ភ្នំពេញ៖ជាង១០ខែមកហើយក្រោយលី ម៉ារីណា ក្លាយទៅជាភរិយាស្របច្បាប់របស់លោកទៀង ច័ន្ទសារ អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ មកបំណងធំរបស់នាងដែលចង់ពពោះកូនភ្លោះនៅឆ្នាំរោង នេះមិនទាន់បានសម្រេចឡើយ ហេតុនេះហើយធ្វើឲ្យតារាវ័យ៤៣ឆ្នាំ មិនសូវសប្បាយចិត្តទេ ព្រោះនៅបាំងតែ២ខែទៀត ឆ្នាំរោងនិងកន្លងផុតទៅ ។ប៉ុន្ដែដើម្បីឲ្យម៉ារីណា កាន់តែមានក្ដីសុខនិងជឿជាក់លើស្វាមីថែមទៀតនោះ កាលពីថ្ងៃទី២២ តុលា លោកអធិការ បានប្រកាសថាមួយជីវិតនេះលោក សូមផ្ដល់ក្ដីស្រលាញ់ដល់ភរិយាលោកគ្រប់វិនាទី។
ស្វាមីលី ម៉ារីណា លោកទៀង ច័ន្ទសារ ថ្លែងទៅប្រពន្ធថា«មួយជីវិតរបស់ប្ដី ពុំទុកអ្វីក្រៅពីក្ដីស្រលាញ់ ផ្ដល់ជូនអូន គ្រប់ពេលវេលា » ។
សារនេះលី ម៉ារីណា ពេញចិត្តខ្លាំងណាស់ចំពោះលោកអធិការដោយឲ្យស្ទីគ័របេះដូងការ៉េដល់ប្ដីទៀតផង ។តែគេកត់សម្គាល់ថាតាំងពីលី ម៉ារីណា និងលោកច័ន្ទសារ រៀបការកាលពីថ្ងៃទី១១ ខែ១ ឆ្នាំ២០២៤ មកអ្នកទាំងពីរតែងតែចេញសារសរសើរគ្នាទៅវិញទៅមក ហើយអ្វីដែលតារាសាច់នៅតែសខ្ចីម៉ដខៃរូបនេះ សែនកក់ក្ដៅនោះគឺប្ដីចាត់ទុកកូនប្រុសនាងដូចជាកូនលោកដែរ ខណៈដែលម៉ារីណា វិញក៍បង្ហាញនូវការស្រលាញ់កូនស្រីភរិយាដើមប្ដីទុកជាកូននាងដូចគ្នា។
សូមបញ្ជាក់ថាលី ម៉ារីណា ក្រោយមានប្ដីជាលោកអធិការ មកនាងទៅណាក៍ត្រូវបានមិត្តរួមអាជីពហៅថាជំទាវៗដែរ បើទោះជានាងមិនធ្លាប់សម្ញែងមានអង្គរក្ស ការពារឆ្វេងស្ដាំក្ដី តែឥទ្ធិពលរបស់ប្ដីនាងនាំឲ្យគេគោរព និងចាត់ទុកនាងជាប្រពន្ធរបស់អ្នកធំ។តែគេឃើញម៉ារីណា នៅតែមមាញឹកលក់អ៊ឺវ៉ាន់តាមOnline ដូចមុនរៀបការដដែល ព្រោះតែនាងមិនពឹងលើការចាយវាយប្រាក់ប្ដីតែម្ខាងឡើយ ។
ក្រៅពីលី ម៉ារីណា តារាដែលចង់បានកូនភ្លោះនៅឆ្នាំរោង តែនៅមិនទាន់ពពោះមានដូចជាអ្នកនាងគង់ សុជាតិ ,នៅ សុនិតា និងហ៊ិន ច័ន្ទនីរ័ត្ន ជាដើម។សម្រាប់ម៉ារីណា វិញចំណងស្នេហានាងនឹងកាន់តែរឹងមាំជាងនេះមិនខាន ឲ្យតែពពោះកូនដំបូងឲ្យលោកអធិការបានដូចបំណង ព្រោះលោកច័ន្ទសារ និងនាងក៍មានវ័យជ្រេបន្ដិចហើយ ហេតុនេះមិនអាចពន្យាពេលយកកូនជាដាច់ខាត ។
គួរកត់សម្គាល់ថាលី ម៉ារីណា ធ្លាប់បរាជ័យស្នេហា២លើកមកហើយ ដែលលើកនេះនាងមានជំនឿយ៉ាងមុតមាំថាគ្មានការខកចិត្តជាលើកទី៣នោះទេ ដោយសារតែលោកអធិការហ៊ានចំណាយលុយដល់ទៅ៩ម៉ឺនដុល្លារថ្លៃទឹកដោះនាង ហើយពេលនេះលោកសន្យាស្រលាញ់នាងពេញមួយជីវិតទៀត ហេតុនេះរឿងអីដែលនាងមិនអាចបំពេញបំណងប្ដីពពោះកូនដំបូងនោះ ព្រោះពេលនេះនាងក៍បានដកឃ្លាពីអាជីពសិល្បៈស្ទើតែទាំងស្រុង ពោលគឺ១ឆ្នាំ ថតតែ១រឿងប៉ុណ្ណោះ ដើម្បីយកពេលនៅជាមួយគ្រួសារឲ្យបានកាន់តែច្រើន និងការរកស៊ីតាមOnline ។អ្នកជំនាញសិល្បៈលើកឡើងថាស្រីស្អាតៗក្នុងពិភពសម្ដែងទោះជាមានអាយុច្រើនបន្ដិចក្ដី ប៉ុន្ដែពួកគេនៅតែមានឱកាសធ្វើជាភរិយាមន្រ្ដីធំ បានតំណែងជំទាវ ដូចជាម៉ារីណា នេះឯងប្រសិនបើនាងមិនក្លាយទៅជាភរិយាលោកអធិការទេ ច្បាស់ជាមន្រ្ដីធំៗផ្សេងទៀតនៅតែចង់ធ្វើគូស្នេហ៍នាង ហេតុនេះលោកច័ន្ទសារ ដែលស្នេហ៍នាង៨ឆ្នាំ ទើបបានដូចបំណងពិតជាមានសំណាងធំ ព្រោះបានប្រពន្ធស្អាត បើទោះជានៅឆ្នាំ២០២៥ ខាងមុខម៉ារីណា ឈានចូលវ័យ៤៤ឆ្នាំ ក្ដី៕