ភ្នំពេញ៖ពិធីការិនីទូរទស្សន៍Pnn នាងស៊ីន យូប៊ីន បានបោះជំហ៊ានថ្មីមួយទៀតនោះគឺក្លាយជាអ្នកដឹកនាំសម្ដែងភាពយន្ដខ្លួនឯង ក្នុងរឿងមួយដែលនាងក៍សម្ដែងជាតួឯកទៀត ដែលការចាប់អាជីព២ព្រមគ្នាក្នុងពេលតែ១នេះកន្លងមកគេកម្រឃើញមានតារាវ័យក្មេងអាចធ្វើបានដូចនាងណាស់ ព្រោះភាគច្រើនមានថៅកែផលិតកម្មខ្លះចង់ល្បីដឹកនាំផង ធ្វើតួឯកខ្លួនឯងផង លទ្ធផលច្រើនតែបរាជ័យ ។ប៉ុន្ដែសម្រាប់យូប៊ីន វិញនាងថាអាជីពថ្មីបំផុតរបស់នាងនោះនាងមានក្ដីរំពឹងខ្ពស់ណាស់ថានឹងទទួលបានចំណាត់ថ្នាក់ល្អមួយពីទស្សនិកជន នៅពេលដែលនាងក្លាយទៅជាDirector ម្នាក់ ។

ស៊ីន យូប៊ីន វាចាថា«រឿងខ្ញុំធ្វើជាអ្នកដឹកនាំខ្លួនឯងហ្នុងនឹងដាក់បញ្ចាំងនៅឆ្នាំ២០២៥ ។រឿងហ្នឹងខ្ញុំក៍មានលេងខ្លួនឯងដែរ តែមិនច្រើនឈុតទេ ហើយខ្ញុំសង្ឃឹមថាពេលរឿងលើកដំបូងដែលខ្ញុំធ្វើជាDirector នោះចេញទៅមានទស្សនិកជនគាំទ្រ ផ្ដល់ចំណាត់ថ្នាក់ល្អដល់ខ្ញុំ»។

ស៊ីន យូប៊ីន បានឲ្យដឹងដែរថានាងចូលចិត្តមើលរឿងបរទេស ដើម្បីដកស្រង់ពីទិកនិករបស់គេសម្ដែង ,កាមេរ៉ាគេចាប់ប្លង់ម៉េច និងថាតើDirector គេចង់បង្ហាញពីអ្វីខ្លះ ដែលចំណុចទាំងនេះនាងថាជាការអភិវឌ្ឍន៍ខ្លួនឯង នូវចំណុចថ្មីៗបន្ថែមទៀត។ប្រភពថាបើយូប៊ីន ដឹកនាំរឿងទី១បានជោគជ័យ នោះនាងនឹងឈានទៅដឹកនាំរឿងទី២ ជាបន្ទាប់ ហេតុនេះការបញ្ចេញស្នាដៃថ្មីរបស់ខ្លួននៅឆ្នាំក្រោយនេះ អាចស្រីស្អាតរូបនេះរងចាំមើលប្រតិកម្មពីមហាជន ថាតើស្នាដៃលើកទី១របស់នាងទៅរួច ឬអត់?

ស៊ីន យូប៊ីន ជាអតីតFreshie លេខ១ ជំនាន់ទី១២ ឆ្នាំ២០១៤ ដែលកន្លងមកនាងក៍មានឱកាសទៅបង្ហាញខ្លួនក្នុងកម្មវិធីបង្ហាញម៉ូតជាលក្ខណៈអន្ដរជាតិជាច្រើនលើកច្រើនសារផងដែរ ។ស្រីស្រស់រូបនេះចេះនិយាយ៥ភាសារគឺខ្មែរ ,ថៃ, អង់គ្លេស និងវៀតណាម តាមរយៈការអានសៀវភៅ ។នាងគឺជាមុខសញ្ញានៃការតាមប្រម៉ាញ់បេះដូងរបស់ប្រុសអ្នកមានលុយដុល្លារក្រាស់ ប៉ុន្ដែបុរសដែលអាចស្និតស្នេហ៍នាងបានគឺមានតែប្រុសរូបសង្ហារលោកខាត់ វៃហាំង ម្នាក់ប៉ុណ្ណោះ បើទោះជាទំនាក់ទំនងនោះខ្លះថាពួកគេជាគូស្នេហ៍ពិត តែមួយចំនួនអត់ជឿជាក់ និងថាស្រីស្រស់ ប្រុសសង្ហារ ១គូនេះចង់លេងបិទពួន ដើម្បីបាំងស្នេហ៍ពិតក្រោយខ្នងរៀងៗខ្លួនក្ដី តែតាមព័តមានថាពេលខ្លះការសម្ដែងភាពយន្ដបើផលិតករណាមិនហៅពួកគេលេងជាដៃគូទេ នោះម្នាក់ដែលត្រូវផលិតកម្មជ្រើសរើស គឺមិនព្រមលេងឡើយ ព្រោះអត់ចង់សម្ដែងចាប់ដៃប្រុសណាផ្សេង ក្រៅពីដៃគូយល់ចិត្ត។

ក្រៅពីស៊ីន យូប៊ីន តារាដែលវិវត្តន៍ខ្លួនក្លាយជាអ្នកដឹកនាំ(Director )ខ្លួនឯង មានដូចជាពេជ្រ សោភា,រ៉េត ស៊ូហ្សាណា ,នីកូ,ឆឹម សក្កដា និងលោកហ៊ុយ យ៉ាឡេង ជាដើម ដែលក្នុងចំណោមនោះមានតែលោកយ៉ាឡេង ម្នាក់ទេ ធ្លាប់រងការិះគន់ថាប្រកាសលក់ឡាន លក់ផ្ទះ យកលុយថតកុន ថ្ងូរខាតរហូត ប៉ុន្ដែបែជានៅតែធ្វើជាតួឯកខ្លួនឯងតទៅទៀត ទៅវិញ ៕


