ខេត្តស្វាយរៀង ៖ ក្រុមគ្រួសារមួយ កំពុងរស់នៅក្នុងជីវភាពទីទ័លក្រផង ស្រាប់តែអកុសល ត្រូវភ្លើងឆាបឆេះបំផ្លាញផ្ទះអស់ទៀត ធ្វើឱ្យម្ចាស់ផ្ទះបានត្រឹមឈរស្រែកទ្រហោយំ ខណៈដែលសូម្បីតែជញ្ជូនរបស់របរអ្វីចេញក៏មិនទាន់ផង។
ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង០៥នាទីព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចនៅក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត។
តាមប្រភពពលរដ្ឋជាអ្នកភូមិ បានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះខាងលើ មានឈ្មោះសៅ សារ៉ាន់ រស់នៅផ្ទះកើតហេតុ ដែលសង់ពីឈើ ជញ្ជាំងនិងដំបូលប្រក់ស័ង្កសី ទំហំ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ក្នុងស្ថានភាពជីវភាពក្រខ្សត់ខ្លាំងណាស់។
ប្រភពដដែល បន្តថា នៅមុនពេលកើតហេតុ ខណៈដែលម្ចាស់កំពុងនៅផ្ទះតែម្នាក់ឯង ស្រាប់តែទុស្សេខ្សែភ្លើង ធ្វើឱ្យកើតមានការឆាបឆេះរាលពេញផ្ទះទាំងមូល ហើយភ្លាមនោះ ជនរងគ្រោះជាម្ចាស់ផ្ទះព្យាយាមជញ្ជូនអ៊ីវ៉ាន់ចេញបានមួយចំនួនតូច រួចស្រែកឆោឡោហៅអ្នកស្រុក ឱ្យជួយ តែទម្រាំពលរដ្ឋ និងសមត្ថកិច្ចទៅដល់ ភ្លើងលេបត្របាក់ផ្ទះអស់ទៅហើយ ដោយសារឆេះលឿនពេក ធ្វើឱ្យម្ចាស់ផ្ទះ បានត្រឹមឈរស្រែកយំ សម្លឹងមើលអណ្តាតភ្លើងដែលកំពុងលេបត្របាក់ផ្ទះរបស់ខ្លួនប៉ុណ្ណោះ។
ពលរដ្ឋជាអ្នកភូមិ បានបញ្ជាក់ថា ពិតជាគួរឱ្យអាណិតដល់ជនរងគ្រោះជាម្ចាស់ផ្ទះនេះណាស់ កំពុងតែមានជីវភាពទីទ័លក្រ ជួបការលំបាកផង បែរជាត្រូវបានភ្លើងឆេះផ្ទះអស់ខានជ្រកទៀត សូម្បីតែអ៊ីវ៉ាន់ជញ្ជូនចេញមិនទាន់ផង៕