ភ្នំពេញ៖ទេព បូព្រឹក្ស បានយកបទថ្មីរបស់ខ្លួន«Drama Queen » ឡើងឆាកកាលពីពេលថ្មីៗនេះដោយតុបតែខ្លួនប្លែកដាច់គេនោះគឺលេងឈុតក្បាលត្រយោលអត់សក់ធ្វើឲ្យគេចាប់អារម្មណ៍ទៅលើម៉ូដគ្មានសក់របស់នាងជាងចម្រៀង។ទោះជាយ៉ាងណាមួយបទនេះបូព្រឹក្ស ច្រៀងរ៉េប ដូចប្ដីរបស់នាងលោកងួន ចាន់ដេវីត ដែរដែលនេះជាវិធីស្ដារទីផ្សារចម្រៀងរបស់ខ្លួនឲ្យឆាប់ទទួលបានការចាប់អារម្មណ៍បន្ទាប់ពីសម្រាលបានកូនប្រុសមួយអាយុជាង១ឆ្នាំកន្លះ។គេជឿថាមានតែការច្រៀងរ៉េបទេ ដែលធ្វើឲ្យស្រីនិច្ច មិនសូវមានគួរប្រជែងច្រើន ព្រោះបើបទស្លូវបែបយុវវ័យនាងហាក់ពិបាកទប់ទល់តារាខ្លាំងៗទៀត ប៉ុន្ដែដើម្បីឲ្យកាន់តែទាក់ទាញនោះគឺច្រៀងរ៉េប ជាមួយប្ដីតែម្ដងទើបកាន់តែទាក់ទាញ។

អ្នកលេងបណ្ដាញសង្គមលើកឡើងថាបទចម្រៀងរបស់ទេព បូព្រឹក្ស «Drama Queen » ហាក់ចង់ផ្លែផ្កាឲ្យអ្នកណាម្នាក់ តែទាំងភ្លេង និងទំនុកច្រៀងគឺស្វាមីនាងជាអ្នករៀបចំឲ្យទាំងអស់ ហេតុនេះស្រីនិច្ច ទៅរួចឬអត់ក្នុងការវាយលុកទីផ្សារជាថ្មីនេះគេមានតែពឹងលើកណ្ដាប់ដៃស្វាមីនាងហើយ ។តែលោកដេវីត ធ្លាប់ប្រកាសថានឹងមិនមានការផលិតMV ចាយលុយទ្រង់ទ្រាយធំដូចបទ«ទេវរាជ » ទៀតឡើយ ។

ទេព បូព្រឹក្ស បាត់មុខពីឆាកតន្រ្ដីជិត១ឆ្នាំអំឡុងពេលនាងពពោះ និងសម្រាលកូនប្រុស ហើយពេលនេះនាងព្យាយាមសម្រកគីឡូឲ្យស្វែលវិញ ។ទោះជាយ៉ាងណាសម្រាប់ទីផ្សារអ្នកចម្រៀងដែលមានប្ដីនិងកូនហើយ ភាគច្រើនគឺមានតែនៅទ្រឹង ទៅមុខលែងរួច ឬលែងឡើង ។តែសម្រាប់ស្រីនិច្ច វិញនាងមានប្រៀបជាងតារាផ្សេងនោះគឺមានគូស្នេហ៍នៅក្រោយខ្នងជាអ្នកធ្វើបទឲ្យច្រៀង ហេតុនេះលោកដេវីត នឹងប្រឹងទាំងយប់ថ្ងៃ មិនបណ្ដោយឲ្យប្រពន្ធធ្លាក់កូដហៅលែងឭដូចប្រពន្ធតារាមួយចំនួនទៀតទេ ។

សូមបញ្ជាក់ថាទេព បូព្រឹក្ស -ងួន ចាន់ដេវីត បានចាប់ដៃគ្នាឈានចូលឆ្នាំទី៩ ហើយ ខណៈថ្ងៃខួបកំណើតដេវីត គម្រប់៣០ឆ្នាំ នៅថ្ងៃទី៥ តុលា នេះស្រីនិច្ច រក្សាបំណងដូចឆ្នាំចាស់ ពោលគឺអរគុណប្ដីដែលចូលមកជីវិតនាង និងចង់ឲ្យបំណងប្ដីបានសម្រេច ពេញមួយជីវិត ជួបតែរឿងល្អៗ ហើយនាងចង់ឲ្យប្ដីនៅក្បែខ្លួនជារៀងរហូត ។ស្រីនិច្ច ក៍បានបង្ហោះរូបថតជាឈុតប្រពៃណី អាពាហ៍ពិពាហ៍ ជាមួយដេវីត ផងដែរ ដែលបញ្ជាក់ថានាងចង់រៀបការ ដូចដែលនាងរំឭកដេវីត កាលពីពេលថ្មីៗនេះ ។ប៉ុន្ដែគួរឲ្យស្ដាយដេវីត បានឆ្លើយមុននេះតបទៅនាងហើយថាលោកចង់ឲ្យនាងពពោះកូនស្រីមួយទៀត ពោលគឺអត់បានសន្យាថានឹងរៀបការនៅពេលណានោះទេ ។

ក្រៅពីទេព បូព្រឹក្ស តារាដែលពូកែតុបតែងខ្លួនប្លែកៗមានដូចជានាងយូរី ,បេប៊ី និងមាស សុខសោភា … និងតារាដែលអាចច្រៀងរ៉េប បានដូចនាងដែរគឺមានតែពេជ្រ សោភា ,សួស វីសា ,ឈីន រតនៈ និងកែវ ច័ន្ទដាលីន ជាដើម។សម្រាប់បូព្រឹក្ស វិញនាងអាចនឹងយកកូនស្រីម្នាក់ទៀតតាមបំណងប្ដី ព្រោះស្រីនិច្ច ធ្លាប់ប្រាប់ថាមុនពេលសម្រាលកូនប្រុសAlbert នាងត្រូវបានលោកដេវីត ថ្នាក់ថ្នមហួសការំពឹងទុកទៅទៀត ហេតុនេះបើសិនជាមានកូន២ វិញច្បាស់ជាលោកប្ដីទុកនាងជាព្រះនាងជាមិនខាន ។យ៉ាងណាថ្ងៃខែឆ្នាំណា ទើបលោកដេវីត ព្រមក្រាបផ្ទឹមជាមួយនាងនោះនៅតែគ្មានដំណឹងច្បាស់ការដដែល ក្រោយពីបានដឹកដៃគ្នាទៅថតPre Wedding នៅកោះម៉ាល់ឌីវ កាលពីឆ្នាំ២០១៩ ហើយស្ងាត់ដំណឹងរៀបការដល់ពេលនេះ។អ្នកខ្លះសង្ស័យថាស្រីនិច្ច និងដេវីត បានចុះអេតាស៊ីវិលជាមួយគ្នាតាំងពីមុនយកកូនម្លេះ តែបញ្ហានេះបូព្រឹក្ស ថានាងមិនអាចនិយាយបានទេ ព្រោះរឿងខ្លះអាចនិយាយបាន រឿងមួយចំនួនមិនអាចនិយាយប្រាប់អ្នកកាសែតបានទេ ៕



