Wednesday, November 13, 2024
Homeព័ត៌មានសិល្បៈ អតីតារាភាពយន្ត សុខ ស្រីមុំ បងស្រីជីដូនមួយ ប្រកាសរក

 អតីតារាភាពយន្ត សុខ ស្រីមុំ បងស្រីជីដូនមួយ ប្រកាសរក

ខេត្តកំពង់ឆ្នាំង ៖ អតីតតារាភាពយន្តដ៏ល្បីល្បាញ នាអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ អ្នកស្រីសុខ ស្រីមុំ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ត្រូវបងស្រីជីដូនមួយ ប្រកាសរក ព្រោះបានបែកគ្នាតាំងពីឆ្នាំ១៩៧៩ មិនដែលបានជួបគ្នា ហើយក៏មិនដឹងថាប្អូនស្រីជីដូនមួយរូបនេះ រស់នៅទីណាពិតប្រាកដ ។

 ស្រ្តីជាបងស្រីជីដូនមួយរបស់អតីតតារាភាពយន្ត សុខ ស្រីមុំ មានឈ្មោះ ខន ហ៊ីម អាយុជិត៦៨ឆ្នាំ រស់នៅភូមិឧទម្ពរ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សូមបញ្ជាក់ថា ថ្មីៗនេះ មានស្ត្រីម្នាក់ ដែលអះអាខ្លួនជាបងស្រីជីដូនមួយរបស់អ្នកស្រីសុខ ស្រីមុំ អតីតតារាភាពយន្ត បានប្រកាសដំណឹងតាមបញតាញសង្គម ស្វែងរកប្អូនស្រី សុខ ស្រីមុំ ដែលមានឈ្មោះដើមថា ខន អ៊ីម ហៅខ្លឹង ថា “ដំណឹងស្វែងរកសាច់ញតិ  សូមជួយស៊ែរដំណឹងនេះផង ឲ្យឣតីតតារាភាពយន្ត ឣ្នកនាង សុខ ស្រីមុំ បានដឹងផង ។  ឣ៊ំស្រី ខន ហ៊ីម បានឣះឣាងថា គាត់ត្រូវជាបងជីដូនមួយរបស់ឣ្នកនាង សុខ ស្រីមុំ ដែលមានឈ្មោះដើមថា ខន ឣ៊ីម (ហៅខ្លឹង) ដែលបានបែកគ្នាតាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ ។ បើតាមគេប្រាប់ថា ឣ្នកនាង សុខ ស្រីមុំ បានព្យាយាមស្វែងរកគ្រួសារ សាច់ញាតិដែរ នៅពេលបានមកលេងស្រុកខ្មែរ ម្តងៗ តែមិនបានដំណឹងពិតប្រាកដនោះទេ មានតែពឹងបងប្ឣូនទាំងឣស់គ្នាជួយស៊ែរដំណឹងនេះផង ឣរគុណទុកជាមុន…“។

 បន្ថែមលើសំណេរប្រកាសរកតាមបណ្ដាញសង្គម ខាងលើនេះ អ្នកស្រី ណយ លួន អាយុ៥៣ឆ្នាំ រស់នៅភូមិប្រសិទ្ធ ឃុំប្រស្និត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលត្រូវជាក្មួយស្រីរបស់ស្រ្តីឈ្មោះ ខន ហ៊ីម និងត្រូវជាក្មួយរបស់អ្នកស្រីសុខ ស្រីមុំ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ការដែលក្រុមគ្រួសារ សាច់ញាតិរបស់អ្នកស្រី សុខ ស្រីមុំ ប្រកាសដំណឹងរកអ្នកស្រីសុខ ស្រីមុំ នោះ មិនមានបំណងចង់បានលុយកាក់ ឬចង់បានការជួយផ្នែកជីវភាពពីអ្នកស្រីសុខ ស្រីមុំ នោះទេ គឺគាន់តែចង់ធ្វើតាមបណ្ដាំរបស់លោកតា ស៊ូ ធួង ឪពុករបស់អ្នកស្រី សុខ ស្រីមុំ ដែលមុនធ្វើមរណភាព នៅឆ្នាំ២០០៧ បានផ្ដាំមីង ខន ហ៊ីម ដែលត្រូវជាក្មួយ ដែលគាត់រស់នៅជាមួយនោះ ឲ្យជួយតាមស្វែងរកប្អូនស្រីជីដូនមួយ ដែលត្រូវជាកូនរបស់គាត់ ឲ្យឃើញផង ដើម្បីឲ្យបានស្គាល់សាច់ញាតិ ។

