ភ្នំពេញ៖រយៈពេលជាង៥ឆ្នាំមកហើយដែលលោកប៉ុន សុណារិន ហៅខេម ជ្រកនៅGalaxy ហើយឆ្នាំដំបូងលោកគឺជាតួឯក ប៉ុន្ដែជិត៤ឆ្នាំចុងក្រោយនេះខេម បែជាឈនៅលេខរៀងទី៣ និងមានពេលខ្លះពិបាកទប់លំនឹងខ្លួនទៀតផង ។ទោះជាយ៉ាងណាខេម ហាក់ទទួលស្គាល់ថាលោកជាសិស្សប្អូន ព្រោះមិនហ៊ានប្រជែងជាមួយព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ទេ ហើយក៍មិនដែលលេចឭថាលោកត្រៀមដើរចេញពីGalaxy ដើម្បីទៅជ្រកនៅទ្រនុំថ្មីធ្វើជាតួឯកដូចកាលអំឡុងនៅថោន ឡើយ ។អ្វីដែលគួរឲ្យកត់សម្គាល់ខេម គ្មានដំណឹងនឹងឡើងជាឧកញ៉ាឆាប់ៗឡើយ បើទោះជាព្រាប សុវត្ថិ នឹងខេមរៈ សិរីមន្ដ បានទទួលគោរម្យងារមួយនេះមុនលោកមួយជំហ៊ានក្ដី ។ប៉ុន្ដែតាមជីវភាពរបស់ខេម អាចនឹងមានលទ្ធភាពទិញគោរម្យងារឧកញ៉ាតម្លៃ៥០ម៉ឺនដុល្លារ និងបង់ពន្ធចូលរដ្ឋចំនួន៨ពាន់ដុល្លារក្នុង១ឆ្នាំនោះ ព្រោះតារាចម្រៀងស្អករូបនេះមានដីធ្លីមួយចំនួនៅជាយក្រុងដែលមានតម្លៃសែនដុល្លារ គ្រាន់តែកន្លងមកលោកមិនចេះអួតអាងដូចគេទេ ខណៈដែលអាជីពចម្រៀងវិញលោកនៅតែអាចរកចំណូលបានជាច្រើនម៉ឺនដុល្លារក្នុងរដូវក្ដៅ។

អ្នកយកព័តមានយើងបានទូរស័ព្ទទៅខេម កាលពីពេលថ្មីៗនេះ តែតេមិនចូលឡើយ ទើបមិនទាន់បានចម្លើយពីលោកសុណារិន រឿងមិនព្រមឡើងឧកញ៉ា ។ប៉ុន្ដែតាមប្រភពថាខេម យល់ឃើញដូចនាយពាក់ម៉ី ពោលគឺបើឡើងជាឧកញ៉ាខេម ខ្លាចអ្នកធ្លាប់ជួលលោកទៅច្រៀង លែងហ៊ានហៅច្រៀងដូចមុនទើបបានជាធ្វើឲ្យលោកណារិន នៅរារែកចិត្តបែបនេះ ព្រោះជាក់ស្ដែងតាំងពីព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ក្លាយទៅជាឧកញ៉ាមក តារាទាំងពីរក៍មិនសូវសកម្មក្នុងការរាំច្រៀងដូចមុនដែរ ប៉ុន្ដែលុយចេះតែកើនឡើងទៅវិញ ។

យ៉ាងណាមិនមែនតែខេម ម្នាក់ទេ ព្រោះតារាGalaxy ម្នាក់ទៀតដែលគេរំពឹងថានឹងក្លាយជាឧកញ៉ាដែរនាពេលខាងមុខដែរនោះគឺលោកខាន់ជេមស៍ ក៍នៅតែមិនទាន់ឡើងជាឧកញ៉ាដូចគ្នា ខណៈដែលលោកសាន ផានិត ដែលគេហៅថាជា«ឧកញ៉ាក្បាលគីប » បានប្រាប់អ្នកយកព័តមានយើងថាបើមានគេហៅឲ្យគោរម្យងារឧកញ៉ា ក៍លោកមិនយកដែរ ព្រោះតែលោកថាឧកញ៉ាមួយចំនួនពេលនេះមានរឿងអាស្រូវច្រើនពេក ។ប៉ុន្ដែលោកផានិត ថាបើគោរម្យងារនោះថ្លៃថ្នូរ ត្រូវពលរដ្ឋគោរពដូចលោកឧកញ៉ាទេព ផន ជាដើមនោះលោកពេញចិត្តនឹងទទួលយក។

គួរបញ្ជាក់ថាគិតមកដល់ឆ្នាំ២០២៤ នេះមានតារានិងអតីតតតារា៥ដួងមកហើយដែលឡើងជាឧកញ៉ាក្នុងនោះគឺលោកទុំ សារុត ហៅឧកញ៉ាឃ្លោក,លាន អាហ្វ្រីលគីនីន ,ព្រាប សុវត្ថិ,ខេមរៈ សិរីមន្ដ និងលោកប៊ុនថុល ប៊ុនថង ហៅថមមី ។សម្រាប់ខេម វិញបើសិនជាលោកនៅតែបន្ដច្រៀងឲ្យGalaxy តទៅទៀតនោះទោះជាលោកមិនប្រញ៉ាប់ឡើងឧកញ៉ា ក៍ថៅកែនឹងជួយជ្រោមជ្រែងឲ្យលោកទទួលបានគោរម្យងារនេះដូចគ្នាទៅនិងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដែរជាមិនខាន ។

ខេម ក្លាយទៅជាប្រធានក្រុមបាល់ទាត់តារាកម្ពុជា ហើយពេលនេះលោកបានដឹកនាំក្រុមធ្វើកម្មវិធីសប្បុរសធ័មជាបន្ដបន្ទាប់ មិនផ្ដោតលើអាជីពចម្រៀងតែមួយច្រកទេ ។លោកខេម ថាចាប់ពីខែ១១ ដល់ខែ៤ លោកគ្មានគម្រោងចេញទៅច្រៀងនៅក្រៅស្រុកឡើយ ព្រោះថាបណ្ដារConcerts មួយចំនួន គេបានកក់លោកច្រៀងជាច្រើនកម្មវិធីហើយ ។ដោយឡែកទាក់ទងរឿងចំណងស្នេហាជាមួយនារីអាណិកជនខ្មែរមកពីបារាំងអ្នកនាងស្រីកា វិញខេម ធ្លាប់ប្រាប់ថានឹងរៀបការនាពេលឆាប់ៗ តែលោកថាមិនអាចប្រាប់ពីពេលវេលាជាមុនបានទេ ប៉ុន្ដែលោកនឹងហៅអ្នកសារព័តមានឲ្យចូលរួមមង្គលការរបស់លោកដោយរីករាយ ។លោកថាចំណងស្នេហាឆ្លងទ្វីពជិត១០ឆ្នាំមកនេះលោកមានអារម្មណ៍ថាកក់ក្ដៅខ្លាំងណាស់ ព្រោះមានប្រពន្ធចេះយល់ចិត្ត ហើយនាងស្រលាញ់ប្រទេសកម្ពុជាខ្លាំង បើទោះជានាងកើតនិងរស់នៅបារាំងតាំងពីតូចក្ដី ៕


