ភ្នំពេញ ៖ តារាចម្រៀង និងសម្តែង រូបស្រស់ សិចស៊ី ឆ័យលី ដាឡែន បន្ទាបបានពីលែងលះស្វាមីក្មេងមក ក្រោមហេតុផលរួមរស់មិនចុះសម្រុងគ្នាមក រហូតមកដល់ពេលនេះ តារាស្រីរូបនេះ នៅមិនទាន់បង្ហាញមុខគូស្នេហ៍ថ្មីនៅឡើយ តែនាងបែរជាបង្ហើបថា គ្មានពេលគិតរឿងស្នេហាទៀតទេ ព្រោះនាងគិតតែរឿងខំរកលុយ បង់សងធនាគារ ដើម្បីដោះបំណុលឲ្យស្រឡះខ្លួនប៉ុណ្ណោះ។

គួបញ្ជាក់ថា តារាចម្រៀងនិងសម្តែងសិចស៊ី ឆ័យលី ដាឡែន បន្ទាប់ពីរៀបការជាមួយសា្វមីវ័យក្មេង លោក រិទ្ធី ឧត្តមស៊ីដារ៉ា ទទួលបានចំណងដៃស្នេហា កូនប្រុស១ ស្រាប់តែបែកធ្លាយដំណឹងថា នាងបានលែងលះប្តីក្មេងនោះទៅហើយ។

តារាចម្រៀងស្រីស្រស់សម្រស់ឆើតរូបនេះ ធ្លាប់បានទម្លាយថា ស្នេហារវាងនាងនិងស្វាមី បានដល់ទីបញ្ចប់ ដោយសម្រេចចិត្តចែកផ្លូវដើរផ្សេងគ្នា ដោយសន្តិវិធី ហើយឆ័យលី ដាឡែន បានបញ្ជាក់ថា រវាងនាង និងអតីតស្វាមី គឺគ្មានអ្នកណាបែកចិត្តមានថ្មី មានអ្នកចាស់អីនោះទេ ហើយក៏អត់ឈ្លោះទាស់ទែងគ្នា វាយគ្ានអីនោះដែរ តែអាចនិយាយបានថា ដោយសារអស់និស្ស័យជាប្ដីប្រពន្ធ ទើបបានសម្រេចចិត្តចែកផ្លូវគ្នា។

តាំងពីលែងប្តី រហូតមកដល់ពេលនេះ គេមិនដែលឃើញឆ័យលី ដាឡែន បណ្តើរប្រុសណា ឬបង្ហាញមុខបុរស ថ្មីណាម្នាក់ ជាគូស្នេហ៍នោះទេ បើទោះបីជាមហជន អ្នកគាំទ្រជាច្រើនជឿថា ស្រីស្អាតដូចនាង នៅទំនេរមិន បានយូរទេ ច្បាស់ជាមានប្រុសៗជ្រួលជ្រើមចោមសុំស្នេហ៍មិនខាន។
ប៉ុន្តែទោះបីជាយ៉ាងណា ឆ័យលី ដាឡែន បានបញ្ជាក់នាពេលថ្មីៗនេះថា នាងគ្មានពេលគិតរឿងស្នេហាទៀតទេ ព្រោះគិតតែរឿងខំរកលុយ បង់សងធនាគារ ដើម្បីដោះបំណុលឲ្យស្រឡះខ្លួន។

ឆ័យលី ដាឡែន បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាងថា «មកដល់អាយុប៉ុណ្ណេះហើយ គឺគ្មានពេលវេលាគិតរឿងស្នេហាទេ មានតែពេលវេលារកលុយ ដើម្បីសងធនាគារចា៎! ព្រោះពេលយើងក្រ គ្មានគេមកសងធនាគារជំនួសយើងទេ ហើយក៏គ្មានអ្នកណាគេមកស្គាល់យើងដែរ ហើយពេលយើងធ្លាក់ខ្លួន ក៏គ្មានអ្នកណាគេរាប់យើងទេ តែបើយើងឈឺ ក៏គ្មានអ្នកណាមើលយើងដែរ»។

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឆ័យលី ដាឡែន បានបង្ហោះរូបភាពដ៏ស្រស់ស្អាតសិចស៊ីរបស់នាង ២សន្លឹក ជា មួយសំណេរថា «រត់មិនរួច ត្រូវដើរ ដើរមិនរួច ត្រូវវារ វារមិនរួច ត្រូវលូន។ ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ អ្នកត្រូវតែដើរទៅមុខជានិច្ច តែបើលូនមិនរួចទេ ដេកចឹងទៅ»៕ ខៀវទុំ