ខេត្តសៀមរាប ៖ បន្ទាប់ពីបញ្ចប់ការជួសជុលពង្រឹងប្រាង្គកណ្តាលតួកណ្តាលរបស់ប្រាសាទបាទជុំ ក្រុមអ្នកជំនាញរបស់អាជ្ញាធរអប្សរា កំពុងបន្តការងារជួសជុលជណ្តើរ នៅទិសខាងកើត ដែលមានស្ថានភាពខូចខាតដោយហែកចេញពីគ្នា និងផ្នែកខ្លះនៃសំណង់របស់រចនាសម្ព័ន្ធជណ្តើរមិនមានស្ថិរភាពជាដើម។
វិស្វករ និងអ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទបាទជុំ កញ្ញា ដយ ពេជ្រជឺរ៉ា បានឱ្យដឹងថា ការខូចខាត រចនាសម្ពន្ធជណ្តើរនេះ គឺបណ្តាលមកពីអាយុសម្ភារៈសំណង់ ថ្មបាយក្រៀម ពុកផុយ កង្វះការថែទាំយូរអង្វែងបណ្តាលឱ្យដើមឈើដុះចាក់ឫសញែកថ្ម។ ទីតាំងផ្នែកជណ្តើរ នេះ ធ្លាប់បានជួសជុលនៅសម័យបារាំង ប៉ុន្តែដោយសារអាយុកាលនិងវិវត្តជាច្រើនឆ្នាំកន្លងមក បានធ្វើឱ្យរចនាសម្ព័ន្ធជណ្តើរនេះ បានរងការខូចខាតជាថ្មី។
អ្នកជំនាញដដែលបញ្ជាក់ថា ការជួសជុល គឺក្រុមការងារបានវិភាគទៅលើចំណុចខូចខាតមួយចំនួនដែលជាផ្នែកត្រូវរុះរើ និងជួសជុលឡើងវិញ។ បន្ទាប់មក ចុះបញ្ជីថ្ម និងរុះរើថ្មដែលហែកកចេញពីគ្នា សម្អាតកំណកដី ឫសឈើ ព្រមទាំងពង្រឹងថ្មដែលបែកបាក់ឬខូចខាត ហើយទើប រៀបផ្គុំទៅតាមទីតាំងដើមនៃរចនាសម្ព័ន្ធកាំ ជណ្តើរឡើងវិញ។ កិច្ចការនេះ គ្រោងនឹងបញ្ចប់នៅដំណាច់ខែតុលា ឆ្នាំ២០២៤ ខាងមុខ។
ក្រោយពីបញ្ចប់ការជួសជុល ទីតាំងនេះនឹងមានសុវត្ថិភាពទាំងរចនាសម្ព័ន្ធសំណង់ជណ្តើរ ស្ថិតនៅគង់វង្សយូរអង្វែងបន្តទៀត និងសម្រួលដល់ភ្ញៀវទេសចរដើរឡើង-ចុះ ដើម្បីទស្សនានៅប្រាសាទបាទជុំ នេះផង៕