ភ្នំពេញ ៖ បុរសជនជាតិចិន ម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក បើករថយន្តតាមផ្លូវសុខៗ កើតមានជម្លោះជាមួយប្រពន្ធ ស្រាប់តែខឹងសម្បា បើករថយន្តយ៉ាងលឿន បំបុកចូលស្ថានីយប្រេងឥន្ធនៈ មួយកន្លែង បណ្តាលឱ្យរងការខូចខាត និងភ្ញាក់ផ្អើលទាំងកណ្តាលយប់។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង១១នាទីយប់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចស្តុប២៤ម៉ោង តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ កែងនឹងផ្លូវឧកញ៉ាម៉ុងឫទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក Lexus LM-350 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BX-3080 បើកបរក្នុងល្បឿនលឿន ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ទិសដៅពីជើង ទៅត្បូង ខណៈមកដល់ចំណុចស្តុប២៤ម៉ោង រថយន្តខាងលើបានបួងចង្កូតមកបុកផ្លាកប៉ាណូស្ថានីយប្រេងឥន្ធនៈ លីហ៊ាង ភ្នំពេញ បណ្តាលឱ្យបាក់បង្គោលស្លាកប៉ាណូ និងរបង ជាច្រើនផ្ទាំង រងការខូចខាត ចំណែករថយន្តបង្កហេតុ ក៏រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។
ប្រភពដដែល បន្តថា ក្នុងអំឡុងពេលមុនកើតហេតុ នៅក្នុងរថយន្តបង្កខាងលើ គេឃើញបុរសជាជនជាតិចិន បានឈ្លោះប្រកែកគ្នាជាមួយនឹងប្រពន្ធ នៅពេលកំពុងបើកបរ តែមិនដឹងឈ្លោះប្រកែករឿងអ្វីនោះទេ ស្រាប់តែបើកមកដល់ចំណុចស្តុប បួងចង្កូតមួយទំហឹង បុកចូល ស្ថានីយប្រេងឥន្ធនៈតែម្តង។
ភ្លាមៗបុរសនិងស្ត្រីជនជាតិចិនខាងលើ បានចុះពីលើរថយន្ត រួចឡើងជិះរថយន្ត ១គ្រឿងទៀតគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញផ្នែកចរាចរណ៍ បានចុះមកធ្វើការវាស់វែង និងអូសយករថយន្តបង្កហេតុ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំស្រាវជ្រាវរកម្ចាស់រថយន្ត មកដោះស្រាយតាមនីតិវិធី៕