ភ្នំពេញ ៖ ពិធីការិនីល្បីឈ្មោះ កញ្ញាសុភ័ក្ត្រ កុសុម៉ា ខណ:កំពុងរវល់ញាប់ដៃក្នុងការដើរចែកធៀបការ អញ្ជើញភ្ញៀវដែលភាគច្រើនជាអ្នកសិល្ប: ចូលរួមពិធីរៀបការរបស់នាង ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ បានប្រតិកម្មនឹងពិធីករ តាប៊ុយ ដែលបង្អាប់នាងបែបលេងសើចបន្លំមែនថា តាមពិតកូន កំលោះជាគូដណ្តឹងរបស់នាង សន្សំលុយមិនទាន់បានគ្រប់ចំនួនសម្រាប់ថ្លៃបណ្ណាការ ឬថ្លៃទឹកដោះនោះទេ តែដោយសារកុសុម៉ា ចង់រៀបការឆាប់ ទើបនាងបានថែមលុយបង្គ្រប់ឲ្យកូនកំលោះតែម្តង។

សូមបញ្ជាក់ថា ពិធីការិនីល្បីឈ្មោះ កញ្ញាសុភ័ក្ត្រ កុសុម៉ា នឹងរៀបការជាមួយគូដណ្តឹងរបស់នាង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វា OCIC អគារ A និង B ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បន្ទាប់ពីបានភ្ជាប់ពាក្យជាចំហ និងបាននាំគូដណ្តឹងរបស់នាង ទៅថតរូបមុនរៀបការ (Pre-wedding) នៅប្រាសាទអង្គរវត្ត នាក្រុងសៀមរាប ខេត្តសៀមរាប រួចមក។

ស្របពេលដែលកញ្ញាសុភ័ក្ត្រ កុសុម៉ា កំពុងញាប់ដៃជើងក្នុងការដើរចែកធៀបការ អញ្ជើញភ្ញៀវដែលភាគច្រើនជាអ្នកសិល្ប: ចូលរួមពិធីអាពាហ៍ពិពាហ៍របស់នាង ដែលនឹងធ្វើឡើងនៅដើមខែក្រោយ (០៤ វិច្ឆិកា ២០២៤) នេះ ស្រាប់តែពិធីការិនីល្បីឈ្មោះរូបនេះ បានប្រតិកម្មនឹងពិធីករ តាប៊ុយ BA របស់ឡេ Love Riya ដែលបានបង្អាប់នាងតាមបណ្តាញសង្គម ឡើងស្ពឹកមុខ។

ពិធីករពូកែសើច តាប៊ុយ បានបង្ហោះរូបភាពសើមរបស់សុភ័ក្ត្រ កុសុម៉ា ជាមួយគូដណ្តឹងនាង ក្នុងទំព័រហ្វេសបុករបស់ខ្លួន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ជាមួយសំណេរថា «តាមពិតកូនកំលោះ សន្សំលុយមិនទាន់គ្រប់ តែខាងកូនក្រមុំ ថែមលុយការប្តី»។

បន្ទាប់ពីបានឃើញសំណេររបស់តាប៊ុយ ខាងលើនេះ កញ្ញា សុភ័ក្ត្រ កុសុម៉ា បានបញ្ចេញប្រតិកម្ម ឆ្លើយតបភ្លាមៗថា «ឯងលេងយូរៗទៅដូចមិនឲ្យតម្លៃខ្ញុំទាំងពីរនាក់សោះ សំណេរនេះ សរសេរមកគឺអ្នកមិនដឹងគេប្រាកដជាមើលងាយទៅគូដណ្តឹងខ្ញុំហើយ មួយទៀតគេបន្ទាបតម្លៃខ្ញុំជាស្ត្រី»។
ក្រោយទទួលបានប្រតិកម្មឆ្លើយតប របស់កញ្ញាកុសុម៉ា ខាងលើនេះ តាប៊ុយ ទំនងជាដឹងកំហុសចំពោះការសរសេរលេងសើចជ្រុលរបស់ខ្លួន ក៏បានលុបសំណេរទាំងនោះចេញភ្លាមៗផងដែរ។

ជុំវិញសំណេរឆ្លើយឆ្លងគ្នារបស់ពិធីករ-ពិធីការិនីល្បីឈ្មោះទាំងពីរខាងលើនេះ «នគរធំ» មិនអាចសុំយោបល់បន្ថែមពីអ្នកទាំងពីរបានទេ កាលពីល្ងាចម្សិលមិញ។
ទោះបីជាយ៉ាងណា មិត្តភក្តិ អ្នកសិល្ប:ជាច្រើនដែលបានឃើញសំណេររបស់ពិធីករ-ពិធីការិនីទាំងពីរខាងលើ បានលើកឡើងថា តាប៊ុយ មិនមានបំណងមើលងាយកុសុម៉ា និងគូដណ្តឹងនាង ដែលជាមិត្តភក្តិរួមអាជីពនោះទេ គឺគេគ្រាន់តែសរសេរលេងសើចជាមួយកុសុម៉ា តែប៉ុណ្ណោះ តែការលេងសើចបែបនេះ រាងជ្រុលបន្តិច ព្រោះអាចធ្វើឲ្យអ្នកមិនដឹងរឿង មានការយល់ច្រឡំ ដូចដែលកុសុម៉ា បានបញ្ជាក់ឆ្លើយតបខាងលើ ។ ចំណែកតាប៊ុយ ក៏ទំនងជាដឹងខ្លួនថា លេងសើចជ្រុលបន្តិចដែរ ទើបប្រញាប់លុបសំណេររបស់ខ្លួនចោលវិញភ្លាមៗដែរ។ចំណែក ពិធីករ តាប៊ុយ ក៏បានចេញមុខបំភ្លឺ និងសុំទោសទៅកាន់សុភ័ក្រ្ត កុសុម៉ា ចំពោះអ្វីដែលលោកបានសរសេរទៅ ប៉ះពាល់ដល់នាង ។

តាប៊ុយ បញ្ជាក់តាមវីដេអូ បង្ហោះក្នុងបណ្តាញសង្គម នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ថា ក្នុងចិត្តលោក អត់បានគិតថា វាធ្ងន់ធ្ងរទេ ប៉ុន្តែបើសិនជាវាធ្ងន់ធ្ងរ លោកសូមអភ័យទោសចំពោះកុសុម៉ា ដោយសារតែលោកជាមនុស្សត្រង់ ដូច្នេះអត់ចូលចិត្តនិយាយបញ្ឆិតបញ្ឆៀងទេ ។ តាប៊ុយ បញ្ជាក់ថា ពេលខ្លះការលេងរបស់លោក រាងលើសមែន តែសម្តីរបស់លោក គឺត្រង់ អត់ចេះបញ្ឆិតបញ្ឆៀងទេ ដែលអាចប៉ះពាល់អារម្មណ៍របស់កុសុម៉ា ដូច្នេះលោកសូមទោស បើសិនជាមានអ្វីខុសឆ្គង ព្រោះលោកអត់មានបំណងយកទៅធ្វើទីផ្សារណាមួយទេ។

ទោះបីជាយ៉ាងណា ពិធីករ តាប៊ុយ បានចេញមុខបំភ្លឺ និងសុំទោសទៅកាន់សុភ័ក្រ្ត កុសុម៉ា តាមបណ្តាញសង្គម ចំពោះអ្វីដែលលោកបានសរសេរទៅ ប៉ះពាល់ដល់នាងខាងលើ ៕ ខៀវទុំ