ខេត្តស្ទឹងត្រែង ៖ ក្រុមក្មេងស្ទាវ ចំនួន៩នាក់ ជាមុខសញ្ញាសកម្មដើរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងតែងធ្វើសកម្មភាពបង្ហោះម៉ូតូ បង្កអសន្តិសុខសណ្ឋាប់ធ្នាប់នៅតាមទីសាធារណៈ ធ្វើឱ្យជាពលរដ្ឋភ័យខ្លាចជារៀង រាល់ថ្ងៃ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង ស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។
ក្រុមជនសង្ស័យទាំង៩នាក់ខាងលើ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឡាយ ថៃស៊ីម ភេទប្រុស មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក។ ទី២-ឈ្មោះធី ចាន់ធា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។ ទី៣-ឈ្មោះរិទ្ធ តាវ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរិទ្ធីសែនជ័យ ឃុំអូស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ ៤-ឈ្មោះចរន្ត ហៀង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកាចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង។ ទី៥-ឈ្មោះអែន ខុន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកាចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង។ ទី៦-ឈ្មោះឡាំង សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។ ទី៧-ឈ្មោះសម្បត្តិ វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។ ទី៨-ឈ្មោះជិន សុខសាន្ត ភេទប្រុស មុខរបរមិនពិតប្រាកដ រស់នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង និងទី៩-ឈ្មោះរិទ្ធី លីនដារស្មី ភេទប្រុស មុខរបរមិនពិតប្រាកដ រស់ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
លោកឈូក កុម៉ល់ អធិការនគរបាលក្រុងស្ទឹងត្រែង បានបញ្ជាក់ប្រាប់ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ក្រុមក្មេងស្ទាវទាំង៩នាក់ ខាងលើ គឺជាមុខសញ្ញាសកម្មដើរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងតែងធ្វើសកម្ម ភាពបង្ហោះម៉ូតូ បង្កអសន្តិសុខ សណ្ឋាប់ធ្នាប់ នៅតាមទីសាធារណៈ ធ្វើឱ្យជាពលរដ្ឋភ័យខ្លាចជារៀងរាល់ថ្ងៃ។
លោកអធិការ បន្តថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ និងការបង្ហាញពីកង្វល់របស់ប្រជាពលរដ្ឋ ជុំវិញបញ្ហាក្រុមក្មេងស្ទាវខាងលើ សមត្ថកិច្ចជំនាញ បានចុះប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបក្រុមជនសង្ស័យខាងលើ នាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