ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងរយៈពេល ៥ ខែ ក្នុងឆ្នាំ២០២៤ មន្ត្រីជលផល សហការជាមួយសមត្ថកិច្ចនៅទូទាំងប្រទេស បានធ្វើការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល សម្រេចបានលទ្ធផលសរុប ១៥០៦ករណី ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងរដូវបិទនេសាទ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលជលផល និងកម្លាំងអន្តរាគមន៍ថ្នាក់ជាតិ ដោយមានការចូលរួមពីគណៈបញ្ជាការឯកភាពខេត្ត ស្រុក និងសមត្ថកិច្ចពាក់ ព័ន្ធ បានទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល ទូទាំងប្រទេស សម្រេចបានលទ្ធផលសរុប ១៥០៦ករណី ក្នុងនោះ រឹបអូសនិងបំផ្លាញចោលវត្ថុតាង បាន ១៤១០ករណី បញ្ជូនទៅតុលាការ ៥៦ករណី ជនល្មើសជាប់ពន្ធនាគារ ១៥នាក់ និងពិន័យអន្តរការណ៍ ៤០ករណី ស្មើទឹកប្រាក់ពិន័យ ១៦១ ៦៩១ ០០០រៀល។
វត្ថុតាងបទល្មើសសំខាន់ៗដែលបានរឹបអូសនិងបំផ្លាញចោល មានជាអាទិ៍ ៖ របាំងស្បៃមុងនិងសាច់អួន ប្រវែង ៧៩២ ៩៣៨ម៉ែត្រ ឧបករណ៍ឆក់ត្រី ចំនួន ៤៥៩គ្រឿង ក្នុងនោះតាមរយៈការស្ម័គ្រចិត្តប្រគល់ ចំនួន ១៦៥គ្រឿង អូនអូសទឹកសាប និងអូនហ៊ុម ១០៦វង់ និងបង្ក្រាបទីតាំងផលិត ចែកចាយឧបករណ៍ឆក់ ៣កន្លែង ព្រមទាំងបានចាក់លែងកូនត្រីចម្រុះ ប្រមាណ ១០០លានក្បាល ស្មើនឹងជាង ៤០តោន ចូលក្នុងទៅក្នុងដែនទឹកធម្មជាតិវិញ។
តាមរយៈសមិទ្ធផលនេះ បរិមាណត្រីក្នុងធម្មជាតិ ចាប់ផ្តើមកើនឡើងគួរកត់សម្គាល់។ ទន្ទឹមនេះ សត្វផ្សោត ទន្លេមេគង្គក៏មានការកើន ឡើងផងដែរ គឺពី៩០ក្បាល នៅឆ្នាំ២០២២ ដល់១០៤ក្បាល គិតត្រឹមខែតុលា ឆ្នាំ២០ ២៤។ ការកើនឡើងនូវធនធានជលផលនេះ ក៏ជាលទ្ធផល នៃការចូលរួមពីប្រជានេសាទនិងអ្នកពាក់ព័ន្ធនានា ដែលបានសហការផ្តល់ព័ត៌មាន ទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ ព្រមទាំងលែងប្រភេទវារីសត្វកម្រ ត្រីមេពូជ ចូលទៅក្នុងដែនទឹកធម្មជាតិវិញ ដើម្បីថែរក្សាធនធានជលផលឱ្យបានគង់វង្ស។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងលើកទឹកចិត្តចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផលដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញបទល្មើស នេសាទ សូមមេត្តាសហការផ្តល់ព័ត៌មានដល់មន្ត្រីជល ផល ឱ្យបានទាន់ពេលវេលា តាមរយៈទូរសព្ទលេខ ៖ 012 911 411/099 791 1919/012 778 968/011 522 226។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការថែរក្សា ការពារ និងអភិរក្សធនធានជលផល ធ្វើឡើងដើម្បីធានានូវនិរន្តរភាពធនធានជលផលក្នុងធម្មជាតិ និងនិរន្តរភាពស្បៀងសម្រាប់ប្រជាជនកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ វាក៏រួមចំណែកលើកកម្ពស់កិត្យានុភាព របស់កម្ពុជា នៅលើឆាកអន្តរជាតិ ក្នុងការងារអភិ រក្សធនធានជលផលដ៏កម្រ ដែលសឹងតែបាត់បង់ ឬបានបាត់បង់រួចទៅហើយនៅប្រទេសមួយចំនួន លើសកលលោក៕