Wednesday, November 13, 2024
Homeព័ត៌មានជាតិកូនផ្សោតថ្មី ១ក្បាល កើតនៅអន្លង់ផ្សោតកាំពី

កូនផ្សោតថ្មី ១ក្បាល កើតនៅអន្លង់ផ្សោតកាំពី

ភ្នំពេញ ៈ កូនផ្សោត កើតថ្មីមួយក្បាលទៀត ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះ មានសុខភាពល្អប្រសើរ និងស្ថិតក្នុងហ្វូងផ្សោតធំៗចំនួន២ទៀត។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នេះគឺជាកូនផ្សោតទី៩ ដែលបានកើតនៅក្នុងឆ្នាំ២០២៤ ជាអត្រាកំណើតច្រើន ពុំធ្លាប់មានទេ បើគិតចាប់តាំងពីឆ្នាំ ២០២១មក។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កាលពីឆ្នាំ២០២១ កម្ពុជាមានកូនផ្សោតកើតថ្មីចំនួន៦ក្បាល និងផ្សោតស្លាប់ ចំនួន៩ក្បាល។ នៅឆ្នាំ២០២២ ផ្សោតកើតថ្មីមានចំនួន៦ក្បាល និងស្លាប់ទៅវិញចំនួន ១១ក្បាល។ ចំណែកឆ្នាំ២០២៣ មានផ្សោតកើតចំនួន ៨ក្បាល និងស្លាប់ចំនួន៥ក្បាល និងនៅឆ្នាំ២០២៤ គិតត្រឹមដើមខែវិច្ឆិកា ផ្សោតកើតមានចំនួន៩ក្បាល និងស្លាប់ទៅវិញចំនួន ៣ក្បាលប៉ុណ្ណោះ។

ផ្សោត ជាសម្បត្តិដ៏កម្រមួយ ហើយក៏ត្រូវបានចាត់ទុកជាសម្បត្តិជលផលដ៏ពិសេសក្នុងដងទន្លេមេគង្គរបស់កម្ពុជា ផងដែរ។ ក្នុងរយៈពេល ប៉ុន្មានឆ្នាំក្រោយនេះ ផ្សោតបានរងការគំរាមកំហែងខ្លាំង ដោយសារសកម្មភាពបទល្មើសនានា ជាពិសេសបទល្មើសឆក់តែម្តង។ ឆ្លើយតបបញ្ហានេះ នៅខែមករា ឆ្នាំ២០២៣ សម្តេចហ៊ុន សែន ក្នុងឋានៈជានាយក រដ្ឋមន្ត្រី របស់កម្ពុជា នាពេលនោះ បានប្រកាសដាក់ចេញវិធានការក្តៅ ដោយឱ្យអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ រួមគ្នាទប់ស្កាត់បទល្មើសនានា ដើម្បីការពារផ្សោតឱ្យមានប្រសិទ្ធភាព។

ផ្តើមចេញពីបទបញ្ជាក្តៅរបស់សម្តេច នាពេលនោះ អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ ជាពិសេសក្រុមឆ្មាំទន្លេ បានធ្វើការងារល្បាត និងបង្ក្រាបបទល្មើសនានាយ៉ាងសស្រាក់សស្រាំ។ ជាពិសេសបានប្រឹងប្រែងបង្ក្រាបបទល្មើសឆក់ ដែលត្រូវបានរកឃើញថា ជាមូលហេតុចម្បងនាំឱ្យផ្សោតងាប់ និងប៉ះពាល់ដល់ការបង្កកំណើត។

តាមរយៈកិច្ចប្រឹងប្រែងទាំងនេះ ធ្វើឱ្យស្ថានភាពរបស់ផ្សោតមានកំណើននៃកំណើតឡើងវិញ ហើយអត្រាស្លាប់ក៏មានការថមថយផងដែរ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អរគុណឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សា និងការពារ ធនធានជលផល ដែលជារតនាសម្បត្តិរបស់ជាតិដ៏មានតម្លៃ។

ក្រសួងក៏បានអំពាវនាវដល់ប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ 012 897 943, 011 355 883, 099 791 919, 092 918 144 nig 017 818 382 ៕

RELATED ARTICLES