ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍ ទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ដោយមានទូកង ចូលរួមប្រកួតប្រជែង ចំនួន៣៤៦ទូក លើសពីឆ្នាំកន្លងទៅ ៩ទូក និងមានកីឡាករចំណុះទូក ប្រមាណជាង២ម៉ឺននាក់ និងប្រទីប ចំនួន៣៥ប្រទីប ខណៈឆ្នាំ២០២៣ មានចំនួនត្រឹមតែ២៩ប្រទីបប៉ុណ្ណោះ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ថា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំសោភណ្ឌភាពរាជធានីភ្នំពេញ ឱ្យកាន់តែមានភាពស្រស់ស្អាត ជារឿងដែលយើងក្នុងនាមជាអាជ្ញាធរ ត្រូវតែធ្វើឱ្យបានល្អបំផុត។ ចំពោះកីឡាករចំណុះទូកង ទាំងជាង២ម៉ឺននាក់ ត្រូវស្នាក់នៅទីតាំងចំនួន២ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះទីតាំងទី១ នៅឃ្លាំងសាំង ខណ្ឌឫស្សីកែវ និងទីតាំងទី២ នៅម្តុំរង្វង់មូលនាងមច្ឆា ក្នុងតំបន់អភិវឌ្ឍន៍ OCIC ខណ្ឌជ្រោយចង្វា ដើម្បីងាយស្រួលក្នុងការពារសន្តិសុខជូនពួកគាត់។
ក្នុងកិច្ចប្រជុំនោះ លោកឃួង ស្រេង បានធ្វើការណែនាំដោយមិនឱ្យមានការលក់ដូរនៅលើបណ្តោយផ្លូវមួយចំនួន ដែលមានទីតាំងនៅក្នុងព្រះរាជពិធី ជាមួយនឹងការពិនិត្យមើលឱ្យហ្មចត់ចំពោះការផ្ញើកង់ ម៉ូតូ ដោយអាជ្ញាធរខណ្ឌ ត្រូវតែម្ចាស់ការ ស្គាល់និងដឹងច្បាស់ពីអត្តសញ្ញាណអ្នកទទួលផ្ញើ ចៀសវាងបាត់បង់ម៉ូតូបងប្អូនប្រជាពលរដ្ឋ គ្មានការទទួលខុសត្រូវ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏បានគិតគូរពីការរៀបចំបន្ទប់ទឹក ឱ្យបានច្រើន ទីតាំងសម្រាប់សង្គ្រោះ និងទីបញ្ជាការស្រាល ក្នុងកិច្ចប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យ ការទប់ស្កាត់ ការលំហូរចរាចរណ៍ចំពោះរថយន្តមួយចំនួនចូលមកក្នុងរាជធានី ទប់ស្កាត់ជន អនាថា ចោរលូកហោប៉ៅជាដើម។
ក្នុងកិច្ចប្រជុំនេះដែរ លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចលនាប្រជាពលរដ្ឋ ពិសេសម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ ខុនដូ ត្រូវលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យស្លោក អមដោយការតុបតែងលម្អរចនាបំភ្លឺភ្លើងពណ៌ចម្រុះ នៅតាមបណ្តាអង្គភាព ទីតាំងអាជីវកម្ម និងគេហដ្ឋានរបស់ខ្លួន ឱ្យបានផុលផុស និងស្រស់ស្អាត៕