ភ្នំពេញ ៖ អាជ្ញាធរសង្កាត់ចាក់អង្រែក្រោម បានចេញសេចក្តីជូនដំណឹងដល់បងប្អូនដែលរស់នៅក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ ដែលប៉ះពាល់គម្រោងធ្វើស្ពានឆ្លងកាត់ទន្លេបាសាក់ មេត្តារួសរាន់ក្នុងការរុះរើផ្ទះ ក្នុងអំឡុងពេល១០ ថ្ងៃគិតចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ទៅ។
លោកជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានបញ្ជាក់ប្រាប់ថា បច្ចុប្បន្នការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេ បាសាក់ បានដំណើរការសាងសង់លើផ្ទៃទឹក និងបន្តមកឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះមកភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ហើយប៉ះចំលំនៅឋានបងប្អូនប្រជាពលរដ្ឋ ចំនួន៦៩ដីឡូត៍ និងខ្នងផ្ទះ។ចំពោះដីនិងផ្ទះដែលប៉ះពាល់ ក៏ទទួលបានសំណងពីរដ្ឋ ដូច្នេះពេលផុតបុណ្យអុំទូក ដល់ពេលបើកការដ្ឋានសាងសង់ស្ពាន ប៉ែកដីគោកហើយ។ ដូច្នេះសូមបងប្អូនរូតរះរុះរើឱ្យទាន់ពេល ដើម្បីឱ្យការសាងសង់បានរួចរាល់តាមការគ្រោងទុក។
គួរបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឈនភាពការងារបាន ១៤,៥០ភាគរយ។
ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលចំណាយថវិកាសរុបប្រមាណ ៦០,២លានដុល្លារ។ គម្រោងស្ពានដែលប្រើប្រាស់ឥណទានសម្ប ទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅពេល សាងសង់រួច នឹងជួយកាត់បន្ថយការកកស្ទះចរា ចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិ តេជោក្រុងតាខ្មៅ កាត់ បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្ម នៅក្នុងតំបន់រាជធានីភ្នំពេញ៕