងប្រមាថព្រះមហាក្សត្រ តែប៉ុណ្ណោះ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ពាក់ព័ន្ធនឹងប៊ុត ប៊ុនតិញ នេះ វាមិនមែនជាសង្ឃពិតប្រាកដ ដើម្បីបួសដើម្បីបម្រើព្រះពុទ្ធសាសនាទេ គឺបួសដើម្បីគ្រាន់តែជារូបភាពដើម្បីបោកប្រាស់មហាជន ប្រជាជន ជាពិសេសបងប្អូននៅក្រៅប្រទេសតែប៉ុណ្ណោះ ហើយយើងឃើញជាក់ស្ដែងហើយ រាល់ថ្ងៃនេះ គឺប៊ុត ប៊ុនតិញ ហ្នឹង មានធ្វើការបម្រើសាសនាឯណា គឺធ្វើការបម្រើនយោបាយប្រឆាំងនឹងប្រជាជនកម្ពុជា នៅក្នុងប្រទេសទៅវិញ ។ ដូច្នេះការហៅរបស់ខ្ញុំថា អាខ្មៅ មិនមែនអាត្មាទេ គឺអាត្មាត គឺអត់មានប្រមាថដល់ព្រះសង្ឃទូទៅ ដែលព្រះអង្គសុទ្ធតែជាបព្វជិត ជាសាវ័ករបស់ព្រះពុទ្ធ ឯណា គឺយើងនិយាយទៅរកតែបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់ ដែលប្រព្រឹត្តល្មើសធម៌វិន័យ ។ ធម៌អាថ៌ហ្នឹងចេះហើយ ក៏ប៉ុន្តែមិនយកការចេះធម៌អាថ៌ហ្នឹងមកបម្រើពុទ្ធសាសនាទេ ក៏ប៉ុន្តែយកធម៌អាថ៌ គ្រាន់តែជាឡប់ឡែ ដើម្បីបន្លំភ្នែកមហាជន ប្រជាជនជាពុទ្ធបរិស័ទ ជាពិសេសបងប្អូននៅក្រៅប្រទេសតែប៉ុណ្ណោះ ។ និយាយទៅ ពាក្យអាត្មាត អត់មានធ្ងន់ទេ គឺថាមិនធ្ងន់ទេ ពីព្រោះការប្រមាថរបស់បុគ្គលហ្នឹង មកចំពោះជាតិ ចំពោះសាសនា ចំពោះព្រះមហាក្សត្រ នៅក្នុងប្រទេស ក៏ដូចជាប្រជាជននៅក្នុងប្រទេសនេះ គឺវាធ្ងន់ធ្ងរខ្លាំងណាស់“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំពោះការប្រមាថព្រះមហាក្សត្រ អាហ្នឹងយើងមិនបាច់និយាយទេ មហាជន ប្រជាជន ក៏ដូចជាពុទ្ធបរិស័ទនៅក្នុងប្រទេសហ្នឹង លោកដឹងហើយ តាមរយៈឃ្លីបវីដេអូនានា ជាពិសេសគឺថា ជាម៉ូយដុំរបស់វិទ្យុបរទេសនិយាយភាសាខ្មែរ រាល់ថ្ងៃនេះ ដែលតែងតែប្រើពាក្យលែបខាយ បញ្ឈឺ ញុះញង់ ធ្វើឲ្យពុទ្ធបរិស័ទនៅក្នុងបរទេស ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ហ្នឹងគឺថាមានការខឹងសម្បា ក៏ដូចជាថ្នាំងថ្នាក់ជាមួយនឹងការដឹកនាំរបស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ។ សម្រាប់ប៊ុត ប៊ុនតិញ មិនត្រឹមតែប៉ុណ្ណឹងទេ បើនៅក្នុងស្រុក គឺថាវាត្រូវជាប់គុកទៅទៀត ព្រោះអាហ្នឹងទោសប្រមាថព្រះមហាក្សត្រ គឺមានចែងនៅក្នុងច្បាប់រួចហើយ ។ ដូច្នេះមិនអាចរួចខ្លួនទេ ក៏ប៉ុន្តែមនុស្សហ្នឹង យើងដឹងហើយថា ដោយសារថាខ្លួនស្ថិតនៅក្រៅរង្វង់នៃការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល បានជាទៅក្រៅនេះ វាលេងអស់ដៃតែម្ដង“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “អាហ្នឹងចំពោះធម្មវិន័យ គឺព្រះសង្ឃគ្រប់អង្គ នៅទូទាំងប្រទេស ដែលមានជាង ៦-៧ម៉ឺនអង្គហ្នឹង លោកបានជ្រាប លោកបានដឹងហើយ តែដោយឡែកចំពោះសង្ឃមួយចំនួននៅក្រៅប្រទេសហ្នឹង ឲ្យតែបានរួចខ្លួនទៅក្រៅប្រទេស គឺថាគេមិនយកធម៌មកដាក់ពីមុខទេ គេយកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មកដាក់ពីមុខ គ្រាន់តែធ្វើជាឡប់ឡែដើម្បីធ្វើនយោបាយតែប៉ុណ្ណោះទេ»។

ជុំវិញការហៅរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ខាងលើនេះ “នគរធំ” បានព្យាយាមទាក់ទងសុំប្រតិកម្ម ការឆ្លើយតបពីព្រះតេជគុណប៊ុត ប៊ុនតិញ ដែលកំពុងតែស្ថិតនៅសហរដ្ឋអាមេរិក ដែរ តែមិនបានសម្រេចទេ កាលពីម្សិលមិញ ។

ដោយឡែក លោកសុភ័ណ្ឌ ឡារី ប្រធានបណ្ដាញយុវជនកម្ពុជាសកល ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងមានភាពជិតស្និទ្ធនឹងព្រះតេជគុណប៊ុត ប៊ុនតិញ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ថា ការប្រមាថមកលើព្រះអង្គប៊ុត ប៊ុនតិញ បែបនេះ លោកយល់ឃើញថា អាក្រក់ណាស់ ។ ម្យ៉ាងទៀត កន្លងមក ព្រះតេជគុណប៊ុត ប៊ុនតិញ និងមន្រ្តីបក្សប្រឆាំង នៅក្រៅប្រទេស មិនដែលប្រមាថព្រះមហាក្សត្រទេ គ្រាន់តែចង់ឲ្យព្រះវត្តមានរបស់ព្រះអង្គ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋរងគ្រោះតែប៉ុណ្ណោះ បើទោះបីព្រះអង្គ មិនកាន់អំណាចក៏ដោយ ។

លោកសុភ័ណ្ឌ ឡារី បានមានប្រសាសន៍ថា “បាទ! នេះគឺជាការប្រមាថហើយ ។ រឿងប្រមាថព្រះសង្ឃ ប្រមាថប្រជាពលរដ្ឋ ប្រមាថព្រះមហាក្សត្រហ្នឹង គឺយើងដឹងស្រាប់ហើយ គ្មានអ្នកណាខ្លាំងជាងលោកហ៊ុន សែន ទេ ដូចពី២០០៥ ដែលលោកហ៊ុន សែន ថាបើសិនជាព្រះមហាក្សត្រ មិនឡាយព្រះហស្តទៅលើកិច្ចព្រមព្រៀងបន្ថែម ពីការគ្រប់គ្រងទឺកដី ហើយនិងកោះត្រល់ ទេហ្នឹង គឺសូម្បីតែម៉ែឪស្ដេចហ្នឹង សំឡេងហ្នឹងនៅជាប់នៅឡើយតើ! មិនទាន់រលុបទៅណាឯណា ដែលគាត់ហ៊ានរំលាយរាជានិយមហ្នឹងដែរ ។ អ៊ីចឹងគាត់មិនខ្លាចទេ សូម្បីតែម៉ែឪស្ដេច អាហ្នឹងជាពាក្យរបស់លោកហ៊ុន សែន“ ។

