Tuesday, October 22, 2024
Homeព័ត៌មានសិល្បៈអ្នកសិល្បៈចាស់ថ្មី អាល័យកៅ សីហា

អ្នកសិល្បៈចាស់ថ្មី អាល័យកៅ សីហា

ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យតក់ស្លុតនិងរន្ធត់ចិត្តមួយសម្រាប់មហាជន ពិសេសរង្វង់អ្នកសិល្បៈចាស់ថ្មី បន្ទាប់ពីទទួលបានដំណឹងដ៏សោកសៅ ស្តីពីផលិតករ និងជាអ្នកដឹកនាំសម្តែងល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាស និងរស្មីហង្សមាស លោកកៅ សីហា ដែលបានទទួលមរណភាព កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ដោយសារដាច់សរសៃឈាមខួរក្បាល ។

ជុំវិញការបាត់បង់ជីវិតរបស់ផលិតករ និងជាអ្នកដឹកនាំសម្តែងល្បីឈ្មោះរូបនេះ មហាជនជាច្រើន ពិសេសអ្នកសិល្បៈ ទាំងចាស់ ទាំងថ្មី បានបង្ហាញនូវអារម្មណ៍សោកសៅ ស្តាយស្រណោះអាឡោះអាល័យចំពោះផលិតករ និងអ្នកដឹកនាំសម្តែងរូបនេះគ្រប់ៗគ្នា។

ជាក់ស្តែងអតីតតារាសម្តែងស្រី ជើងចាស់ ល្បីឈ្មោះ លោកស្រី អម្ពរ ទេវី ដែលសព្វថ្ងៃកំពុងរស់នៅសហរដ្ឋ អាមេរិក បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ថា “ភ្ញាក់ពីដំណេកព្រឹកនេះ នាងខ្ញុំមានសេចក្តីតក់ស្លុតជាខ្លាំង ដែលបានទទួលដំណឹងនូវការបាត់បង់បុគ្គលដ៏មានស្នាដៃម្នាក់ គឺប្អូនប្រុស កៅ សីហា ដែលជាអ្នកនិពន្ធនិងដឹកនាំរឿងដ៏ល្បី នាបច្ចុប្បន្ន។ នាងខ្ញុំសូមចូលរួមសោកស្តាយជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផង។ សូមដួងវិញ្ញាក្ខន្ធរបស់ប្អូន បានទៅកាន់សុគតិភព កុំបីឃ្លាងឃ្លាតឡើយ…”។

ចំណែកតារាសម្តែងស្រីជើងចាស់ មួយរូបទៀត លោកស្រី កែវ កល្យាណ ក៏បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ថា “បងនៅមិនអស់ចិត្ត និងស្រណោះសម្កីប្អូន ឆាតជាមួយគ្នា ពេលបងជាតិ ស្លាប់ រយៈពេលប៉ុន្មានខែមុន ហើយបងបានជួបប្អូនចុងក្រោយ ពេលបងទៅសឺប្រាយខួបកំណើតប្អូន យើងបានជជែកគ្នាលេងយ៉ាងយូរ ប្អូនបានរៀបរ៉ាប់ពីការដែលប្អូនទិញផ្ទះ បង់អស់ រាប់ម៉ឺនដុល្លារ វាសុទ្ធតែការប្រាក់ទាំងអស់ មិនជាលុយខ្លួនសល់ ១ដុល្លារទេបងអើយ។ ខ្ញុំនិយាយលួងប្អូន កុំឱ្យគិតពិបាកចិត្តច្រើន ឱ្យតែជីវិតនៅយើងស៊ូតទៅទៀតណាប្អូនប្រុស។ នេះប្រហែលប្អូនគិតច្រើនហើយ ទើបមានជំងឺនេះ បងសែនអាណិតណាស់ សូមប្អូនទៅកាន់សុខគតិភព ស្ងប់ចុះ ណាប្អូនណា! សូមជាតិក្រោយ ប្អូនមិនក្រលំបាក សូមកើតមកជាកូនអ្នកមាន ក្នុងគំនរទ្រព្យមហាសាល រស់ស្រួល។ ប្អូនជាមនុស្សល្អ ជួយមនុស្សច្រើនណាស់ ព្រមទាំងកូនស្រីបងដែរបានថតរឿង «ម្ចាស់កីតម្បាញ» ប្អូនមានស្នាដៃដឹកនាំដ៏អស្ចារ្យក្នុងសម័យបច្ចុប្បន្ន។ បងសុំសរសើរដោយស្មោះ ពាក្យនេះបងឧស្សាហ៍និយាយសរសើរប្អូនណាស់…”។