 អ្នកស្រី លួន ណយ បានឲ្យដឹងថា កាលពីបែកសម័យប៉ុល ពត ឆ្នាំ១៩៧៩ ឪពុករបស់អ្នកស្រីសុខ ស្រីមុំ និងកូន បានបែកគ្នា គឺអ្នកស្រីសុខ ស្រីមុំ ជាកូន បានរត់មកតាមម្ដាយនៅឯភ្នំពេញ ឯគាត់ជាឪពុក បានទៅរស់នៅជាមួយក្មួយស្រី ឈ្មោះ ខន ហ៊ីម ។ នៅពេលនោះ ឪពុករបស់អ្នកស្រីសុខ ស្រីមុំ បានព្យាយាមតាមស្វែងរកកូនរហូត ស្ទើរគ្រប់ទីកន្លែង រហូតដល់គាត់ចាញ់បោកគេ អស់គោទៀតផង ដោយសារតែគេកុហកថា កូនស្រី រស់នៅម្ដុំនេះ រស់នៅម្ដុំនោះ តែពេលទៅរកមិនឃើញសោះ គឺបានត្រឹមតែដំណឹងថា ប្រពន្ធរបស់គាត់ដែលជាម្ដាយរបស់អ្នកស្រីសុខ ស្រីមុំ បានស្លាប់ហើយ ឯកូនស្រី មិនដឹងនៅទីណា គឺគ្រាន់តែឮថា កូនស្រី នៅអា មេរិក ។ ដូច្នេះហើយ នៅមុនពេលទទួលមរណភាព លោកឪពុករបស់អ្នកស្រី សុខ ស្រីមុំ បានផ្ដាំក្មួយស្រីឈ្មោះ ខន ហ៊ីម ថាត្រូវតែរកដំណឹងប្អូនស្រីឲ្យឃើញ ដើម្បីឲ្យនាងដឹងថា បើទោះបីអត់ពីឪពុកម្ដាយទៅ ក៏នៅមានបងប្អូន សាច់ញាតិ នៅរស់ដែរ ។ 

ស្រី្តដែលអះអាងជាក្មួយរបស់អ្នកស្រី សុខ ស្រីមុំ បានឲ្យដឹងទៀតថា ក្នុងការធ្វើតាមបណ្ដាំឪពុកអ្នកស្រីសុខ ស្រីមុំ នេះ កាលពីឆ្នាំ២០២១ មានលោកតាម្នាក់ ឈ្មោះហ៊ាង ខុន រស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានមកលេងខេត្តកំពង់ឆ្នាំង ជាស្រុកកំណើត ហើយបានសួរអ្នកស្រុកថា តើមានដឹងថា ត្រកូលតា ខន យាយជា នៅរស់ទេ? ព្រោះក្នុងការរស់នៅសហរដ្ឋអាមេរិក អ្នកស្រីសុខ ស្រីមុំ ក៏បានព្យាយាមស៊ើបសួរដំណឹងបងប្អូនដែរ រហូតបានផ្ដាំតាមគាត់ថា បើទៅដល់ខេត្តកំពង់ឆ្នាំង ជួយរកត្រកូលរបស់អ្នកស្រីផង ឬបានជួបសាច់ញាតិបងប្អូនអ្នកស្រី ជួយប្រាប់ផង តើនៅរស់ប៉ុន្មាននាក់? អ្នកស្រីនឹងមកជួបនៅថ្ងៃណាមួយ ។ ប៉ុន្តែអ្នកស្រុក មិនបានហៅពួកគាត់ជាបងជីដូនមួយ និងជាក្មួយអ្នកស្រីសុខ ស្រីមុំ ទៅជួបតាហ៊ាន ខុន ទេ ថែមទាំងកុហកថា ត្រកូលតា ខន យាយជា ស្លាប់អស់ហើយ ទាំងដែលប្អូនសាច់ញាតិដែលត្រូវជាកូនចៅតា ខន យាយជា (ឪពុកម្ដាយរបស់ឪពុកសុខ ស្រីមុំ ) នៅរស់ជាច្រើននាក់ ។ អ្នកស្រីបន្តថា ព្រោះតែហេតុនេះហើយ ទើបចូលមកដល់ឆ្នាំ២០២៤ នេះ អ្នកស្រី និងមីង ខន ហ៊ីម ព្រមទាំងបងប្អូនឯទៀត បានកាន់រូបថតអ្នកស្រីសុខ ស្រីមុំ ថតបង្ហោះ ប្រកាសតាមបណ្ដាញសង្គម ដើម្បីឲ្យបានឃើញដល់អ្នកស្រីសុខ ស្រីមុំ នៅឯនាយសមុទ្រ បានឃើញថា សាច់ ញាតិ បងប្អូនរបស់អ្នកស្រី នៅរស់នៅទេ បើមិនជឿ ធ្វើដំណើរមកស្រុកខ្មែរ ហើយទៅរកនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នឹងបានជួបពួកគាត់ជាក្មួយនិងជាបងជីដូនមួយហើយ ។

