Saturday, November 23, 2024
Homeព័ត៌មានជាតិយុវតីអតីតសហការីហៃ វណ្ណា ទម្លាយ លោកធំបោះនុយ ចុះចូលបានងារឧកញ៉ា

យុវតីអតីតសហការីហៃ វណ្ណា ទម្លាយ លោកធំបោះនុយ ចុះចូលបានងារឧកញ៉ា

តូក្យូ-ភ្នំពេញ ៖ យុវតីម្នាក់ ដែលជាអតីតសហការីលោកហៃ វណ្ណា អតីតប្រធានចលនាយុវជនសង្រ្គោះជាតិ ប្រចាំប្រទេសជប៉ុន ដែលបានប្រកាសផ្ដាច់ខ្លួនពីលោកសម រង្ស៊ី និងក្រុមជ្រុលនិយម មកចុះចូលបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានទម្លាយថា មានលោកធំបោះនុយ ឲ្យនាងចុះចូល នឹងបានងារជាឧកញ៉ា តែនាងមិនចាប់អារម្មណ៍ឡើយ ព្រោះនាង មិនល្ងង់ដល់ថ្នាក់ធ្វើជាសេកក្នុងទ្រុងមាសនោះទេ ។

យុវតី វ៉ាន់ លក្ខិណា ប្រធានបណ្ដាញយុវជនកម្ពុជាសកល ប្រចាំប្រទេសជប៉ុន ដែលជាយុវតីប្រឆាំងខ្លាំងក្លា និងជាអតីតសហការីលោកហៃ វណ្ណា កំពុងរស់នៅប្រទេសជប៉ុន បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ថា “ផ្ដាំទៅឯកឧត្តមទាំងឡាយ កុំមករវល់ជាមួយខ្ញុំ គិតថាលោកបោះនុយ ជាអ្នកឧកញ៉ា មកឲ្យខ្ញុំ ខ្ញុំនឹងស៊ីនុយនោះ ហើយឆ្លងឆ្លើយជាមួយលោកមែនទេ? បានហើយ តំណែងខ្ញុំរាល់ថ្ងៃនេះ គ្មានដែនកំណតនោះទេ ក្នុងចិត្តមហាជនក៏ពេញចិត្តដូចសព្វថ្ងៃនេះណាស់ មិនត្រូវការឈ្មោះអ្នកឧកញ៉ាស្អីនោះទេ គ្រាន់តែពលរដ្ឋឮថាឈ្មោះឧកញ៉ា គេស្អប់ដូច … ខ្ញុំអាណិតតែអស់លោកទ្រពងទាំងឡាយ ខំជេរអ្នកប្រឆាំង ជាយូរខែឆ្នាំមកហើយ រកតែឡានកញ្ចាស់ជិះមិនបានផង ខ្លះទៀតរកតែបាយស៊ីគ្មានផង អាខ្លះលិឍពងចង់ងាប់ គុណតម្លៃមិនស្មើរោមជើងអ្នកប្រឆាំងនោះទេ (សេកមាសក្នុងទ្រុង ខ្ញុំមិនល្ងង់ដល់ថ្នាក់ហ្នឹងទេ)» ។

យុវតី វ៉ាន់ លក្ខិណា បានសរសេរក្នុងខម្មិនបន្ថែម នៅថ្ងៃដដែលនោះថា «ឧញ៉ាស្រុកខ្មែរ មិនស្មើរោមមាន់ផង»។

ទោះបីជាយ៉ាងណា ជុំវិញការអះអាងរបស់យុវតី វ៉ាន់ លក្ខិណា ខាងលើនេះ លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្រ្តី បានចាត់ទុកថា ជាការលើកតម្កើងខ្លួនឯងខ្ពស់ពេក ព្រោះមិនដែលមានអ្នកធំក្នុងជួររាជរដ្ឋាភិបាល ឬក្នុងជួរគណបក្សប្រជាជនកម្ពុជា ឯណាទៅបោះនុយធំ ដើម្បីឲ្យនាងក្លាយជាឧកញ៉ា នោះទេ ។

