Sunday, November 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទណ្ឌិតជិត៤០០នាក់ បន្ធូរបន្ថយនិងលើកលែងទោស

ទណ្ឌិតជិត៤០០នាក់ បន្ធូរបន្ថយនិងលើកលែងទោស

ភ្នំពេញ ៖ ក្នុងចំណោមទណ្ឌិត ៦៧១នាក់ មានទណ្ឌិតចំនួន ៣៩០នាក់ ត្រូវបានបន្ធូរបន្ថយ និងលើកលែងទោស នៅក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នេះ។

លោកកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។

គណៈកម្មការថ្នាក់ជាតិ បានពិនិត្យនិងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស សរុបចំនួន ៦៧១នាក់ (ស្រី៥៩នាក់) ក្នុងនោះសម្រាប់ពិធីបុណ្យឯករាជ្យជាតិ មានទណ្ឌិត ចំនួន៣៦៣ នាក់ (ស្រី២៨នាក់) និងសម្រាប់ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានទណ្ឌិត ចំនួន៣០៨នាក់ (ស្រី៣១នាក់) ដែលទទួលបានពីពន្ធនាគាររាជធានី ខេត្ត ចំនួន២២ មណ្ឌលអប់រំកែប្រែចំនួន៤ និងមណ្ឌលយុវនីតិសម្បទា។

ជាលទ្ធផល នៃកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ បានពិនិត្យនិងវាយតម្លៃឃើញថា ទណ្ឌិត ដែលមានលក្ខណ សម្បត្តិនិងលក្ខខណ្ឌគ្រប់គ្រាន់ ដែលអាចទទួលបានការបន្ធូរបន្ថយទោស និងការលើកលែងទោស មានចំនួន ៣៩០នាក់ (ស្រី៣៥នាក់) ក្នុងនោះរួមមាន ៖ ១-ទណ្ឌិតចំនួន ៣០៤នាក់ (ស្រី២៤នាក់) អាចទទួលការបន្ថយទោស រយៈពេល៣ខែ។ ២-ទណ្ឌិតចំនួន៨១នាក់ (ស្រី១១នាក់) អាចទទួលការបន្ថយទោស រយៈពេល៦ខែ។ ៣-ទណ្ឌិតចំនួន៤នាក់ អាចទទួលការបន្ថយទោស រយៈពេល៩ខែ និង៤-ទណ្ឌិតចំនួន១នាក់ អាចទទួលការលើក លែងទោស។

ដោយឡែកចំពោះទណ្ឌិត ចំនួន២៨១នាក់ (ស្រី២៤នាក់) ផ្សេងទៀត ដែលគណៈកម្មការថ្នាក់ជាតិ បានពិនិត្យនិងវាយតម្លៃឃើញថា ពុំអាចទទួលការបន្ធូរបន្ថយទោស និងការលើកលែងទោសបាន គឺសុទ្ធតែជាទណ្ឌិតដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងសាហាវឃោរឃៅ ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន ករណីក្មេងទំនើង ករណីឃាតកម្ម ករណីជួញដូរមនុស្ស ករណីរំលោភសេពសន្ថវៈលើអនីតិជន និងករណីឪពុក ឬជីតា រំលោភសេពសន្ថវៈលើកូន ឬចៅរបស់ខ្លួន ជាដើម៕

RELATED ARTICLES