Tuesday, October 22, 2024
Homeតារាខ្មែរអ្នកនិពន្ធជើងចាស់ ជុត ខៃ អំពាវនាវជនរួមជាតិ ចូលរួមមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៧

អ្នកនិពន្ធជើងចាស់ ជុត ខៃ អំពាវនាវជនរួមជាតិ ចូលរួមមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៧

ភ្នំពេញ ៖ អ្នកនិពន្ធជើងចាស់ លោកជុត ខៃ អតីតសាស្ត្រាចារ្យភាសាបារាំង និងច្បាប់រដ្ឋធម្មនុញ្ញ នៅមហាវិទ្យា ល័យច្បាប់ កាលពីអំឡុងទសវត្សឆ្នាំ១៩៦០ និង១៩៧០ សព្វថ្ងៃកំពុងរស់នៅប្រទេសបារាំង និងជាទូតសុច្ឆន្ទៈទី១ របស់មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៧ បានអំពាវនាវដល់ជនរួមជាតិខ្មែរ ចូលរួមមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកជុត ខៃ បានធ្វើការអំពាវនាវតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក មហោស្រពអក្សរសិល្ប៍ខ្មែរ (Khmer Literature Festival) នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ថា “ខ្ញុំសូមគោរពបងប្អូនកូនក្មួយជាទីស្រលាញ់ និងជាទីរាប់អាន ខ្ញុំឈ្មោះជុត ខៃ ជាអ្នកនិពន្ធមួយរូប និងជាអតីតសាស្ត្រាចារ្យភាសាបារាំង និងច្បាប់រដ្ឋធម្មនុញ្ញ នៅមហាវិទ្យាល័យច្បាប់ កាលពីទសវត្សឆ្នាំ១៩៦០ និង១៩៧០ សព្វថ្ងៃខ្ញុំរស់នៅប្រទេសបារាំង ខ្ញុំសូមជម្រាបបងប្អូន កូនក្មួយថា ចាប់ពីថ្ងៃទី០១ ទៅដល់ថ្ងៃទី០៣ វិច្ឆិកា ២០២៤ មានការរៀបចំមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅវិទ្យាល័យព្រះសីហនុ សាលាជំនាន់ថ្មី ក្រុងកំពង់ចាម និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម។ ក្នុងឋានៈខ្ញុំជាអ្នកស្រលាញ់អក្សរសាស្ត្រខ្មែរ មួយរូប សូមអំពាវនាវទៅដល់កូនក្មួយទាំង អស់ សូមមេត្តាចូលរួមឱ្យបានកុះករ ដើម្បីជួយលើកទឹកចិត្តអ្នករៀបចំផង និងគាំទ្រអក្សរសាស្ត្រខ្មែរយើង ឱ្យនៅបានគង់វង្សឋិតថេរជានិរន្តន៍តទៅ ព្រោះអក្សរសាស្ត្រ ជាព្រលឹងនៃជាតិសាសន៍យើង អ្នកកវីនិពន្ធខ្មែរ តែង តែនិយាយនិងសរសេរថា “អក្សរសាស្ត្ររលាយ ជាតិនឹងរលត់”…”។

អ្នកនិពន្ធជើងចាស់ ជុត ខៃ បានបន្តថា “ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមជម្រាបបងប្អូន កូនក្មួយថា កាលពី៧០ឆ្នាំមុន ខ្ញុំរៀននៅវិទ្យាល័យព្រះសីហនុ សៀវភៅរបស់ខ្ញុំខ្លះ ដូចជា «អស្តង្គតនៃប្រជាជាតិមួយ» «កូនក្របី» «ក្មេងសាលាបារាំង និងក្មេងវត្ត» គឺរៀបរាប់ជាពិសេសខេត្តកំពង់ចាម នេះតែម្តង។ ម៉្យាងទៀត នៅពេលខាងមុខ មានការតាំងពិព័រណ៍សៀវភៅ និងមានការតាំងសៀវភៅរបស់ខ្ញុំ ដែលបោះពុម្ពដោយ អវតារ Sipar និងអង្គរ។ ជាទីបញ្ចប់ ខ្ញុំសូម បងប្អូន កូនក្មួយ មេត្តាអភ័យទោស ក្រែងមានពាក្យលើសលស់ ឬមិនសមរម្យ ព្រោះខ្ញុំជាតាចាស់ម្នាក់ ដែលមានការភ្លេចភ្លាំងជាច្រើនណាស់ទៅហើយ…”៕

គួរបញ្ជាក់ថា កម្មវិធី មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៧ នឹងប្រារឰជាផ្លូវការចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមប្រធានបទ “អក្សរសិល្ប៍ បៃតង”។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មហោស្រពអក្សរសិល្ប៍ខ្មែរ ដែលចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យ ដឹងថា មហោស្រពអក្សរសិល្ប៍ខ្មែរបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ មកម៉្លេះ។ គោលបំណងនៅក្នុងការបង្កើតឡើងនូវកម្មវិធីនេះ គឺមាន៣ធំៗ រួមមាន ១-បណ្តុះស្មារតីស្នេហាអក្សរសាស្ត្រជាតិ ២-លើកកម្ពស់នូវកិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធ និង៣-បង្កើនឱកាសក្នុងការទំនាក់ទំនង និងពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធ និងវិស័យបោះពុម្ព និងអក្សរសិល្ប៍៕

RELATED ARTICLES