ភ្នំពេញ៖សារ៉ាយ សក្ខណា សម្រាលកូនប្រុសហើយកាលពីថ្ងៃទី១ ខែ១១ ឆ្នាំ២០២៤ ដោយដាក់ឈ្មោះកែវ សុវណ្ណណាបុត្រ ហៅ Chandrik ។ តារារួមអាជីពជិតស្និតសក្ខណា បានលើកទឹកចិត្តមុនពេលនាងសម្រាល ធ្វើឲ្យសក្ខណា រីករាយខ្លាំង ។ប៉ុន្ដែមុនពពោះកូនទី៣ នេះសក្ខណា ថានាងចង់បានកូនភ្លោះ ដោយសារអត់ចង់បង្កើតកូនច្រើនដង បើបានម្ដងពីរល្អ តែបំណងធំមួយនេះនាងមិនទទួលបានជោគជ័យដូចក្ដីសុបិនក៍ដោយ ។

សូមបញ្ជាក់ថាសារ៉ាយ សក្ខណា បានចេញទៅរស់នៅអាមេរិកតាមប្ដីតាំងពីឆ្នាំ២០១៣ តែជិត២ឆ្នាំចុងក្រោយនេះនាងនាំប្ដីនិងកូនប្រុសស្រីមកនៅខ្មែរ ដែលមកលើកនេះនាងនៅយូជាងសព្វដងរហូតពពោះនិងត្រៀម សម្រាលនៅស្រុកកំណើតទៀតផង បើទោះជានាងមានសិទ្ធិចេញចូលនិងទៅរស់នៅអាមេរិក ហើយក្ដី។តែស្វាមីនាងលោកមេធាវីប៊ុន កែវមេត្រី ចុះឡើងៗពីខ្មែរទៅអាមេរិក ព្រោះលោកបានបើកគ្លីនិករក្សារសម្រស់មួយនៅខ្មែរម្ដុំទួលគោក ដែលពេលនេះសក្ខណា ជាអ្នកគ្រប់គ្រង។ក្រោយសម្រាលកូនទី៣ នាប៉ុន្មានថ្ងៃខាងមុខនេះគេជឿថាសក្ខណា អាចនឹងវិលរកអាជីពចាស់វិញនៅដើមឆ្នាំ២០២៥ ប៉ុន្ដែនាងអាចកាន់តែរយាលៗពីការសម្ដែងជាមិនខាន ព្រោះមិនអាចធ្វើជាតួឯកបានទៀតឡើយ គឺមានតែតួម្ដាយ តែខាងស្ពតពាណិជ្ជកម្មវិញនាងនៅតែបន្ដដូចមុន។

សារ៉ាយ សក្ខណា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកមេធាវីប៊ុន កែវមេត្រី កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ដែលចំណងស្នេហាជាង១០ឆ្នាំនេះ ទទួលបានចំណងដៃកូន២នាក់គឺកូនស្រីឈ្មោះMataysia អាយុជាង៨ឆ្នាំ និងកូនប្រុសឈ្មោះព្រីនស្ទីន អាយុជា៣ឆ្នាំ។នាងជាតារាទី៤ ហើយដែលមានស្វាមីនៅអាមេរិក តែនៅបន្ដអាជីពចាស់ដូចគ្នាទៅនិងអ្នកនាងអម្ពរ ទេវី ,នារីរ័ត្ន គន្ធា និងសុគន្ធ និសា ដែរ។ស្វាមីសក្ខណា លោកយល់ច្បាស់ពីអាជីពសិល្បៈ ពោលគឺចាប់ដៃគ្នាជាង១ទសវត្សន៍មកនេះ មិនដែលឭថាលោកប្រចណ្ឌប្រពន្ធជាមួ យតារាប្រុសរួមអាជីពដែលតែងតែលេងសើចជាមួយភរិយាលោកដោយភាពស្និតស្នាលនោះឡើយ ។ចំណែកសក្ខណា វិញមុនយកកូនទី៣ នាងក៍មិនបណ្ដោយខ្លួនឲ្យឡើងគីឡូជ្រុល ឬបែកសាច់ ដូចតារាមួយចំនួនទៀតដែលមានប្ដីនិងកូននោះទេ ទើបធ្វើឲ្យផលិតករភាពយន្ដពិបាកមើលរំលងពីទេពកោសល្យរបស់នាង ។

ក្រៅពីសារ៉ាយ សក្ខណា តារាដែលសម្រាលកូននៅឆ្នាំ២០២៤ នេះមានដូចជាឱក សុគន្ធកញ្ញា ,វ៉ាង ស្រីណូ ,គង់ ច័ន្ទរដ្ឋា និងសឹម សូលីកា ជាដើម ៕