លោកជុំ កុសល បានមានប្រសាសន៍ប្រាប់ «នគរធំ» នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤  ថា “បាទ! ទី១ សម្រាប់លោកហៃ វណ្ណា ដែលអតីតជាសកម្មជនជួរមុខរបស់ក្រុមប្រឆាំង ដែលគាត់សម្រេចចិត្តផ្ដាច់ខ្លួនចេញក្រុមឧទ្ទាមសម រង្ស៊ី ហើយមកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ខ្ញុំយល់ថា វាជាសិទ្ធិនយោបាយរបស់គាត់ ដែលការសម្រេចចិត្ត ដោយសារតែគាត់មើលឃើញពីមាគ៌ានយោបាយដឹកនាំរបស់គណបក្សប្រជាជន គាត់មើលឃើញអំពីក្រុមឧទ្ទាមនោះ គឺថាប្រឆាំងដើម្បីតែបំផ្លាញជាតិ ។ អ៊ីចឹងការសម្រេចចិត្ត អាហ្នឹងវាជារឿងត្រឹមត្រូវរបស់គាត់ ក្នុងនាមបុគ្គលគាត់ ហើយវាជាសិទ្ធិស្របច្បាប់នៅក្នុងការជ្រើសរើសគណបក្សនយោបាយណាមួយ ការផ្លាស់ប្ដូរបក្សនយោបាយណាមួយ អាហ្នឹងវាស្របទៅតាមគោលការណ៍ប្រជាធិបតេយ្យ អាហ្នឹងសម្រាប់លោកហៃ វណ្ណា ។ ហើយគណបក្សប្រជាជន សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្ស លោកតែងតែបើកចំហបេះដូង លោកមានប្រសាសន៍ហើយ លោកដឹកនាំនយោបាយ លោកត្រូវការធ្វើលេខបូក លោកអត់ត្រូវការធ្វើលេខដកទេ ហើយចំពោះអ្នកដែលនៅក្បែរខ្លួនមេឧទ្ទាម សម រង្ស៊ី គឺលោកទទួលទាំងអស់ ឲ្យតែប្រកាសផ្ដាច់ខ្លួនចេញពីបុគ្គលនោះមក លើកលែងតែម្នាក់គត់ ដែលលោកមិនទទួល គឺបុគ្គលសម រង្ស៊ី ហ្នឹងឯង“ ។

លោកជុំ កុសល បានមានប្រសាសន៍បន្តថា “ងាកមកនារីម្នាក់ ដែលនិយាយថា មានអ្នកធំណាមួយបោះដៃ (បោះនុយ) អី រហូតដល់ឲ្យចូលមកផ្ដល់ងារជាឧកញ៉ាអីហ្នឹង គ្រាន់តែយើងស្ដាប់សម្ដីប៉ុណ្ណេះហ្នឹង វាខុសគោលការណ៍បាត់ហើយ ។ ខុសគោលការណ៍យ៉ាងម៉េច? ងារជាឧកញ៉ា លុះត្រាតែគាត់ជាអ្នកជំនួញ ជាអាជីវករ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយកសាង អភិវឌ្ឍជាតិ បានប៉ុន្មានៗទៅ ការកំណត់អីអ៊ីចឹងទៅ បានរាជរដ្ឋាភិបាល លោកមើលឃើញតាមហ្នឹង ក៏ផ្ដល់ងារ ផ្ដល់គោរមងារឲ្យអ៊ីចឹង ហើយបើខ្លួនឯងគ្រាន់តែជាមនុស្សម្នាក់ ជាយុវជនម្នាក់ដែលសកម្មក្នុងការបម្រើនយោបាយប្រឆាំង ឧទ្ទាម គឺគ្មានតម្លៃអីរហូតដល់អ្នកធំឯណាក្នុងជួររាជរដ្ឋាភិបាល ឬក៏ជួរក្នុងគណបក្សណា ទៅឆោតល្ងង់ ទៅផ្ដល់តម្លៃឲ្យដល់ថ្នាក់ហ្នឹងពេកទេ ហើយជួនកាលគាត់ជាមនុស្សម្នាក់ដែលមានកម្រិតនៃការយល់ដឹងទាប ជួលកាលវាមានអ្នកណាមួយ គេឌឺដង គេថា អាហ្នឹងភាសាខ្មែរយើង គេបញ្ឈឺ អាចគេនិយាយបញ្ឈឺអីអ៊ីចឹងថា អ្នកឯងប៉ុណ្ណឹងដែរ ចូលមក បានងារជាឧកញ៉ា អាហ្នឹងវាជាភាសាបញ្ឈឺទេ តែគាត់មិនយល់ គាត់ថាគេនិយាយមែនអីអ៊ីចឹងទៅ គាត់លើកតម្លៃខ្លួនគាត់ពេក ហើយយើងមើលអំពីចំណេះដឹងពីយុវជនខាងក្រុមឧទ្ទាមហ្នឹង កម្រិតនៃការយល់ដឹងរបស់គាត់ហ្នឹង វាមិនមានសមត្ថភាពអីដែលត្រូវយកមកបម្រើការជាមន្រ្តីរាជការ ឬក៏ចូលរួមអភិវឌ្ឍប្រទេសជាតិបានទេ កម្រិតត្រឹមនារីម្នាក់ហ្នឹងនោះ ពាក្យខ្មែរ និយាយមិនទាន់ត្រូវផង ដីសម្បទាន គាត់ទៅឯណាពាក្យសន្ទនាអីឯណាឯណីអីអ៊ីចឹងទៅ ។ អ៊ីចឹងវាគ្រាន់តែជាការលើកតម្កើងខ្លួនឯងហួសហេតុពេក ខ្ញុំបើនិយាយតាមត្រង់ អាណិតទៅវិញទេ ដែលងាយនឹងចាញ់បោកអ្នកនយោបាយដែលមានគំនិតបោកប្រាស់ហ្នឹង ហើយខ្លួនឯងកម្រិតយល់ដឹងវាទាបពេក វាងាយនឹងចាញ់បោក ជួនកាលវាអាចនាំទុក្ខដល់ខ្លួន ដែលខ្លួនពុំបានពិចារណាឲ្យបានស៊ីជម្រៅ ក៏ចេះតែអនុវត្តតាមផែនការរបស់អ្នកនយោបាយទុច្ចរិត ធ្វើនេះ ធ្វើនោះទៅ វាអាចមានទោសដល់ខ្លួន អាហ្នឹងខ្ញុំមើលឃើញអ៊ីចឹង“ ។