តារាពហុជំនាញ អ្នកស្រី ខាត់ សុឃីម ក៏បានក្នុងទំព័រហ្វេសប៊ុក របស់ខ្លួនដែរថា “ពុទ្ធោ! ប្អូនកៅ សីហា ទៅចោលយើងហើយ លឿនម៉្លេះប្អូន? បងស្លុតចិត្តណាស់ សូមចូលរួមរំលែកទុក្ខផង…”។

កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ក៏បានបង្ហាញនូវអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងតាមបណ្តាញសង្គម បន្ទាប់ពីទទួលបាននូវដំណឹងមរណភាពរបស់លោកកៅ សីហា ដោយលោកបានសរសេរថា “ពិតជាដំណឹងដ៏រន្ធត់ចិត្ត និងសោកស្តាយបំផុត ដែលប្អូនប្រុស កៅ សីហា បានទទួលមរណភាពដោយមិននឹងស្មានដល់។ ការបាត់បង់របស់ប្អូន កៅ សីហា ជាការបាត់ធនធានសិល្បៈមួយរូប ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ក្នុងវិស័យសិល្បៈ បានបន្សល់ទុកស្នាដៃជាច្រើន ទាំងការនិពន្ធសៀវភៅ ការដឹកនាំរឿង និងដឹកនាំសម្តែងបទ ចម្រៀងល្បីៗជាច្រើន ដែលបន្សល់ទុកជាអនុស្សាវរីយ៍សិល្បៈ មិនអាចបំភ្លេចបានឡើយ។ ក្នុងឱកាសនេះខ្ញុំបាទ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំ និងអាឡោះអាល័យបំផុតជាមួយគ្រួសារនៃសពប្អូនប្រុស កៅ សីហា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធប្អូន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ…”។

រីឯកំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះសាររំលែកទុក្ខតាមបណ្តាញសង្គម ហ្វេសប៊ុក ដែរថា “ទទួលយកមិនបានទេបងអើយ! ពិតជាលឿនពេកហើយ នៅតែឮសំឡេងបងពេញត្រចៀកខ្ញុំ នេះជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូបទៀត នៅក្នុងវិស័យសិល្បៈ ស្នាដៃដែលបងបានសាង ដោយកម្លាំងកាយ កម្លាំងចិត្ត បេះដូងនិងចំណេះវិជ្ជា ស្នាដៃរបស់បង នៅតែជាការចងចាំរបស់ពួកយើង។ ពេលនេះបងលាទៅគ្មានថ្ងៃត្រឡប់ សូមឱ្យវិញ្ញាណក្ខន្ធបង ទៅកាន់ទីដ៏ស្ងប់សុខ…”។

ដោយឡែកផលិតកម្មរស្មីហង្សមាស បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារលោកកៅ សីហា ដោយបញ្ជាក់ថា លោកកៅ បានចូលរួមចំណែកបង្កើតស្នាដៃជាច្រើន ដូចជាដឹកនាំសម្តែងបទចម្រៀងល្បីៗ និងដឹកនាំរឿងភាគខ្មែរជាច្រើន ក្នុងផលិតកម្មរស្មីហង្សមាស  និងទូរទស្សន៍ហង្សមាស ។ មរណភាពលោកកៅ សីហា គឺជាការបាត់បង់នូវធនធានសិល្បៈមួយរូប ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តក្នុងវិស័យសិល្បៈ បានបន្សល់ទុកស្នាដៃជាច្រើនទាំងការនិពន្ធសៀវភៅ ការដឹកនាំរឿង និងដឹកនាំសម្តែងបទចម្រៀងល្បីៗជា ច្រើនដែលបន្សល់ទុកជាអនុស្សាវរីយ៍សិល្បៈ មិនអាចបំភ្លេចបាន។

គួរបញ្ជាក់ថា សពលោកកៅ សីហា ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោក ស្ថិតនៅផ្ទះលេខ៤៩ ផ្លូវលេខ០៦ ស្ថិតក្នុងបុរីសម្បត្តិមានហេង ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

“នគរធំ” សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំ ជាមួយគ្រួសារសពលោក កៅ សីហា និងសូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោក បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ ដារិទ្ធ

RELATED ARTICLES