Thursday, November 21, 2024
Homeព័ត៌មានជាតិឡាន ខ.ម បុកគេរត់ ខ្ទេចឡាន៣គ្រឿង

ឡាន ខ.ម បុកគេរត់ ខ្ទេចឡាន៣គ្រឿង

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត ១គ្រឿងពាក់ស្លាកលេខ ខេមរភូមិន្ទ ជ្រុលចង្កូតទៅបុករថយន្តទំនើប ១គ្រឿង បណ្តាលឱ្យរងការខូចខាតធ្ងន់ ចំណែករថយន្តបង្កហេតុ មិនបានឈប់ដោះស្រាយទេ បែរជាព្យាយាមបើករត់គេច រួចជ្រុលទៅបុករថយន្ត ១គ្រឿងទៀត បណ្តាលឱ្យរងការខូចខាតថែម ១តង់ទៀត ហើយបន្តបើករត់គេចទៅមុខទៀតដែរ តែត្រូវកម្លាំងសមត្ថកិច្ច ប្រដេញតាមឃាត់ខ្លួនអ្នកបើកបររថយន្ត យកទៅសាកសួរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ត្រូវថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ កែងផ្លូវលេខ៩២ ត្រង់ចំណុចស្តុប៩២ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តទំនើប ១គ្រឿងម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BZ-3783 បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយស្ត្រីម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវ៩២ ទិសដៅពីលិច មកកើតក្នុងល្បឿនមធ្យម លុះមកដល់ចំណុចស្តុប៩២ បានឆ្លងផ្លូវ ក្នុងអំឡុងពេលនោះដែលស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាក Toyota Hilux Revo ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ០៩ ២-៣២២១ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន ធ្វើដំណើរតាមបណ្តោយ ផ្លូវភ្នំពេញ-ហាណូយ ទិសដៅពីត្បូង មកជើង លុះធ្វើដំណើរដល់ចំណុចកើតហេតុ បួងចង្កូតទៅបុករថយន្ត RANGE ROVER ដែលឆ្លងកាត់ផ្លូវចំពីហៀងខាងឆ្វេងកង រុញខ្ទប់ឡើងលើសួនផ្លូវបណ្តាលឱ្យដាច់កាឡេកង់រថយន្តចេញពីគ្នា ចំណែករថយន្តបង្កហេតុ មិនបានឈប់ដោះស្រាយទេ បានបន្ថែមលឿនរថយន្តឆ្ពោះទៅតាមផ្លូវភ្នំពេញ-ហាណូយ ទៅមុខបានប្រហែលជាង១គីឡូម៉ែត្រ ក៏បានបុករថយន្ត ១គ្រឿង ទៀតម៉ាក KIA Morning ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-4616 ដែលបើកដោយស្ត្រីម្នាក់ ដែលកំពុងឆ្លងកាត់ផ្លូវ បណ្តាលឱ្យរថយន្តរងការខូចខាតផ្នែកពីមុខយ៉ាងដំណំ។ ចំណែកម្ចាស់រថយន្តបង្កហេតុ នៅតែព្យាយាមបើករត់ តែត្រូវកម្លាំងសមត្ថកិច្ចធ្វើការប្រដេញឃាត់ខ្លួនអ្នកបើកបរបាន រួចនាំយកទៅប៉ុស្តិ៍នគរបាលឃ្មួញដើម្បីសាកសួរ។ ដោយឡែករថយន្តដែលបង្កហេតុ រងការខូចខាតផ្នែកពីមុខយ៉ាងដំណំ និងបែកធុងទឹក។ តែយ៉ាងណាក្តី ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនមានអ្នកណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង រួចអូសយករថយន្តទាំង ៣គ្រឿង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តទាំងសងខាងចូលខ្លួនមកដោះស្រាយតាមច្បាប់៕

RELATED ARTICLES