លោកសុភ័ណ្ឌ ឡារី បន្តទៀតថា “ទី២ រឿងប្រមាថព្រះសង្ឃ ហៅព្រះសង្ឃ អាខ្មៅ ហៅព្រះសង្ឃបែបនេះ តាមការចោទ តាមការលាបហ្នឹង គឺជាជំនាញរបស់លោកហ៊ុន សែន និងមនុស្សរបស់លោកហ៊ុន សែន ហ្នឹងហើយ ព្រោះយើងមើលតែមេដឹកនាំរបស់ពួកគេទៅ លោកហ៊ុន សែន ទៅ សីលធម៌ សុជីវធម៌ គឺគ្មានទេ ធ្លាក់ដល់ដី ហើយការប្រើប្រាស់ភាសា សម្ដីអីហ្នឹង ក្នុងនាមជាមេដឹកនាំ គឺអត់មានតែម្ដង គឺកាប់ ចាក់ អា អ្ហែង គុក អាច្រវាក់ អានេះ អានោះ ដែលគ្មានសីលធម៌ មិនសមជាមេដឹកនាំ គឺលោកហ៊ុន សែន ហ្នឹងហើយ ។ ដល់ពេលអ៊ីចឹង ចង់មិនចង់ កូនចៅហ្នឹង ត្រូវតែរៀនសូត្រតាមហ្នឹងហើយ ពីព្រោះអត់បានយកអាចំណេះ ជំនាញដែលខ្លួនឯងរៀនបានចេះហ្នឹង យកទៅប្រើប្រាស់ និងជួយកែលម្អមេរបស់ខ្លួនឯង ឬក៏កែលម្អរបស់ក្រុមខ្លួនឯង ឲ្យប្រើប្រាស់ភាសាមានសីលធម៌នោះទេ គឺត្រូវតែតាមមេរបស់ខ្លួនឯងហ្នឹងហើយ អាខ្វះសីលធម៌ និងជាទមិឡហ្នឹង ។ អ៊ីចឹងការប្រមាថមកលើព្រះអង្គ ប៊ុត ប៊ុនតិញ ខ្ញុំយល់ឃើញថា វាអាក្រក់ណាស់ ហើយក្រុមទាំងនេះហ្នឹង គឺគាត់មិនដែលខ្លាចបាបបុណ្យអីទេ ហើយគាត់ជេរ គាត់ដៀល គាត់ចោទគេទាំងងងើលហ្នឹង គឺជាជំនាញរបស់គាត់ហើយ“ ។

លោកសុភ័ណ្ឌ ឡារី បានបន្តទៀតថា “ដូចបញ្ជាក់ខាងដើមអ៊ីចឹង រវាងព្រះអង្គ និងគណបក្សប្រឆាំងនៅក្រៅប្រទេសហ្នឹង គ្មានអ្នកណាទៅប្រមាថអង្គព្រះមហាក្សត្រទេ គឺគ្រាន់តែលើកឡើងថា បើអង្គព្រះមហាក្សត្រ គឺជាក្សត្ររបស់រាជាកម្ពុជា គឺជាក្សត្ររបស់ប្រជាពលរដ្ឋខ្មែរ នៅពេលដែលឥឡូវនេះ ខ្មែរកំពុងតែរងគ្រោះ ទឹកដីកំពុងតែបាត់បង់ យើងចង់ឃើញវត្តមានរបស់ព្រះអង្គ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ អត់អាចឲ្យព្រះអង្គនៅស្ងៀមអ៊ីចឹងបានទេ ។ អាហ្នឹងយើងទទូចអ៊ីចឹង ថ្វីត្បិតតែនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ មិនឲ្យព្រះលូកចូលក្នុងនយោបាយ ក៏ប៉ុន្តែរឿងនេះ មិនមែនរឿងនយោបាយឯណា ជារឿងទឹកដីតើ! យើងចង់ឃើញព្រះអង្គ ដើរតាមគន្លងរបស់អង្គព្រះបិតារបស់លោក ដើម្បីមកជួយការពារទឹកដី ការពារប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែលោកហ៊ុន សែន ចាប់ដាក់ពន្ធនាគារ ។ យើងចង់ឃើញបែបហ្នឹងតើ! អ៊ីចឹងគ្មានអ្នកណាទៅប្រមាថព្រះអង្គទេ រឿងប្រមាថព្រះអង្គនេះ គ្មានអ្នកណាខ្លាំងជាងលោកហ៊ុន សែន និងក្រុមលោកហ៊ុន សែន ទេ ដូចបានដឹងស្រាប់ហើយ អាហ្នឹងមិនបាច់ចាំនិយាយទេ“ ៕ កុលបុត្រ

RELATED ARTICLES