ភ្នំពេញ៖សួស វីសា ថានាងនិងស្វាមីបានធ្វើពិធីជប់លៀងដល់ទៅ៧យប់ ៧ថ្ងៃ បន្ទាប់ពីក្រុមគ្រូពេទ្យបានពិនិត្យផ្ទៃពោះនាងកាលពីពេលថ្មីៗនេះឃើញថាជាលទ្ធផលនាងមានកូនប្រុស។នាងថាបំណងធំរបស់នាងនិងស្វាមីបានសម្រេចហើយព្រោះចង់បានកូនប្រុស ។វីសា ថាកូនប្រុសទី២នេះនាងដាក់ឈ្មោះថាចននី (Johnny ) ។ប្រភពបានឲ្យដឹងថាវីសា នឹងសម្រាលកូនប្រុសនៅដើមឆ្នាំ២០២៥ ខាងមុខ ហេតុនេះនាងនឹងបាត់មុខពីឆាកតន្រ្ដីចាប់ពីពេលនេះតទៅយ៉ាងហោចណាស់ក៍១ឆ្នាំដែរ ។ប៉ុន្ដែអំឡុងកំពុងចាញ់កូននេះវីសា ទើបបាននាំប្ដីហោះទៅថៃ ដើម្បីសិក្សារនៅរោងចក្រមួយក្នុងការនាំចូលផលិតផលមកលក់តាមOnline ព្រោះនៅពេលនាងពោះធំ ទោះជានាងមិនអាចចេញច្រៀងសម្ដែងរកលុយបានដូចមុនទៀត តែនាងអាចរកស៊ីតាមOnline បានពោលគឺចំណូលនៅតែមាន។

សូមបញ្ជាក់ថាមុនសួស វីសា ជប់លៀងធំបានកូនប្រុសនេះកាលពីថ្ងៃទី៩ ខែ១០ នាងក៍បានធ្វើពិធីជប់លៀងខួបកំណើតកូនស្រីនាងថង សាម៉ូលីណា ហៅJenny អាយុ៤ឆ្នាំ ផងដែរ ដែលពិធីនោះមានតារាល្បីៗជាច្រើនបានចូលរួម ។ប្រភពបានឲ្យដឹងថាវីសា ដែលតែងតែសរសើរស្វាមីនាងថាទុកនាងជាព្រះនាងហើយនាងមានសំណាងដែលបានប្ដីល្អនោះ ឥឡូវលោកថមមី កាន់តែថ្នាក់ថ្នមនាងទេ្វដង ដោយសារតែប្រពន្ធឲ្យកាដូធំនោះគឺការពពោះកូនប្រុសឲ្យលោកបានសម្រេចនៅមុនដំណាច់ឆ្នាំ២០២៤ ។ប៉ុន្ដែអ្វីដែលវីសា ត្រូវប្រឈមនោះគឺការបាត់មុខពីការច្រៀងរាំ១ឆ្នាំនេះនាងអាចនឹងពិបាករក្សារតំណែងជាតារាស្រីលំដាប់ជូរមុខរបស់ហង្សមាសតទៅទៀត ព្រោះតែគ្មានបទឬសកម្មភាពថ្មីរបស់នាងទាក់ទងចម្រៀង។តែរឿងសុភមង្គលក្នុងគ្រួសារ យកកូនថែម ចាំបាច់ជាងចម្រៀង ហេតុនេះវីសា លែងចង់ល្បីថែម ហើយមិនហ៊ានយកកូនតាមផែនការណ៍នោះទេ ។

យ៉ាងណាការពពោះកូនប្រុសរបស់សួស វីសា នាពេលនេះគឺចំពេលដែលនាងកំពុងតែមានជំងឺម្យាង ដោយសារតែពេលខ្លះច្រៀងលើឆាកកំពុងតែចូលតួល្អ សម្លេងកំពុងតែពិរោះ ស្រាប់តែមានអ្វីម្យាងធ្វើឲ្យសម្លេងនាងច្រៀងទៅជាលែងកើត ស្ដាបអត់ចូលទៅវិញ ដែលពេលខ្លះនាងត្រូវសុំទោសម្ចាស់កម្មវិធីទៀតផង។តែវីសា ថានៅពេលដែលនាងអុជធូប ហើយបួងសួងចប់ នាងអាចច្រៀងសម្លេងពិរោះដូចដើម ដែលរឿងនេះនាងថា«បើមិនជឿរកុំប្រមាថ » ហើយនាងតែងតែបន់ស្រន់ថាសូមកុំឲ្យអមនុស្សដែលស្រលាញ់ និងចង់យកសម្លេងនាងទៅ នោះមេត្តាឈប់ចង់បានសម្លេងនាងតទៅទៀតទៅ ។បញ្ហានេះមិនត្រឹមតែវីសាទេ ដែលខ្វាយក្វល់ តែប្ដីនាងលោកថមមី ក៍បារម្ភខ្លាំងដែរ ព្រោះវីសា បង្ហើបថាអមនុស្សដែលព្យាយាមមកយកសម្លេងនាងទៅវិញនោះនាងតែងតែយល់សប្ដិឃើញជាញឹកញាប់ទៀតផង។

គួររំលឹកថាសួស វីសា បានរៀបការជាមួយលោកប៊ុនថុល ប៊ុនថង ហៅថមមី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលចាប់ដៃគ្នាជិត៥ឆ្នាំនេះអ្នកទាំងពីរមានជីវភាពធូធា រស់នៅផ្ទះវីឡារប្រណិត និងជិះរថយន្ដទំនើបៗជាច្រើនគ្រឿងឆ្លាស់គ្នា។ប្ដីវីសា លោកថមមី ដែលឡើងជាឧកញ៉ា ស្ងាត់ៗនោះបានតែងខ្លួនជាភេទទី៣ Live លក់ផលិតផលតាមហ្វេសបុក ពោលគឺលោកធ្វើអ្វីគ្រប់យ៉ាងដើម្បីបានលុយឲ្យប្រពន្ធកូន បើទោះជាពេលនេះមុខរបររកស៊ីរបស់លោកផ្នែកអចលនទ្រព្យហាក់ជាប់គាំងក្ដី។អ្នកជំនាញសិល្បៈលើកឡើងថាវីសា អាចច្រៀងលែងឡើងដូចមុនទៀតហើយ ក្រោយមានកូន២ ដូចគ្នាទៅនិងឱក សុគន្ធកញ្ញា ដែរ ព្រោះទីផ្សារចម្រៀងបច្ចុប្បន្នបែកខ្ញែក ដូចជានៅចុងឆ្នាំ២០២៤ នេះអតីតតារាចម្រៀងហាងបុប្ផាជាយដែន នាងពេជ្រ សូលីកា បែជាលោតជាងតារាស្រីផ្សេងៗទៀតទៅវិញក្រោយល្បីតែ២បទប៉ុណ្ណោះ ។ប៉ុន្ដែសម្រាប់វីសា បន្ទាប់ពីសម្រាលកូនប្រុសនាពេលខាងមុខនាងនឹងរក្សារចំណងស្នេហាទ្វេដងជាមិនខាន ៕