 ជាចុងក្រោយ អ្នកស្រី ណយ លួន បានបញ្ជាក់ផ្ដាំផ្ញើទៅអ្នកស្រីសុខ ស្រីមុំ ជាម្តាយមីងថា “ចា! ការចង់ជួបមីង សុខ ស្រីមុំ អត់មានបំណងសំខាន់អ្វីទេ ឬគ្មានបំណងចង់បានលុយកាកគាត់អីទេ គ្រាន់តែចង់ប្រាប់ថា បំណាច់ តែឪពុកគាត់ដែលជាតាទួតខ្ញុំហ្នឹង គាត់ផ្ដាំមក ឲ្យរកបង រកប្អូនអ៊ីចឹងទៅ ទើបពួកខ្ញុំព្យាយាមតាមរក រហូតបានទាក់ទងអ្នកស្រី ចាន់ តារាទី ដែលជាតារាភាពយន្តជើងចាស់ ធ្លាប់សម្ដែងជាមួយមីងសុខ ស្រីមុំ នោះទៀតផង ដើម្បីជួយប្រាប់ថា ត្រកូល បងប្អូនរបស់គាត់ នៅរស់ទេ ហើយនៅរស់ច្រើននាក់ទៀតផង ។ ដូច្នេះជាចុង ក្រោយ តាមកាសែត “នគរធំ” ខ្ញុំសុំផ្ដាំជំនួសមីង ខន ហ៊ីម ទៅដល់មីង សុខ ស្រីមុំ ថា ការដែលមីង ខន ហ៊ីម ត្រូវជាបងជីដូនមួយរបស់មីងសុខ ស្រីមុំ បានស្វែងរកប្អូនជាយូរហើយ ដូចជាពាក្យគាត់និយាយក្នុងការបង្ហោះ វីដេអូតាមហ្វេសប៊ុក អ៊ីចឹង គឺស្វែងរកយូរហើយ ។ បើមីងសុខ ស្រីមុំ បានដឹងដំណឹងដែលមីង ខន ហ៊ីម ហើយនិងខ្ញុំ ស្វែងរកគាត់ហើយ ឬបានឮសំឡេងបងប្អូនទាំងប៉ុន្មាន សូមទទួលស្គាល់ថា បងប្អូនផង ព្រោះជាបងប្អូនពិតប្រាកដ មិនបោកប្រាស់ទេ គឺត្រកូលតា ខន យាយជា ដែលត្រូវជាឪពុកម្ដាយតាស៊ូ ធួង ហៅចិន ហ្នឹង“ ៕ កុលបុត្រ

RELATED ARTICLES