សិង្ហបុរី៖ ការនាំចេញរបស់ប្រទេសសិង្ហបុរីបានបន្តរើបឡើងដដែលក្នុងខែមករាដើមឆ្នាំ២០១៧នេះស្របពេលដែលការបញ្ជូនទំនិញក្នុងស្រុកក្រៅពីផលិតផលប្រេងទៅបរទេសកើនឡើងខ្លាំងប្រមាណជា៨,៦%ពីមួយឆ្នាំទៅមួយឆ្នាំហួសពីការរំពឹងទុក ស្របពេលដែលការលក់ចេញទៅកាន់ទីផ្សារចិនរក្សាកំណើនខ្លាំងក្លា។
តួលេខនេះតាមពីក្រោយកំណើននៃការនាំចេញផលិតផលក្រៅពីប្រេង ៩,១%ដែលសម្រេចបានក្នុងខែធ្នូនិងការកើនឡើង១៥,៦%ក្នុងខែវិច្ឆិកា។
ការវិភាគដែលស្ទង់មតិដោយសារព័ត៌មាន Reuters បានបង្ហើបឲ្យដឹងថាការនាំចេញក្រៅពីប្រេងរបស់សិង្ហបុរីនឹងពង្រីកបាន៧%ក្នុងខែមករា។ ខណៈអត្រាពីមួយខែទៅមួយខែដោយផ្អែកតាមមូលដ្ឋានកែសម្រួលតាមរដូវកាល ការនាំចេញបានកើនឡើង៥%ក្នុងខែមករាឆ្នាំ២០១៧ ដែលផ្ទុយពីការថយចុះ២,៤%កាលពីខែមុន។
ការនាំចេញទៅកាន់ប្រទេសចិនដែលជាទីផ្សារធំជាងគេបំផុតតែមួយរបស់សិង្ហបុរី បានកើនឡើង៣៦,៩%ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែមករាខណៈកំណើនខែធ្នូសម្រេចបានត្រឹមតែ២៣,៧%ប៉ុណ្ណោះ ។
ចំណែកអ្នករួមវិភាគទានដ៏ធំជាងគេបំផុតដទៃទៀតក្នុងការពង្រីកការនាំចេញរបស់សិង្ហបុរីគឺកោះតៃវ៉ាន់កើន ៧៥,៣% និងកូរ៉េខាងត្បូងកើន ៥១,៥% ។ ផលិតនាំចេញក្រៅពីប្រេងដែលភាគច្រើននាំចេញទៅកាន់ទីផ្សារធំៗចំនួន១០របស់សិង្ហបុរីបានកើនឡើងផងដែរក្នុងខែមករា លើកលែងតែសហគមអឺរ៉ុបនិងម៉ាឡេស៊ី។ ទាំងការនាំចេញគ្រឿងអេឡិចត្រូនិកនិងក្រៅពីគ្រឿងអេឡិចត្រូនិកបានកើនឡើងក្នុងខែមករាដែលពង្រីកកំណើនពីខែមុន ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា