ភ្នំពេញ ៖ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យជាអ្នកគួកជេម៉ូតូ ចំនួន២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ឯកសារសាធារណៈក្លែង (ម៉ូតូពាក់ស្លាក លេខក្លែងក្លាយ) ដោយដកហូតបានម៉ូតូ ចំនួន២គ្រឿង ពាក់ស្លាកលេខមិនប្រក្រតី។
ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ធ្វើឡើងកាលពីវេលាម៉ោងប្រហែល១០និង៣០នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចបណ្តោយផ្លូវលេខ១៦០ ក្រុមទី១៧ ភូមិ០៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះផល សៀន ហៅសៀន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ ហៅម៉ូយលក់ម៉ូតូនិងបញ្ចាំម៉ូតូ ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវបេតុង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍ សែនជ័យ និងទី២-ឈ្មោះស មុន្នី ហៅមុន្នី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរហៅម៉ូយលក់ម៉ូតូនិងបញ្ចាំម៉ូតូ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ចំពោះវត្ថុតាងចាប់យក រួមមាន ម៉ូតូ ចំនួន២គ្រឿង ទី១-ម៉ាកហុងដា ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាក លេខ ភ្នំពេញ 1IM-2745 (ពាក់ស្លាកលេខមិនប្រក្រតី) និងទី២-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1JC-5174 (ពាក់ផ្លាកលេខមិនប្រក្រតី)។
ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