ភ្នំពេញ៖នាដការីដ៍ស្រស់សោភាសុខគា គីមលាង បានលេចមុខថតជាMV លើកដំបូងជាមួយតារាចម្រៀងរ៉េបលោកម៉ាន់ វណ្ណដា ដែលតាមរយៈការបញ្ចេញវីដេអូខ្លីៗពីអ្នកលេងតិកតុកខ្លះ គេមើលសឹងតែមិនស្គាល់ថាតួឯកស្រីក្នុងបទចម្រៀងនោះគឺជាកញ្ញាគីមលាង ឡើយ ព្រោះការតុបតែងខ្លួនវិលទៅរកសម័យឆ្នាំ២០០០ ហើយកន្លងមកគេមិនដែលឃើញនាងស្លៀកពាក់បែបនោះទេ ពិសេសគឺម៉ូដសក់ និងការផាត់មុខជាដើម ។ប្រភពបានឲ្យដឹងថាគីមលាង បានលះបង់ច្រើនចំពោះMV មួយនោះដូចជាការកាត់សក់ និងការMake Up ទៅតាមសម័យកាល ដែលនាងមិនធ្លាប់ប្រើពីមុន តែមានទស្សនិកជនជាច្រើនបានសរសើរនាដការីរូបនេះថាជាអ្នកសិល្បៈដែលអាចសម្ដែងបានជាច្រើនទម្រង់មិនថាបុរាណ សម័យ គឺនាងអាចបត់បែនទៅតាមពេលវេលាបានទាំងអស់ ។

អ្នកយកព័តមានយើងបានទាក់ទងតាមទូរស័ព្ទទៅកញ្ញាសុខគា គីមលាង ប៉ុន្ដែត្រូវបាននាដការីរូបស្រស់ថាមិនទាន់អាចនិយាយអ្វីទាំងអស់ទាក់ទងMV ថ្មីរបស់នាងដែលមានការចែកចាយនៅលើបណ្ដាញសង្គមនោះ ។យ៉ាងណានាងថាពីមុនមកមិនធ្លាប់ថតMV បទលោកវណ្ណដា ទេ មានតែថតបទប្រពៃណីចូលឆ្នាំខ្មែរឲ្យបទលោកនីកូ និងលោកព្រីន ប៉ុណ្ណោះ ។

ការលេចមុខក្នុងMV ថ្មីរបស់នាដការីសុខគា គីមលាង នេះចំពេលដែលនាងទើបបានថតបញ្ចប់ភាពយន្ដខ្នាតធំមួយឲ្យLD ក្នុងអាជីពដំបូងរបស់ខ្លួនផងដែរ ខណៈដែលនាងប្រកាសថាចាប់ពីពេលនេះតទៅនាងនឹងទទួលថតសម្ដែងភាពយន្ដ និងMV ដើម្បីទុកជាឯកសារ បន្ទាប់ពីមានផលិតករ និងអ្នកដឹកនាំរឿងសឹងគ្រប់ផលិតកម្មបានទាក់ទងនាងថតរឿងនិងខារ៉ាអូ តែត្រូវខកខាន ដោយសារតែពេលនោះនាងមមាញឹកច្រើន ដកឃ្លាមិនរួច។គីមលាង ថានាងមិនប្រកាន់ទាល់តែជាតួឯកទើបថតនោះទេ ប៉ុន្ដែឲ្យតែរឿងនោះនាងពេញចិត្តតួអង្គខ្លួនដែលត្រូវសម្ដែងល្អ ដូចនាងចង់បាន នាងអាចថតបានហើយ ។ដោយឡែកសម្រាប់ពិធីបុណ្យអុំទូកនាពេលខាងមុខនេះនាងថាក៍បានត្រៀមខ្លួនធ្វើអ្វីដែលថ្មី និងប្លែកផងដែរ ប៉ុន្ដែទោះជាយ៉ាងណាក៍ទៅមិនឆ្ងាយពីរបាំបុរាណដែលជាជំនាញរបស់នាងដែរ ។


សុខគា គីមលាង ហៅKon Ant ឬកូនស្រមោច អាយុ២៥ឆ្នាំ កម្ពស់១,៧០ម៉ែត្រ ទម្ងន់៥០ គ.ក្រ ហាត់របាំបុរាណរយៈពេល១៥ឆ្នាំ ពោលគឺតាំងពីអាយុ៩ឆ្នាំ ម្លេះទើបពេលនេះក្លាយទៅជាគ្រូបង្រៀន របាំបុរាណ និងរបាំព្រះរាជទ្រព្យនៅសាលាមធ្យមវិចិត្រសិល្បៈ។នាងជាមុខសញ្ញានៃការចង់បានរបស់អ្នកដឹកនាំភាពយន្ដ ប៉ុន្ដែនាងតាំងចិត្តថានឹងមិនលេងរឿងណាដែលមានភាពស៊ិចស៊ីជាដាច់ខាត ព្រោះចង់រក្សារទម្រង់ជានាដការីម្នាក់ បើទោះជាមានការលើកឡើងថាគីមលាង នឹងពិបាកគេចឈុតស្នេហា ឬឈុតអោបថើប ប្រសិនបើនាង លេងអាជីពនេះពេញទំហ៊ឹង គឺជៀសមិនរួចពីឈុតពិសេសនេះក៍ដោយ ។ប៉ុន្ដែគេចាំមើលថាគីមលាង ដែលចាប់ដៃវណ្ណដា លើកដំបូងក្នុងMV ដែលតាមព័តមានថាFull Mv នឹងចេញនៅមុនពិធីបុណ្យអុំទូកនាងនឹងប្រែប្រួលយ៉ាងណាក្នុងការតែងខ្លួនវិលទៅរកសម័យកាលជាង២ទសវត្សន៍មុននេះ ?ដោយឡែកទាក់ទងរឿងស្នេហាវិញកញ្ញាគីមលាង តែងតែថានាងមិនទាន់ម្ចាស់ចិត្តឡើយ ស្របពេលនៅតាមបណ្ដារកម្មវិធីសិល្បៈមួយចំនួនគេក៍មិនដែលឃើញនាងបណ្ដើរបុរណរូបណាបែបគូស្សារដែរ ។គេចាំមើលថាបេះដូងដ៍ក្រហមឆ្អិនឆ្អៅរបស់នាដការីរូបស្រស់នេះបុរសណាទៅដែលមានសំណាងក្លាយជាម្ចាស់ស្នេហ៍នាង ?




