ភ្នំពេញ ៖ លោកគឹម សុខ អ្នកវិភាគនយោបាយនិងសង្គម ដែលកំពុងរស់និរទេសនៅប្រទេសហ្វាំងឡង់ បានប្រតិកម្មនឹងលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដែលបានហៅព្រះសង្ឃ ប៊ុត ប៊ុនតិញ ចៅអធិការវត្តភ្នំសេរី នៅសហរដ្ឋអាមេរិក និងជាសកម្មជនប្រឆាំង ថាអាខ្មៅ អាត្មាត ឬអាត្មាតខ្មៅ ។
លោកគឹម សុខ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ថា លោកមិនមានទម្លាប់ប្រមាថអ្នកដទៃ និងមិនប្រកាន់ចិត្តគុំកួនឬវាយបកទៅលោកសុខ ឥសាន ទេ ប៉ុន្តែក្នុងនាមជាបុគ្គលដែលមានឋានៈធំក្នុងសង្គម ដូចលោកសុខ ឥសាន ត្រូវប្រយ័ត្នក្នុងការសម្ដែងចេញ ហើយត្រូវធ្វើជាគំរូជាសាធារណៈគ្រប់ពេល មិនមែនបង្ហាញគម្រក់ជាចំហ រហូតដល់ប្រើពាក្យហៅព្រះសង្ឃសុទ្ធតែអាខ្មៅ អាត្មាត ឬអាត្មាតខ្មៅ បែបនេះទេ ។
លោកគឹម សុខ បានមានប្រសាសន៍ថា “ខ្ញុំមិនបានស្ដាប់ដីការបស់ព្រះគុណម្ចាស់ ប៊ុត ប៊ុនតិញ ទេ ប៉ុន្តែជាទម្លាប់របស់ព្រះអង្គ ទោះមានដីកាខ្លាំងៗយ៉ាងណា ក៏តែងតែមានបំណងល្អចំពោះជាតិដែរ ដូច្នេះការមានដីកាក្នុងចេតនាល្អចំពោះជាតិ ដែលមានន័យថា ដើម្បីប្រយោជន៍រួមទាំងអស់គ្នា មិនគួរសោះឡើយ ត្រូវរងប្រតិកម្មប្រមាថតបវិញ។ ប្រពៃណីវប្បធម៌ខ្មែរយើង ឲ្យយើងរៀបឫកនិងនិយាយស្ដី ដោយសេចក្ដីថ្លៃថ្នូរសមសួន ក្នុងការឆ្លើយឆ្លងគ្នា ជាពិសេសបុគ្គលដែលមានឋានៈធំក្នុងសង្គម ដូចលោកសុខ ឥសាន ទៅទៀត រឹតតែត្រូវប្រុងប្រយ័ត្នក្នុងការសម្ដែងចេញ ហើយត្រូវធ្វើជាគំរូសាធារណៈគ្រប់ពេល ប៉ុន្តែពេលគាត់បង្ហាញ គម្រក់ ជាចំហ រហូតដល់ប្រើពាក្យហៅព្រះសង្ឃ សុទ្ធតែអាត្មាតខ្មៅបែបនេះ ខ្ញុំសូមអធ្យាស្រ័យផង មិននិយាយបកទៅលោកសុខ ឥសាន នូវពាក្យអាក្រក់ពិបាកស្ដាប់តបទៅគាត់វិញទេ ព្រោះខ្ញុំមិនមានទម្លាប់ប្រមាថអ្នកដទៃ និងមិនប្រកាន់ចិត្តគុំកួនឡើយ“ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោកគឹម សុខ ខាងលើនេះ បានធ្វើឡើងក្រោយអ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) លោកសុខ ឥសាន បានហៅភិក្ខុប៊ុត ប៊ុនតិញ ចៅអធិការវត្តភ្នំសិរី នៅសហរដ្ឋអាមេរិក ដែលជាសកម្មជនប្រឆាំង គាំទ្រលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ថាអាខ្មៅ មិនមែនអាត្មាទេ គឺអាត្មាត ។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ភិក្ខុប៊ុត ប៊ុនតិញ និងក្រុមដែលប្រមាថអង្គព្រះមហាក្សត្រ សុទ្ធតែជា «អាត្មាត» មិនគួរឲ្យគោរពទេ ។