លោកជុំ កុសល បានមានប្រសាសន៍បន្តទៀតថា “និយាយទៅ ការដែលគាត់ថា អ្នកធំបោះនុយឲ្យគាត់ ដើម្បីផ្ដល់ងារឧកញ៉ា ឲ្យគាត់ហ្នឹង ខ្ញុំយល់ថា វាជាពាក្យសម្ដីរបស់គាត់ ដើម្បីនយោបាយគាត់ លើកតម្កើងខ្លួនគាត់ទេ ហើយក៏ខ្ញុំមិនជឿថា អ្នកធំឯណាល្ងង់ដល់ទៅម្ល៉ឹងពេកទេ អាចថាភាសាដៀមដាមឲ្យ ដូចខ្ញុំនិយាយខាងដើមមិញអ៊ីចឹងក៏ថាបានដែរ ហើយគាត់ប្រើពាក្យមួយទៀតថា មិនល្ងង់ធ្វើជាសេកមាសក្នុងទ្រុងនោះ អាហ្នឹងគាត់កាន់តែលើកតម្កើង គាត់គិតថា គាត់ជាមនុស្សដែលអស្ចារ្យ ជាមនុស្សដែលមានតម្លៃ ដែលធ្វើឲ្យគេទៅតថ្លៃ ទៅអីអ៊ីចឹង វាជាការលើកតម្កើង មិនមើលអំពីសមត្ថភាពខ្លួនឯង ធ្វើឲ្យគេសើចចំអកទៅវិញទេ សមត្ថភាពប៉ុនគាត់អីហ្នឹងឯណាទៅមានតម្លៃដល់ប៉ុណ្ណេះ ។ មនុស្សនេះ លើកលែងតែថាគាត់មានសតិសម្បជញ្ញៈខ្លួនគាត់ ហើយគាត់មកសុំអភ័យទោសពីថ្នាក់ដឹកនាំ សុំមកចូលរួមអីអ៊ីចឹង អាហ្នឹងធម្មតាជានយោបាយ ថ្នាក់ដឹកនាំគណបក្ស លោកទទួលមកអ៊ីចឹងទៅ បើថាឲ្យទៅផ្ដល់តម្លៃរហូតដល់ដូចគាត់និយាយមែន វាគ្មានទេ វាគ្មានតម្លៃណាដល់ហ្នឹងទេ“ ៕ កុលបុត្រ

RELATED ARTICLES