លោកសុខ ឥសាន បានសរសេរក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក “យុវជន៧មករា” ថា “អាខ្មៅ មិនមែនជាអ្នកបួសត្រឹមត្រូវទេ វាជាសង្ឃនយោបាយ វាហ៊ានប្រមាថអង្គព្រះមហាក្សត្រ និងគណសង្ឃនាយកទៀតផង ។ អាខ្មៅ មិនមែនជាអាត្មាទេ វានិងក្រុមវាដែលប្រមាថអង្គព្រះមហាក្សត្រ សុទ្ធតែជាអាត្មាត …“ ។
បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ថា ការដែលលោកហៅសង្ឃប៊ុត ប៊ុនតិញ ថា អាខ្មៅ មិនមែនអាត្មាទេ គឺអាត្មាត គឺមិនមានចេតនាប្រមាថដល់ព្រះសង្ឃទូទៅ ដែលជាសាវ័ករបស់ព្រះពុទ្ធទេ គឺគ្រាន់តែនិយាយទៅរកតែបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់ ល្មើសធម៌វិន័យ និងប្រមាថព្រះមហាក្សត្រ តែប៉ុណ្ណោះ ។
លោកសុខ ឥសាន បានមានប្រសាសន៍នៅពេលនោះថា “ពាក់ព័ន្ធនឹងប៊ុត ប៊ុនតិញ នេះ វាមិនមែនជាសង្ឃពិតប្រាកដ ដើម្បីបួសដើម្បីបម្រើព្រះពុទ្ធសាសនាទេ គឺបួសដើម្បីគ្រាន់តែជារូបភាពដើម្បីបោកប្រាស់មហាជន ប្រជាជន ជាពិសេសបងប្អូននៅក្រៅប្រទេសតែប៉ុណ្ណោះ ហើយយើងឃើញជាក់ស្ដែងហើយ រាល់ថ្ងៃនេះ គឺប៊ុត ប៊ុនតិញ ហ្នឹង មានធ្វើការបម្រើសាសនាឯណា គឺធ្វើការបម្រើនយោបាយប្រឆាំងនឹងប្រជាជនកម្ពុជានៅក្នុងប្រទេសទៅវិញ ។ ដូច្នេះការហៅរបស់ខ្ញុំថា អាខ្មៅ មិនមែនអាត្មាទេ គឺអាត្មាត គឺអត់មានប្រមាថដល់ព្រះសង្ឃទូទៅ ដែលព្រះអង្គសុទ្ធតែជាបព្វជិត ជាសាវ័ករបស់ព្រះពុទ្ធឯណា គឺយើងនិយាយទៅរកតែបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់ ដែលប្រព្រឹត្តល្មើសធម៌វិន័យ ។ ធម៌អាថ៌ហ្នឹងចេះហើយ ក៏ប៉ុន្តែមិនយកការចេះធម៌អាថ៌ហ្នឹងមកបម្រើពុទ្ធសាសនាទេ ក៏ប៉ុន្តែយកធម៌អាថ៌គ្រាន់តែជាឡប់ឡែ ដើម្បីបន្លំភ្នែកមហាជន ប្រជាជនជាពុទ្ធបរិស័ទ ជាពិសេសបងប្អូននៅក្រៅប្រទេសតែប៉ុណ្ណោះ ។ និយាយទៅ ពាក្យអាត្មាត អត់មានធ្ងន់ទេ គឺថាមិនធ្ងន់ទេ ពីព្រោះការប្រមាថរបស់បុគ្គលហ្នឹង មកចំពោះជាតិ ចំពោះសាសនា ចំពោះព្រះមហាក្សត្រ នៅក្នុងប្រទេស ក៏ដូចជាប្រជាជននៅក្នុងប្រទេសនេះ គឺវាធ្ងន់ធ្ងរខ្លាំងណាស់“ ៕ កុលបុត្រ